មេរៀនពីភាពជាអ្នកដឹកនាំ ពីលោកតាមហាសេដ្ឋីអាយុ ១០០ នៅបន្តទៅធ្វើការនៅក្រុមហ៊ុនជារៀងរាល់ថ្ងៃ​



មហាសេដ្ឋីរបស់ពិភពលោកដែលមានវ័យចំណាស់ជាងគេដែលមានអាយុ១០០ឆ្នាំទៅហើយមួយរូបនៅតែរីករាយនិងអាជីវការងាររបស់លោក។ លោក Chang Yun Chung ស្ថាបនិកក្រុមហ៊ុនផលិតនាវា (Pacific International Lines) បានមានប្រសាសន៍ថា «ការដេកនៅផ្ទះមិនមែនជាជម្រើសរបស់ខ្ញុំនោះទេ បើទោះបីជាខ្ញុំមានវ័យចំណាស់ក៏ដោយ»។

បើទោះបីជាបានប្រគល់តួនាទីប្រធាននាយកប្រតិបត្តិទៅកូនប្រុសរបស់លោក លោក Teo Siong Seng ហើយក្ដី លោកតាជនជាតិសិង្ហបុរីរូបនេះនៅតែទៅធ្វើការក្នុងការិយាល័យរៀងរាល់ថ្ងៃ។ លោកតា Chang បានមានប្រសាសន៍ទៅកាន់ការសែត CNBC ថានេះគឺជាទម្លាប់របស់លោកទៅហើយដែលទៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនជារៀងរាល់ថ្ងៃដើម្បីត្រួតពិនិត្រអំពីដំណើរការនិងតាមដានសកម្មភាពក្នុងការិយាល័យមួយៗ។

លោក Chang បានមានប្រសាសន៍ថាសកម្មភាពទាំងនេះគឺធ្វើឲ្យខួរក្បាលរបស់លោកសកម្មហើយថែមទាំងមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនទាំងមូលបានល្អទៀតផងដែល។ លោកបានបង្កើតក្រុមហ៊ុនផលិតនាវានេះឡើងតាំងពីឆ្នាំ ១៩៦៧ ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ទាំង២០ ដែលមានបុគ្គលិកធ្វើការ ១៨ ០០០នាក់។ លោកតាដែលជាមហាសេដ្ឋីដែលកើតឡើងដោយខ្លួនឯងរូបនេះ បានបន្តទៀតថា«ខ្ញុំមិនអាចដេកស៊ីនៅផ្ទះបាននោះទេ ខ្ញុំមានភាពធុញទ្រាន់អផ្សុក»។  

មេរៀនអំពីភាពដឹកនាំ ការទៅធ្វើការនៅការិយាល័យរាល់ថ្ងៃនេះគឺដើម្បីបណ្ដុះកូនប្រុសរបស់លោកឲ្យចេះរៀនគ្រប់គ្រងអារម្មណ៍ក្នុងស្ថានភាពលំបាក មានសម្ពាធ។ លោក Teo Siong Seng បានមានប្រសាសន៍ថា «នៅពេលលោកនៅវ័យក្មេងគឺលោកជាមនុស្សម្នាក់ដែលមានអាមរម្មណ៍ឆេវឆាវ ឆាប់ខឹង ហើយជាអ្នកដឹកនាំម្នាក់ដែលពិបាក។ ប៉ុន្តែឪពុករបស់លោក បានបង្រៀននូវមេរៀនមួយដែលក្នុងភាសាចិនគេនិយាយថា yi de fu ren ដែលន័យថា «មនុស្សចង់គោរពអ្នក មិនមែនដោយសារតែអំណាច ភាពកោងកាច ឬភាពតឹងតែងរប់សអ្នកនោះទេ ប៉ុន្តែសច្ចៈភាព គុណភាព គុណសម្បត្តិរបស់អ្នក ដែលធ្វើឲ្យមនុស្សដទៃគោរពអ្នកនិងស្ដាប់ធ្វើតាមអ្នក»។

លោក Teo Siong Seng បន្តទៀតថា «ក្នុងអាជីវកម្មជាពិសេសក្រុមហ៊ុនផលិតនាវា គឺមានបញ្ហាដែលអ្នកមិនដឹងមុនជាច្រើន។ វាអាចជាបញ្ហានយោបាយ បញ្ហាបច្ចេកទេស គ្រោះថ្នាក់ជាដើម។ ភាពឆេវឆាវរបស់អ្នកមិនអាចស្ដារស្ថានការទាំងនោះបានមកវិញនោះទេ ដូចនេះអ្នកត្រូវរំងាប់អារម្មណ៍ អត់ធ្មត់ ហើយអ្នកត្រូវចាំថានៅពេលដែលអ្នកបាត់បង់សតិ ការគ្រង់គ្រងអារម្មណ៍របស់អ្នក អ្នកប្រៀបដូចជាមនុស្សឆ្កួតដែលមិនអាចគ្រប់គ្រងសូម្បីតែខ្លួនអ្នក»៕

ដោយ៖ លង់ វណ្ណៈ

X
5s