អាន​ដំបូន្មាន​របស់​អ្នក​ជំនាញ ​៣​រូប​នេះ​អ្នក​នឹង​ដឹង​ថា ទិញ​រថយន្ត​ខាត​បង់​អ្វី​ខ្លះ​



រថយន្ត​ថ្មីៗ​​ទំនើប​ៗ​គួរ​ឲ្យ​ទាក់ទាញ ឃើញ​ហើយ​អ្នក​ណា​មិន​ចង់​បាន។ ​អ្វី​ដែល​សំខាន់​ត្រង់​ថា តើ​មាន​​លទ្ធភាព​ទិញ​ឬ​អត់? បើ​មាន​​លទ្ធភាព​​អាច​ទិញ​បាន​​មិន​សូវ​ចោទ​ជា​បញ្ហា​នោះ​ទេ ខ្លាច​តែ​​គ្មាន​លុយ ប៉ុន្តែ​ចិញ្ចឹម​ចិត្ត​នៅ​តែ​ចង់​បាន សុខចិត្ត​បង់ ​រំលោះ អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​បាន​ជិះ។

តើ​នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​វៃឆ្លាត​​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ឬ​​ទេ​? ជុំវិញ​ប្រធានបទ​នេះ អ្នក​ជំនាញ​ហិរញ្ញវត្ថុ​៣​រូប​បាន​លើក​មូលហេតុ​សំខាន់ៗ​ដូច​ខាងក្រោម​នេះ​ដើម្បី​ចែករំលែក​ដល់​ប្រិយមិត្ត៖​

១.ដំបូន្មាន​របស់​សេដ្ឋី​កាណាដា​លោក Kevin O'Leary លោក Kevin O'Leary[/caption] លោក Kevin O'Leary បាន​​លើក​ឡើង​ដូច្នេះ​​ថា៖« បើ​​អ្នក​ទិញ​រថយន្ត​ អ្នក​ត្រូវ​ចាំ​ថា របស់​ហ្នឹង​​វា​មិន​ចំណេញ​ទេ​។ ពេល​ទិញ​​រថយន្ត​ យើង​ត្រូវ​ការ​ថែទាំ ទិញ​​ធានារ៉ាប់រង ចំណាយ​លុយ​លើ​ថ្លៃ​សាំង ហើយ​តម្លៃ​វា​ធ្លាក់​ចុះ​ទៀត​ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​យើង​ខាត​លុយ។ បើ​បង់​រំលោះ​​រថយន្ត​​ទៀត អ្នក​នឹង​ខាតបង់​ច្រើន​ណាស់​ ព្រោះ​តម្លៃ​វា​​ធ្លាក់​ចុះ​រហូត​ ​ហើយ​​ត្រូវ​បង់​ការ​ប្រាក់​​ទៀត អញ្ចឹង​​ទាំង​ការ​ទាំង​ដើម​គឺ​​​កាន់តែ​ច្រើន។ ឧទាហរណ៍​ថា បើ​​យើង​ទិញ​រថយន្ត​​តម្លៃ ២៥ ០០០ ដុល្លារ មួយ​ឆ្នាំ​ក្រោយ​មក តម្លៃ​វា​អាច​ធ្លាក់​ចុះ​ដល់ ២០ ០០០ ឬ ក្រោម​នឹង​ក៏​ថា​បាន តែ​សរុប​ទាំង​ការ​ទាំង​ដើម​វិញ​អាច​ដល់​ទៅ ៣០ ០០០ ដុល្លារ​ឬ​ក៏​ថា​បាន​»។ សេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ថា យល់​ល្អ​​អ្នក​គួរ​​​ប្រើ​មធ្យោបាយ​សាធារណៈ​ដូច​ជា​រថយន្ត​ក្រុង ឬ​​​ប្រើ​សេវាកម្ម​ឯកជន​ដូច​ជា Uber ជា​ដើម។ បើ​គិត​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ទាំង​នេះ ប្រៀបធៀប​ទៅ​នឹង​ការ​ទិញ​រថយន្ត​​បង់​រំលោះ​ អ្នក​នឹង​សង្កេត​ឃើញ​ថា ចំណាយ​រថយន្ត​គឺ​មាន​ចំនួន​ច្រើន​ណាស់។ ការ​ចំណាយ​លុយ​ដ៏​​​ឆ្លាតវៃ គឺ​ត្រូវ​មាន​គោលដៅ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ដូច​ជា លុយ​ណា​សម្រាប់​សង​បំណុល និង​លុយ​ណា​​ជា​លុយ​​​សន្សំ​សម្រាប់​អនាគត​ជា​ដើម មិនមែន​ទិញ​របស់​ដែល​អ្នក​មិន​ចាំបាច់​នោះ​ទេ។

២.សេដ្ឋី​អាមេរិក​លោក David Bach «គ្មាន​អី​ខាត​​លុយ​ជាង​ទិញ​រថយន្ត​ទេ»។ នេះ​ជា​ការ​​​លើក​ឡើង​របស់​សេដ្ឋី David Bach​ ។ លោក​​​​ថា ទិញ​រថយន្ត​​ថ្មីៗ​គឺ​ជា​ការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​អន់​បំផុត​មួយ​ជា​ពិសេស​បើ​អ្នក​នៅ​ក្មេង។ ​អ្នក​មិន​ត្រូវ​ឲ្យ​របស់​ទាំង​នេះ​មក​ថ្ពក់​​​ជីវិត​អ្នក​​ទាំង​ងងឹតងងុង​នោះ​ទេ ព្រោះ​អ្នក​​ត្រូវ​ធ្វើ​រឿង​មាន​តម្លៃ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត។ លោក​បាន​​ចោទ​សួរ​ដូច្នេះ​ទៀត​ថា៖« មនុស្ស​ជា​ច្រើន​សុខចិត្ត​ខ្ចី​លុយ​ដើម្បី​​ទិញ​របស់​ផ្សេងៗ។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​អ្នក​ខ្លះ​​​ហ៊ាន​ខ្ចី​លុយ​គេ​ទៅ​ទិញ​របស់​ដែល​ធ្លាក់​ថ្លៃ​ពី​ ២០ ទៅ ៣០% ​​ត្រឹម​មួយប៉ប្រិចភ្នែក​អញ្ចឹង?»។ លោក​ផ្តល់​ដំបូន្មាន​ថា ពេល​បង់​រំលោះ​ត្រូវ​គិត​ពី​​ហានិភ័យ​នៃ​ការ​ខាតបង់​ប្រាក់កាក់​ដូច​ជា​​ការ​ចំណាយ​លើ​អត្រា​ការប្រាក់​​នៅ​ក្នុង​រយៈពេល​វែង។ ឧទាហរណ៍​ថា ចំណាយ​ ៥០០ ដុល្លារ​មួយ​ខែ​ ដូចនេះ​មួយ​ឆ្នាំ​អ្នក​ត្រូវ​បង់ ៦ ០០០ ដុល្លារ​ដែល​នេះ​មិន​ទាន់​រាប់​បញ្ចូល​ការ​ចំណាយ​លើ​ថ្លៃ​សាំង និង​ធានារ៉ាប់រង​ផង។ អ្នក​ត្រូវ​ប្រៀបធៀប​ថា តើ​​ទិញ ឬ​មិន​ទិញ​រថយន្ត​វា​ចំណេញ និង​ខាត​អ្វី​ខ្លះ? បើ​ខាត​ជាង​ចំណេញ អ្នក​មិន​គួរ​ទិញ​ឡើយ។

៣.អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ​លោក​ស្រី Suze Orman  លោកស្រី Suze Orman វិញ​​បាន​លើកឡើង​ប្រហាក់ប្រហែល​នឹង​ទស្សនៈ​របស់​អ្នក​ជំនាញ​ខាង​លើ​ដែរ។ លោក​ស្រី​ថា ខុស​ពី​ផ្ទះ រថយន្ត​ធ្លាក់​ថ្លៃ​រហូត។ តម្លៃ​វា​មិន​ដែល​ឡើង​ទេ​ឲ្យ​តែ​ទិញ​ហើយ វា​ធ្លាក់​ថ្លៃ​ពី​១០% ២០% ហើយ​​ធ្លាក់​ថ្លៃ​មិន​ដាច់​។ លោក​ស្រី​បាន​ផ្តល់​​ដំបូន្មាន​ឲ្យ​​​ទិញ​រថយន្ត​មួយ​ទឹក​វិញ ហើយ​មិន​គួរ​ទិញ​រថយន្ត​បង់​រំលោះ ឬ ជួល​រថយន្ត​​ទេ​បើ​អ្នក​គ្មាន​លុយ ព្រោះ​អ្នក​ត្រូវ​បង់​ថ្លៃ​ច្រើន​ណាស់។ ​ប៉ុន្តែ​បើ​អ្នក​នៅ​តែ​ចចេស​ចង់​ទិញ លោក​ស្រី​ថា អ្នក​គួរ​បង់​រំលោះ​ឲ្យ​ក្រោម​៣​ឆ្នាំ​បាន​ហើយ បើ​លើស​ពី​នេះ​មានន័យ​ថា អ្នក​​នឹង​គ្មាន​លទ្ធភាព​ទិញ​រថយន្ត​ដែល​អ្នក​នឹង​ចង់​ទិញ​​នោះ​។ លោកស្រី Suze ផ្តល់​យោបល់​ដូច្នេះ​ទៀត​ថា៖« ពេល​អ្នក​មាន​លទ្ធភាព​ទិញ​រថយន្ត​បាន ត្រូវ​ទុក​ប្រើ​ឲ្យ​បាន​យូរ​ឆ្នាំ បើ​​ប្រើ​បាន​ដល់​១០​ឆ្នាំ ឬ​លើស​នេះ​កាន់តែ​ល្អ។ នេះ​ជា​អ្វី​ដែល​អ្នក​មាន​គេ​បាន​ធ្វើ។ អ្នកមាន​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ស្គាល់ ពួកគេ​ប្រើ​រថយន្ត​ពី​៥ ឆ្នាំ ១០ ឆ្នាំ ឬ ២០​ឆ្នាំ ក៏​មាន​ដែរ។ នេះ​ជា​របៀប​​​ចាយ​លុយ​ដែល​ធ្វើ​ឲ្យ​​អ្នក​មាន គេ​មាន​លុយ​​»

ដោយ៖ សូរ៉ាន់ដា

X
5s