បណ្តាំ ៣ចំណុច ដែលលោក Jack Ma ចង់ផ្តាំផ្ញើដល់សហគ្រិនគ្រប់រូប​



លោក Jack Ma ធ្លាប់និយាយថា លោកនឹងវិលត្រឡប់ទៅធ្វើជាគ្រូបង្រៀនវិញបន្ទាប់ពីលោកលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Alibaba។ សម្រាប់រូបលោក ការសម្រេចចិត្តបែបនេះមិនមែនជារឿងចម្លែកនោះទេ ពីព្រោះលោកធ្លាប់ធ្វើជាគ្រូបង្រៀនឆ្អែតឆ្អន់រួចមកហើយនៅមុនពេលលោកបង្កើតក្រុមហ៊ុននេះឡើង ហើយកំពុងក្លាយជាក្រុមហ៊ុនយក្សដ៏ធំបំផុតមួយរបស់ពិភពលោក។

ដោយសារភាពជោគជ័យ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក លោក Ma កំពុងក្លាយជាបុគ្គលគំរូសម្រាប់សហគ្រិន និងសាធារណជនទូទៅរៀនសូត្រតាម។ យ៉ាងណាមិញ ទន្ទឹមនឹងនេះលោកក៏បានផ្តាំផ្ញើដំបូន្មានដល់សហគ្រិនគ្រប់រូបសម្រាប់យកទៅគិតពិចារណាចំនួន ៣ ចំណុចដូចខាងក្រោម៖

១) កុំគិតថា សង្គមនឹងរៀបចំអ្វីៗឲ្យអ្នក

វាក្លាយជារឿងមួយសាមញ្ញទៅហើយសម្រាប់មនុស្សទូទៅដែលតែងតែគិតថា សង្គមគឺជាផ្តល់អ្វីៗគ្រប់បែបយ៉ាងឲ្យខ្លួន។ ហេតុដូច្នេះហើយទើបបុគ្គលទាំងនោះចូលចិត្តដេករង់ចាំឱកាស សំណាងព្រេងវាសនាចូលមកដល់ ហើយមិនព្យាយាមឈោងចាប់យកឱកាសផ្សេងៗតាមសមត្ថភាពរបស់ខ្លួននោះឡើយ។ ប៉ុន្តែសម្រាប់លោក Ma វិញ នោះគឺជាទង្វើដ៏គួរឲ្យអស់សំណើចមួយ។ លោកលើកឡើងដូច្នេះថា៖« ប្រសិនបើអ្វីៗគ្រប់បែបយ៉ាងរៀបចំទុកឲ្យមុននោះ អ្នកក៏គ្មានតម្លៃអីដែរ»។ លោកបន្តថា មានតែខ្លួនអ្នកម្នាក់គត់ដែលកំណត់ជោគវាសនាឲ្យជីវិតរបស់អ្នក ថាតើអ្នកត្រូវធ្វើអ្វី? ចង់បានអ្វី? ដោយរបៀបណា? នៅពេលណា? សូមកុំដេករង់ចាំសំណាងធ្លាក់មកដល់។ បើអ្នកចង់បានអ្វីមួយអ្នកត្រូវតែធ្វើ។

២) ជីវិតមិនមែនងាយស្រួលដូចយើងគិត

មហាសេដ្ឋីវ័យ ៥៤ ឆ្នាំរូបនេះបានលើកឡើងពីទិដ្ឋភាពជាក់ស្តែងរបស់សហគ្រិនថា បុគ្គលទាំងនេះធ្លាប់ត្រូវបានគេបដិសេធ ឬមើលរំលង។ សម្រាប់រូបលោកផ្ទាល់ លោកបានកែប្រែភាពបរាជ័យទាំងនោះទៅជាឱកាសមួយគឺការ រៀបចំខ្លួនឲ្យមានភាពរឹងមាំ ហ៊ានប្រឈមមុខទៅនឹងភាពភ័យខ្លាច និងឧបសគ្គនានា។ លោកបានពន្យល់ទៀតថា ភាពភ័យខ្លាចក៏ធ្វើឲ្យមនុស្សមានសុទិដ្ឋិនិយម ពោលគឺធ្វើឲ្យមនុស្សប្រឹងដើរទៅមុខនៅពេលជីវិតជួបទុក្ខលំបាក។ លោក Ma បានលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកដែលធ្លាប់ត្រូវបានគេបដិសេធន៍ការងារច្រើនដងដូចជានៅក្នុងក្រុមហ៊ុន KFC ជាដើម។ នៅត្រង់នេះ លោកចង់បង្រៀនមនុស្សគ្រប់គ្នា ជាពិសេសសហគ្រិនដូច្នេះថា៖ ក្នុងនាមជាអ្នកលក់ អ្នកត្រូវចេញទៅក្រៅដើម្បីលក់អ្វីមួយ។ អ្នកត្រូវប្រាប់ខ្លួនឯងថា ថ្ងៃនេះអ្នកទៅជួបអតិថិជន១០នាក់។ អ្នកទាំងអស់នោះនឹងបដិសេធអ្នក តែនេះជារឿងធម្មតាទេ។ អញ្ចឹងពេលអ្នកត្រឡប់មកវិញ អ្នកនៅតែសប្បាយចិត្ត។ ប៉ុន្តែបើអ្នកមានអតិថិជនមួយក្នុងចំណោម ១០ នាក់ទិញផលិតរបស់អ្នក អ្នកត្រូវសប្បាយចិត្ត ព្រោះអ្នកអាចធ្វើវាបាន»។

៣) កុំរៀនតែដើម្បីជោគជ័យមួយមុខ

ខ្សែជីវិតរបស់លោកនៅក្នុងវិថីកសាងក្រុមហ៊ុន Alibaba គឺជាមេរៀនជោគជ័យដ៏ល្អមួយសម្រាប់ពិភពជំនួញក្នុងវិស័យបច្ចេកវិទ្យារបស់ពិភពលោក។ ប៉ុន្តែលោក Ma ថា អ្វីដែលលោកបានធ្វើយ៉ាងជោគជ័យកន្លងមក វាមិនមែនជាអ្វីដែលលោកចង់ចែករំលែកដល់សហគ្រិនរាល់គ្នានោះទេ។ លោក Ma ផ្តល់ដំបូន្មានដូចនេះថា៖« Alibaba មិនប្រៀនអ្នករាល់គ្នាពីរបៀបជោគជ័យនោះទេ។ សាកលវិទ្យាល័យ Harvard បង្រៀនអ្នករាល់គ្នាពីគន្លឹះជោគជ័យ...នៅពេលមនុស្សរាល់គ្នារៀនពីរបៀបជោគជ័យច្រើនពេក ធ្វើឲ្យពួកគេយល់ថា ចង់ជោគជ័យគឺជារឿងមួយងាយស្រួលណាស់»។ ផ្ទុយទៅវិញអ្វីដែលចង់បង្រៀនដល់មនុស្សគ្រប់គ្នានោះ គឺពីរបៀបយកឈ្នះទៅលើការប្រឈមថ្មីៗទើបពួកគេអាចត្រៀមខ្លួនរួចរាល់នៅក្នុងវិថីជាសហគ្រិនភាព។ លោកថា Alibaba ចង់ចែករំលែកមនុស្សគ្រប់គ្នាពីកំហុសដែលក្រុមហ៊ុននេះធ្លាប់បង្កើតឡើង។ Alibaba រៀនពីកំហុសរបស់ខ្លួន ទើបក្រុមហ៊ុននេះបោះជំហានទៅមុខរហូតមក៕

ប្រភព៖ cnbc

X
5s