ចំណុចទាំង ១០ ដែលអាចជួយអ្នកឲ្យក្លាយជាអ្នកដឹកនាំឆ្នើម​



អ្នកដឹកនាំទាំងអស់សុទ្ធតែមានភាពខ្លាំងនិងភាពខ្សោយរបស់គេរៀងៗខ្លួន។ ប្រសិនបើអ្នកគិតថាអ្នកនូវមានចន្លោះខ្វះខាតក្នុងការគ្រប់គ្រង ដឹកនាំ នោះអ្នកត្រូវការសិក្សារៀនសូត្របន្ថែម។ បើសិនអ្នកបានដឹងពីចំណុចល្អ ក្នុងការដឹកនាំបន្ថែម នោះអ្នកនឹងអាចក្លាយជាអ្នកដឹកនាំឆ្នើមមួយរូបជាមិនខាន។ ខាងក្រោមនេះគឺជាចំណុចទាំង ១០ដែលអ្នកអាចរៀនសូត្រដើម្បីក្លាយជាអ្នកដឹកនាំដែលពូកែ៖

១) ធ្វើជាមនុស្សដែលមានសីលធម៌ ៖ មេមិនល្អគឺតែងតែបន្តុះបង្អាប់ និងប្រព្រឹត្តលើបុគ្គលិកដូចជាជាសំរាម ប្រើហើយបោះចោល។ ប្រសិនបើអ្នកចង់ធ្វើជាមេដឹកនាំល្អ អ្នកមិនត្រូវធ្វើជាមនុស្សបែបនេះជាដាច់ខាត។ អ្នកត្រូវធ្វើជាមនុស្សដែលចេះគោរព ឲ្យតម្លៃទៅលើគំនិតនិងស្វែងរកគំនិតថ្មីៗពីបុគ្គលិក ឬក្រុមការងាររបស់អ្នក។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំល្អ ត្រូវធ្វើជាមនុស្សមានសីលធម៌។

២) ធ្វើជាមនុស្សដែលគិតខុសពីគេ៖ អ្នកដឹកនាំដែលពូកែគឺហ៊ានគិតឲ្យខុសពីអ្នកដឹកដទៃ។ គិតឲ្យដូច Steve Jobs Elon Musk និង Bill Gates។ អ្នកត្រូវមានគោលដៅនិងហ៊ានប្រកួតប្រជែងក្នុងពេលបច្ចុប្បន្ន។ នៅពេលដែលអ្នកមានគំនិតខុសប្លែកពីគេ នោះអ្នកដើរតាមអ្នកនឹងដើរតាមអ្នក។

៣) មានចក្ខុវិស័យសម្រាប់ថ្ងៃអនាគត៖ ការមានចក្ខុវិស័យគឺជាអត្តចរិតមួយរបស់អ្នកដឹកនាំ។ ធ្វើការភ្ជាប់នូវផ្នត់គំនិតផ្សេងៗគ្នាក្នុងក្រុមហ៊ុនរបស់អ្នក។ នោះអ្នកនឹងអាចមើលឃើញនូវគំនិតសម្រាប់ថ្ងៃអនាគត។ ការមានចក្ខុវិស័យវែងឆ្ងាយអាចធ្វើឲ្យអ្នកមានភាពច្បាស់លាស់ និងដឹកនាំក្រុមហ៊ុនតាមគោលដៅកំណត់។

៤) ធ្វើជាអ្នកនិទានរឿង៖ អ្នកដឹកនាំដែលពូកែគឺមនុស្សដែលពូកែទំនាក់ទំនងជាមួយមនុស្សគ្រប់ជាន់ថ្នាក់។ អ្នកដឹកនាំត្រូវប្រើប្រាស់រឿងដើម្បីបញ្ចេញគំនិតទៅដល់អ្នកដទៃ។ ធ្វើការទំនាក់ទំនង និងរៀបរាប់អំពីរឿងរ៉ាវ ដើម្បីទាក់ទង បំផុសលើកទឹកចិត្ត និងតាមដាននូវភាពជាអ្នកដឹកនាំរបស់អ្នកក្នុងអង្គភាព។

៥) បង្កើនភាពស្មោះត្រង់៖ តើអ្នកនឹងដើរតាមមនុស្សដែលពូកែកុហក់បោកប្រាស់ឬទេ? ប្រាកដណាស់អ្នកនឹងមិនដើរតាមឬយកគេមកធ្វើជាអ្នកដឹកនាំរបស់អ្នកឡើយ។ អ្នកដឹកនាំដែលពូកែគឺមានភាពស្មោះត្រង់។ ភាពស្មោះត្រង់ គួរឲ្យជឿទុកចិត្តគឺធ្វើតាមរយៈពាក្យសម្ដី និងគោរពតាមពាក្យសម្ដីរបស់អ្នក។

៦) ភាពជាមួយគ្នា៖ គ្មានពាក្យថា «ខ្ញុំ» នៅក្នុងការធ្វើការជាក្រុមនោះទេ។ អ្នកអាចជម្រុញលើកទឹកចិត្តនូវគំនិតឬជំនឿក្នុងក្រុមរបស់អ្នកដើម្បីភាពជោគជ័យទាំងអស់គ្នា តាមរយៈការចូលរួមគ្នា ចែករំលែកគំនិតគ្នា។ អ្នកដឹកនាំល្អគឺនិយាយថាពួកយើងទាំងអស់គ្នា។

៧) ធ្វើជាអ្នកដោះស្រាយ៖ ក្រុមរបស់អ្នកនឹងជួបប្រទះនូវភាពលំបាក ឬឧបសគ្គជាមិនខាន។ ធ្វើជាអ្នកដឹកនាំគឺត្រូវស្វែងរក និងដោះស្រាយនូវបញ្ហាដែលរាំងស្ទះដំណើរការក្រុមហ៊ុនរបស់អ្នក និងជួយសម្រួលភាពលំបាកដែលធ្វើឲ្យក្រុមរបស់អ្នកជោគជ័យ។

៨) អ្នកបណ្ដុះបណ្ដាល៖ តួនាទីមួយដ៏សំខាន់របស់អ្នកដឹកនាំគឺធ្វើការអភិវឌ្ឍក្រុមការងាររបស់អ្នក។ កុំភ្លេចបង្រៀននិងបង្វឹកក្រុមរបស់អ្នកបន្ថែម។ អ្នកត្រូវចងចាំថា អ្នកឈ្នះនៅពេលដែលក្រុមការងាររបស់អ្នកឈ្នះ។ អ្នកត្រូវធ្វើជាអ្នកដែលបណ្ដុះពួកគេឲ្យកាន់តែខ្លាំង។ ជាបុគ្គលិកនរណាក៏ចង់រីកចម្រើន លូតលាស់ដែរ។

៩) សមទ្ធិផលជារួម៖ វាជារឿងល្អប្រសិនបើអ្នកកំណត់ឃើញនូវលទ្ធផលទាំងមូលរបស់ក្រុមអ្នក។ ប្រសិនបើអ្នកពូកែលើកទឹកចិត្ត និងផ្ដល់វង្វាន់ ដោយផ្អែកលើលទ្ធផលជារួម មិនមែនការពេញចិត្តនរណាម្នាក់នោះទេ នោះពួកគេនឹងផ្ដល់នូវការខិតខំប្រឹងប្រែងត្រលប់មកវិញ។ ការមើលឃើញលទ្ធផលជាក្រុម ល្អជាជាងការមើលឃើញគុណសម្បត្តិមនុស្សតែម្នាក់ៗ។

១០) ប្រើប្រាស់គំនិតរបស់អ្នកដទៃ៖ វិធីសាស្ត្រមួយដើម្បីរក្សានូវភាពរីករាយនិងការខិតខំឲ្យអស់ពីសមត្ថភាពគឺការប្រើប្រាស់គំនិតរបស់អ្នកដទៃ។ គិតអំពីចំណាប់អារម្មណ៍របស់ក្រុមរបស់អ្នកទៅលើក្រុមហ៊ុនរបស់អ្នក។ អ្នកនឹងឃើញវិធីដែលធ្វើឲ្យរឿងរ៉ាវជាច្រើនកាន់តែប្រសើរឡើងសម្រាប់អាជីវកម្មរបស់អ្នក៕

 

ដោយ៖ លង់ វណ្ណៈ

X
5s