វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ​



ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុន ផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញភ្នាក់ងារជាង ៦០០០កន្លែង បានសហការជាមួយក្រុមហ៊ុន Western Union ដែលជាក្រុមហ៊ុននាំមុខគេផ្នែកសេវាផ្ទេរប្រាក់ឆ្លងកាត់ប្រទេស ដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការទទួលបានប្រាក់ពីគ្រប់ប្រទេសនៅជុំវិញពិភពលោក។ កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់អតិថិជនរបស់ វីង នៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលប្រាក់ពីជាង​ ២០០ ប្រទេសនៅតាមបណ្តាញភា្នក់ងាររបស់ វីង ដែលមានដាក់ស្លាកសញ្ញាបម្រើសេវាកម្មរបស់ Western Union ដែលនៅជិតពួកគេបំផុត។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា "វីង មានមោទនភាពណាស់ចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Western Union ដោយហេតុថា កិច្ចសហការនេះនឹងផ្តល់ភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អតិថិជន ក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេស ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស និងមានបំណងចង់ផ្ទេរប្រាក់ ទៅកាន់ក្រុមគ្រួសារនៅកម្ពុជា"។ លោក ម៉ាឡូឡូស បន្ថែមរួចបន្តទៀតថា “ទឹកប្រាក់ដែលផ្ទេរមកពីក្រៅប្រទេស គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ, ការអប់រំ, ការថែទាំសុខភាព និងសេវាកម្មជាច្រើនទៀត។ ទោះជាយ៉ាងនេះក្តី ពលករចំណាកស្រុក រមែងមានការព្រួយបារម្ភជាច្រើន នៅពេលពួកគេផ្ញើប្រាក់មកផ្ទះតាមរយៈសេវាឬបណ្តាញដែលមិនស្របច្បាប់ ដែលតែងតែមានតម្លៃសេវាខ្ពស់ ហើយជាទូទៅ មិនបានផ្តល់ជូននូវទំនុកចិត្តខ្ពស់ឡើយ។ កត្តានេះបានក្លាយជាបន្ទុកបន្ថែមមួយទៀតពីលើសេចក្តីនឹករលឹកដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ កិច្ចសហការនេះ នៅតែស្ថិតនៅក្នុងចក្ខុវិស័យរបស់ វីងចំពោះការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូនប្រជាជនកម្ពុជា នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយតំលៃសមរម្យនិងងាយស្រួល ថែមទាំងធ្វើឲ្យប្រសើរឡើង នូវកម្រិតជីវភាពរស់នៅរបស់ពួកគេ”។ លោក ម៉ាឡូឡូស បានបន្ថែមទៀតថា “ការបង្កើនប្រសិទ្ធភាពនៃសេវាផ្ទេរប្រាក់អន្តរជាតិ នឹងរួមចំណែកយ៉ាងធំធេងដល់ការកាត់បន្ថយភាពក្រីក្រ ហើយត្រូវបានគេរំពឹងថា នឹងផ្តល់ជាឱកាសសម្រាប់វិនិយោគិនបរទេសក្នុងការស្វែងរកឱកាសអាជីវកម្មផ្សេងៗ នៅក្នុងប្រទេសផងដែរ”។ លោក Atish Shrestha នាយកប្រចាំតំបន់របស់ក្រុមហ៊ុន Western Union ប្រចាំតំបន់ឥណ្ឌូចិន បានថ្លែងថា “យើងមានសេចក្តីរីករាយ ក្នុងការពង្រីកសេវាកម្មរបស់យើង នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនអតិថិជននូវវិធីងាយៗក្នុងការទទួលបានប្រាក់ និងធ្វើការផ្សារភ្ជាប់ពួកគេទៅគ្រប់ប្រទេស នៅក្នុងពិភពលោក។ យើងរីករាយក្នុងការស្វាគមន៍នូវវត្តមាន វីងមកចូលរួមជាមួយក្រុមគ្រួសារ និងជាបណ្តាញភ្នាក់ងាររបស់ Western Union”។ លោក Atish Shrestha បន្ថែមទៀតថា “នៅក្នុងពិភពលោកមួយ ដែលពោរពេញទៅដោយឱកាស ដែលគ្មានដែនកំណត់គ្មានអ្វីសំខាន់ជាង ការផ្ទេរប្រាក់ជុំវិញពិភពលោក ដែលមាន ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពនោះទេ។ ខណៈពេលដែលប្រជាជនកម្ពុជា កាន់តែច្រើនផ្លាស់ទៅរស់នៅក្រៅបរទេស ហើយត្រូវផ្តល់ការឧបត្ថម្ភ ត្រលប់ឲ្យគ្រួសាររបស់ពួកគេនៅស្រុកកំណើតវិញនោះ។ យើងពិតជារីករាយ ក្នុងការសហការជាមួយ វីង និងផ្តល់ឲ្យអតិថិជន នូវមធ្យោបាយផ្ទេរប្រាក់ដែលមានភាពងាយស្រួល និងផ្តល់នូវទំនុកចិត្តខ្ពស់ ដល់ពួកគេ"។ យោងតាមរបាយការណ៍ របស់អង្គការពលកម្មអន្តរជាតិ និងអង្គការអន្តោប្រវេសន៍អន្តរជាតិ ដែលមានចំណងជើងថា “ហានិភ័យនិងរង្វាន់៖ លទ្ធផលនៃការធ្វើចំណាកស្រុកកម្លាំងពលកម្ម នៅអាស៊ីអាគ្នេយ៍” បានសរសេរថា សេវាកម្មផ្ទេរប្រាក់ (ដូចជា Western Union) គឺជា ជម្រើសប្រើប្រាស់ច្រើនបំផុត សម្រាប់ពលករចំណាកស្រុកកម្ពុជា (៤៤%) ដោយបានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃសេវាកម្មផ្ទេរប្រាក់ ដែលប្រកបដោយប្រសិទ្ធភាព។ ចំណែករបាយការណ៍ស្តីពីការធ្វើចំណាកស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភពលោកវិញ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ នៅលំដាប់លើគេ សម្រាប់ “ការផ្ញើប្រាក់មកឲ្យ” នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅឆ្នាំ ២០១៧៕ អំពីក្រុមហ៊ុន Western Union ក្រុមហ៊ុន Western Union (NYSE: WU) គឺជាអ្នកនាំមុខគេ ក្នុងការផ្ទេរប្រាក់ឆ្លងកាត់ប្រទេស, ប្រព័ន្ធរបស់យើងតភ្ជាប់ពីឌីជីថល និងពិភពពិត និងធ្វើឱ្យវាអាចធ្វើទៅបាន សម្រាប់អតិថិជន និងអាជីវកម្មដើម្បីផ្ញើ និងទទួលប្រាក់ និងធ្វើឱ្យការទូទាត់ជាមួយនឹងល្បឿន, ភាពងាយស្រួល និងភាពទុកចិត្ត។ រហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បណ្តាញរបស់ Western Union បានរួមបញ្ចូលនូវទីតាំងភ្នាក់ងារជាង ៥៥០,០០០ កន្លែងដែលផ្តល់ជូននូវសេវាកម្មម៉ាក Western Union, Vigo ឬ Orlandi Valuta នៅក្នុងប្រទេសជាង ២០០ ដែលមានលទ្ធភាពផ្ញើប្រាក់ ទៅរាប់ពាន់លានគណនី។ លើសពីនេះទៀត Westernunion.com ដែលជាបណ្ដាញរីកចម្រើនឆាប់រហ័សបំផុត កាលពីឆ្នាំ ២០១៧ មានវត្តមាននៅក្នុងបណ្តាប្រទេសជាង ៥០ ដើម្បីផ្ទេរប្រាក់នៅជុំវិញពិភពលោក។ នៅឆ្នាំ ២០១៧ Western Union ទទួលបានការផ្ទេរប្រាក់លើសពី ៣០០ ពាន់លានដុល្លារ នៅក្នុងប្រាក់ដើម នៅក្នុង ១៣០ រូបិយប័ណ្ណ និងបានដំណើរការ ៣២ប្រតិបត្តិការរៀងរាល់វិនាទី នៅទូទាំងគ្រប់សេវាកម្ម។ ជាមួយនឹងការរីកចំរើនពេញសកលលោក Western Union បានផ្ដល់សេវាផ្ទេរប្រាក់ឲ្យកាន់តែប្រសើរឡើង ដែលអាចភ្ជាប់ទំនាក់ទំនង គ្រួសារ មិត្តភក្តិ និងអាជីវកម្ម ដើម្បីទទួលបានហិរញ្ញវត្ថុនិងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា www.westernunion.com ។ អំពី ធនាគារឯកទេស វីង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីងផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ទេរ និង ទទួលប្រាក់គ្រប់ពេលវេលាគ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។ ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈសេវាកម្មហិរិញ្ញវត្ថុ តាមទូរស័ព្ទចល័តទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ៗ​គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទនិងបង់វិក្កយប័ត្រ។ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា"ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកលឆ្នាំ២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០%តាមរយៈបណ្តាញទូទាំងប្រទេសរបស់យើងដែលមានសាខាវីងចំនួនជាង ៦០០០ និង អាជីវករជាង២៥០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខឧស្សាហកម្មជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និងក្រុមហ៊ុន WorldRemit។ ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម(SMEs)ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សនិងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។
X
5s