មហាសេដ្ឋី Jeff Bezos បង្ហើបពីគន្លឹះមួយដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់អ្នកដទៃ​



គ្មានអ្នកណាម្នាក់ដែលគេចផុតពីការរិះគន់របស់អ្នកដទៃនោះឡើយ បើទោះបីជាអ្នកធ្វើបានល្អយ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើរាល់ការរិះគន់របស់មនុស្សនៅជុំវិញអ្នកពិតជាត្រឹមត្រូវទាំងស្រុងឬយ៉ាងណា? តើអ្នកត្រូវប្រឈមមុខទៅនឹងការរិះគន់ទាំងនោះដោយរបៀបណា?

ឆ្លើយតបទៅនឹងសំនួរខាងលើនេះ មហាសេដ្ឋីអាមេរិក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោក Amazon បានបង្ហើបពីគន្លឹះមួយដើម្បីឆ្លើយតបទៅនឹងការរិះគន់ទាំងនេះ។ លោកបានថ្លែងដូច្នេះថា៖« បើអ្នកធ្វើអ្វីមួយដែលថ្មី ឬខុសប្លែកពីគេ វានឹងធ្វើឲ្យអ្នកផ្សេងទៀតមើលមកយើងក្នុងន័យផ្សេងដោយភ័ន្តច្រឡំ។ អ្នកខ្លះរិះគន់ក្នុងន័យល្អទៅ! រីឯអ្នកខ្លះទៀតមានចេតនារិះគន់ក្នុងន័យជាន់ពន្លិចតែម្តង។ រឿងហ្នឹងគ្មានបញ្ហាទេ អ្វីៗនៅតែអាចដើរទៅមុខបានធម្មតា»។

១) ស្តាប់ និងចោទសួរដើម្បីកែលម្អ

ក្នុងចំណុចនេះ សម្រាប់លោក Bezos លោកចង់ផ្តល់ដំបូន្មានថា អ្នកត្រូវស្តាប់ការរិះគន់ ហើយសួរទៅវិញថា តើការរិះគន់នោះត្រូវទាំងស្រុង ឬ ក៏មានចំណុចត្រូវខ្លះដែរឬទេ? បន្ទាប់មកអ្នកត្រូវផ្លាស់ប្ដូរវាតាមការរិះគន់នោះប្រសិនបើចាំបាច់ ។ អ្នកត្រូវស្តាប់ និងជជែកសួរដេញដោលរកចំណុចល្អពីការរិះគន់នោះដើម្បីជាការជួយលើកទឹកចិត្តដល់អ្នក។ ប្រសិនបើការរិះគន់នោះមិនបង្ហាញ លទ្ធផលអ្វីក្រៅពីការច្រណែន បន្ទោសបង្អាប់ទេ អ្នកមិនគួរធ្វើតាមពួកគេនោះឡើយ។ អ្នកត្រូវធ្វើរឿងរបស់អ្នកបន្តទៀត។

២) គ្រប់ការរិះគន់របស់អតិថិជនមិនមែនសុទ្ធតែត្រឹមត្រូវ

លោក Bezosបានបញ្ជាក់ថា គ្រប់អតិថិជនមិនមែនសុទ្ធតែយល់ ឬយកចិត្តទុកដាក់ពីក្រុមហ៊ុនទាំងអស់នោះទេ។ លោកបានលើកឧទាហរណ៍មួយកាលពីឆ្នាំ ១៩៩៥ នៅពេលដែល Amazon មិនទាន់ទទួលបានចំណាប់អារម្មណ៍ពីអតិថិជននៅឡើយ លោកបានទទួលសារមួយពីក្រុមហ៊ុនបោះពុម្ពសៀវភៅលក់មួយដែលនិយាយថា ក្រុមហ៊ុន Amazon មិនយល់ពីទីផ្សារលក់រាយ។ ប៉ុន្តែលោកបានឆ្លើយតបទៅវិញថា តាមពិតក្រុមហ៊ុនបោះពុម្ពសៀវភៅខ្លួនឯងទេដែលមិនយល់ពីគោលដៅរបស់ក្រុមហ៊ុន Amazon។ លោកថា បើត្រឹមតែលក់ផលិតឲ្យអតិថិជនមួយមុខ Amazon មិនអាចរកលុយបានទេ។ Amazon រកលុយបាននៅពេលដែល ក្រុមហ៊ុននេះជួយឲ្យអតិថិជនទទួលបានផលិតផលល្អសមស្របតាមអ្វីដែលពួកគេត្រូវការ។ នេះជារឿងមួយផ្សេងគ្នា៕

ប្រភព៖ cnbc

X
5s