សន្និសីទអារូបករណ៍ត្រូវបានបញ្ចប់ជាស្ថាពរ​​



ក្រុមហ៊ុនអនុស្សា បានរៀបចំសន្និសីទអាហារូបករណ៍ប្រចាំឆ្នាំជាលើកទី៧ ដោយមានការចូលរួមពីស្ថានទូត ស្ថាប័នផ្ដល់អាហារូករណ៍ និងអតីតនិស្សិត១៤រូប បានរួមគ្នាចែករំលែកបទពិសោធន៍ជាក់ស្ដែង ចំណេះដឹង និងគន្លឹះសំខាន់ៗក្នុងការដាក់អាហារូបករណ៍ទៅកាន់ប្រទេសអង់គ្លេស សហភាពអឺរ៉ុប ជប៉ុន ណូវែលហ្សេឡង់ អូស្រ្ដាលី អ៊ីតាលី ស្វីស អាមេរិក ថៃ និងបណ្ដាប្រទេសអាស៊ានផ្សេងទៀតទៅកាន់សិស្សនិស្សិតប្រមាណជាង ៨៥០នាក់។ ក្នុងនោះផងដែរ លោក សោម សម្បតិ្ដ ដែលអ្នកម្ចាស់ឧបត្ថម្ភធំក្នុងសន្និសីទអាហារូបករណ៍លើកទី៧ បានលើកយក៤អក្សរ “ស ម ច ល” ដើម្បីចែករំលែកចំណេះដឹងដល់សិស្សនិស្សិត ក្នុងការបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសិក្សា និងការរស់នៅ។ លោកបានលើកឡើងថា អក្សរទាំង៤នេះ គឺសំដៅទៅលើពាក្យ សុខភាពល្អ មិត្ដភាព ចំណេះវិជ្ជា និង លុយ។ លោកបានបង្ហាញនូវអត្ថន័យនៃពាក្យទាំងនេះថា ការដែលមនុស្សម្នាក់ៗមានសុខភាពល្អ ពួកគេតែងតែមានកម្លាំងកាយចិត្ដ កម្លាំងប្រាជ្ញាស្មារតីគ្រប់គ្រាន់ក្នុងការជួយអ្នកដទៃបានច្រើន ដែលធ្វើអោយការរាប់អាន និងបង្កើតមិត្ដភាពកើតឡើង។ លោកបានបន្ថែមទៀតថា តើអ្នកណាអាចរស់នៅបានក្នុងសង្គមដោយមិនមានមិត្ដភាពនោះ ដូចនេះការបង្កើតមិត្ដភាព នឹងធ្វើអោយគ្រប់គ្នាមានបណ្ដាញទំនាក់ទំនងច្រើន និងស្គាល់ពីសង្គមខាងក្រៅរឹតតែច្បាស់។ ចំណែកឯពាក្យថា ចំណេះវិជ្ជា គឺបានមកពីពាក្យចំណេះបូកជាមួយវិជ្ជាជីវៈ ដូចគ្នានេះដែរ ដើម្បីក្លាយជាមនុស្សដែលមានគុណតម្លៃគ្រប់គ្រាន់ អ្នកត្រូវរៀនស្វែងរកចំណេះ ដែលរួមមានទាំងជំនាញ និងភាសាផងដែរ។ ងាកមកមើលអត្ថន័យពាក្យថា លុយ គឺមានច្រើនប្រភេទដូចជា លុយល្អ លុយអាក្រក់ លុយដែលធ្វើអោយអរ និងលុយដែលធ្វើអោយភិតភ័យ។ ដូចនេះហើយ ប្រសិនបើអ្នកមានទាំងសុខភាពល្អ មិត្ដភាពល្អ និចំណេះវិជ្ជាគ្រប់គ្រាន់ហើយ នោះលោកអ្នកនឹងទទួលបានគុណភាពចំណូលល្អដូចគ្នា។ គួរបញ្ជាក់ផងដែរថា លោក សោមសម្បតិ្ដ ដែលជាអគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ បានចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុងសន្និសីទអាហារូបករណ៍តាំងពីឆ្នាំ២០១៤ និងបានចែករំលែកចំណេះដឹង និងការជំរុញទឹកចិត្ដដល់យុវជនប្រមាណជាង៨០០០នាក់ ក្នុងការខិតខំបង្កើនសមត្ថភាព គុណភាព និងគុណតម្លៃនៃមនុស្ស។ បន្ថែមពីនោះ ស្ថាប័នសិក្សា IDP និងវិទ្យាស្ថាន ACE បានចូលរួមចំលែកពីការធ្វើតេស្ដស្ដង់ដា IELTS ដែលជាតម្រូវការទូទៅសម្រាប់អាហារូបករណ៍ កម្មវិធីហ្វឹកហ្វឺនភាសាអង់គ្លេស និងព័ត៌មានអាហារូបករណ៍តាមសកលវិទ្យាល័យផ្សេងៗនៅក្រៅប្រទេសថែមទៀតផង។ ក្នុងនោះ ក៏មានការចូលរួមតាំងបង្ហាញពីសាលាអន្ដរជាតិ SCIA វិទ្យាស្ថាន Royal Chartered Academy Institute ធនាគារ CIMB ក្រុមហ៊ុន Brain Scan Cambodia ហាងភេសជ្ជៈ នស២រ និង ASOK Coffee ផងដែរ។
X
5s