ឆ្លើយយ៉ាងម៉េចបើអ្នកសម្ភាសន៍សួរថា "ចូររៀបរាប់ពីខ្លួនអ្នកឲ្យបាន៣ពាក្យ”?
ក្នុងចំណោមបេក្ខជននានា អ្នកពិតជាចង់បង្ហាញខ្លួនអ្នកថា ជាបេក្ខជនដែលមានលក្ខណៈសម្បត្តិល្អត្រឹមត្រូវសម្រាប់ការងារនេះ។ ដូច្នេះការពិពណ៌នាពីខ្លួនឯងទៅកាន់អ្នកសម្ភាសន៍អាចជាបញ្ហាប្រឈមមួយសម្រាប់អ្នកប្រសិនបើសំនួរនេះត្រូវបានចោទសួរឡើងមែននោះ។ តើអ្វី ទៅជាចម្លើយពិតប្រាកដសម្រាប់សំនួរមួយនេះ? ខាងក្រោមនេះជាគន្លឹះខ្លីៗដែលអ្នកគួរឆ្លើយដើម្បីឆ្លើយតបទៅនឹងសំនួរខាងលើ "Describe yourself in three words"។
១.ពណ៌នាពីរបៀបគិតរបស់អ្នក (How you think and operate) អ្វីដែលអ្នកសម្ភាសន៍ចង់ដឹងនៅពេលសួរសំនួរនេះឡើងគឺដើម្បីចង់ដឹងថា តើអ្នកមានរបៀបគិតដូចម្តេច? និងធ្វើឡើងដោយរបៀបណា? ប្រសិនបើអ្នកមានគំនិតអ្វីមួយ អ្នកត្រូវលើកឡើងដោយផ្អែកលើហេតុផល ភាពច្នៃប្រឌិត គិតបែបវិភាគ ឬ ប្រើវិធីសាស្ត្រគណិតវិទ្យាដើម្បីពិពណ៌នាអំពីដំណើរការនៃគំនិតរបស់អ្នក។ របៀបគិតរបស់អ្នកត្រូវមានភាពប្រាកដនិយម មិនរវើរវាយ និងមានហេតុផលត្រឹមត្រូវ។
២.បង្ហាញអត្តចរិតរបស់អ្នក (Reveal your personality) ចំណុចមួយទៀតដែលជាលក្ខណៈពិសេសរបស់សំនួរនេះគឺដើម្បីចង់ដឹងពីអត្តចរិត ឬបុគ្គលិកលក្ខណៈសម្បត្តិរបស់អ្នក។ ការឆ្លើយថា អ្នកជាមនុស្សតស៊ូ អត់ធ្មត់ ហ្មត់ចត់ ចិត្តល្អ និងមានភាពស្មោះត្រង់គឺជាឧទាហរណ៍ដ៏ល្អដែលអ្នកត្រូវឆ្លើយសម្រាប់សំនួរនេះ។ ពេលខ្លះអ្នកសម្ភាសន៍បានដឹងសមត្ថភាពរបស់អ្នករួចហើយ តែពួកគេចង់ដឹងអត្តចរិតខាងក្នុងរបស់អ្នកតែម្តង ដូច្នេះនៅទីនេះ អ្នកមិនចាំបាច់និយាយពីលទ្ធផលអ្វីផ្សេងទៀតដែលអ្នកធ្វើបានពីមុនមកនោះទេ។
៣.និយាយអ្វីដែលជាចំណាប់អារម្មណ៍របស់អ្នក (What yours' interest?) សម្រាប់ពាក្យទី៣និងចុងក្រោយរបស់អ្នក អ្នកត្រូវដឹងថា មានអ្វីមួយដែលជួយជំរុញឲ្យអ្នកខុសប្លែកពីអ្នកផ្សេងទៀត និងអ្វីដែលធ្វើឲ្យអ្នកចូលចិត្តបំផុត។ ការឆ្លើយតបដ៏ល្អបំផុតគឺជាអ្វីដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលគួរឲ្យចងចាំចំពោះនិយោជក។ ឃ្លាមួយចំនួនដូចជា ខ្ញុំមានភាពសុទិដ្ឋិនិយម មានការទទួលខុសត្រូវខ្ពស់ ឬថា ខ្ញុំពូកែសម្រេចចិត្ត គឺជារឿងល្អបំផុតសម្រាប់រៀបរាប់ពីខ្លួនអ្នកនៅទីនេះ៕
ប្រភព៖ cnbc