គោលការណ៍ជោគជ័យទាំង ១០ របស់លោក Conrad Hilton មហាសេដ្ឋីសណ្ឋាគារ
លោក Conrad Hilton គឺជាស្ថាបនិកនិងជាម្ចាស់ Hilton Family Hotels ដែលជាក្រុមហ៊ុនដែលកាន់កាប់សណ្ឋាគារជាង ៥០០ទូទាំងពិភពលោក។ លោក Conrad Hilton កើតនៅថ្ងៃទី ២៥ ធ្នូ ឆ្នាំ ១៨៨៧ នៅ San Antonio រដ្ឋ New Mexico សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីសណ្ឋាគារនៅក្នុងសហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាគោលការណ៍ជោគជ័យទាំង ១០ របស់លោក Conrad Hilton៖
១) រកឲ្យឃើញនូវភាពប៉ិនប្រសប់របស់អ្នក
លោក Conrad Hilton គឺជាអ្នកដែលមានជំនឿថាមនុស្សម្នាក់ៗមានទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន ដោយពួកគេអាចពូកែលើរឿងអ្វីមួយ។ អ្នកត្រូវចំណាយពេលវេលាស្វែងរកទេពកោសល្យរបស់អ្នកឲ្យឃើញ។ អ្នកនឹងពូកែនៅពេលដែលអ្នកដឹងថាអ្វីដែលអ្នកស្រលាញ់ និងចង់ធ្វើវា។ ដូចនេះ កុំបោះបង់ ថ្ងៃណាមួយអ្នកនឹងស្វែងរកឃើញនូវអ្វីដែលអ្នកស្រលាញ់ពេញចិត្តជាមិនខាន។
២) ធ្វើខ្លួនឲ្យធំ
លោក Conrad Hilton៖ ដើម្បីធ្វើរឿងធំឲ្យជោគជ័យ អ្នកត្រូវមានក្ដីសុបិនធំសិន។» លោក មានជំនឿថាការពង្រីកខ្លួនអ្នកឲ្យកាន់តែធំ នោះអ្នកនឹងទទួលបានជោគជ័យជាមិនខាន។ ការមានសុបិនធំ ទើបធ្វើឲ្យអ្នកថាមពលក្នុងការរុញច្រានអ្នកទៅដល់ភាពជោគជ័យ។
៣) ស្មោះត្រង់
លោក Conrad Hilton មានប្រសាសន៍ថា ភាពស្មោះត្រង់គឺជាអ្វីៗទាំងអស់។ ការស្មោះត្រង់ឬការពិតតែងតែបង្កើតជាលទ្ធផល ប៉ុន្តែការកុហក់បោកប្រាស់នឹងមិនធ្វើឲ្យអ្នកជោគជ័យនោះទេ។ មនុស្សចង់រាប់អានអ្នកដោយសារតែភាពស្មោះត្រង់របស់អ្នក ដោយគ្មានមនុស្សណាម្នាក់ដែលហ៊ានប្រថុយជឿទុកចិត្តមនុស្សមិនស្មោះត្រង់នោះទេ។
៤) ភាពចង់ចេះចង់ដឹង
លោក Conrad Hilton មានប្រសាសន៍ថា អ្នកគួរតែរស់នៅដោយជីវិតមួយរីករាយ ហើយមានភាពចង់ចេះចង់ដឹងគ្រប់ពេលវេលា។ ប្រសិនបើអ្នកមិនមានភាពចង់ចេះចង់ដឹងនោះទេ នោះអ្នកនឹងមិនអាចរៀនសូត្រ និងរីកចម្រើនបាននោះទេ។
៥) កុំអនុញ្ញាតិឲ្យទ្រព្យសម្បត្តិគ្រប់គ្រងអ្នក
ទ្រព្យសម្បត្តិគឺជាវត្ថុក្រៅខ្លួនរបស់អ្នកប៉ុណ្ណោះ។ ប្រសិនបើអ្នកនៅតែស្មុគស្មាញនឹងទ្រព្យសម្បត្តិក្រៅខ្លួន នោះអ្នកមិនបាត់បង់វត្ថុទាំងឡាយដែលអ្នកអាចធ្វើវាបានដោយមិនអស់ប្រាក់មួយសេន។ អ្នកត្រូវចាំថាទ្រព្យសម្បត្តិត្រឹមតែជារបស់ក្រៅខ្លួនប៉ុណ្ណោះ ពេលអ្នកស្លាប់ទៅអ្នកមិនអាចយកទៅជាមួយបានទេ។ តែអ្វីដែលអ្នកត្រូវធ្វើគឺរីករាយនឹងអ្វីដែលអ្នាកមានសិន។
៦) កុំព្រួយបារម្ភអំពីបញ្ហា
លោក Conrad Hilton មានប្រសាសន៍ថា «ការព្រួយបារម្ភពេក មិនជួយអ្នកឲ្យដោះស្រាយបញ្ហាបានទេ ប៉ុន្តែការបួងសួង គំនិត និងសកម្មភាព អាចដោះស្រាយបញ្ហាបាន។» ការព្រួយបារម្ភប្រៀបដូចជាកៅអ៊ីយោលអ៊ីចឹង វានឹងធ្វើឲ្យអ្នកមានសកម្មភាពរវល់គ្រប់ពេល ប៉ុន្តែវាមិនអាចជួយដោះស្រាយអ្វីបានឡើយ។ ការព្រួយបារម្ភពេកនឹងធ្វើឲ្យអ្នកបាត់បង់ឱកាសក្នុងការស្វែងរកដំណោះស្រាយ។ ដូចនេះ កុំចំណាយថាមពលរបស់អ្នកលើការព្រួយបារម្ភ អ្នកត្រូវធ្វើវាដោយភាពឆ្លាតវៃ។
៧) រៀនសូត្រ
អ្នកត្រូវព្យាយាមរៀនសូត្រពីមនុស្សជុំវិញខ្លួនអ្នកបើទោះបីអ្នកនោះមានឋានៈតូចទាបយ៉ាងណាក៏ដោយ។ អ្វីទាំងអស់នេះ លោក Conrad Hilton តែងតែប្រើប្រាស់ទៅលើបុគ្គលិករបស់លោក។ ការរៀនសូត្រនេះហើយទើបធ្វើឲ្យអ្នករីកចម្រើន។ អ្នកត្រូវចាំថា អ្នកអាចរៀនសូត្របានគ្រប់ទីកន្លែង និងពីមនុស្សដែលនៅជុំវិញអ្នក។
៨) កុំខ្វល់ពីអតីតកាល
អ្នកត្រូវមានជំនឿជាក់លើខ្លួនអ្នកដើម្បីដឹកនាំជីវិតរបស់អ្នកឆ្ពោះទៅមុខ។ អ្នកត្រូវចេះរៀនសូត្រពីបទពិសោធន៍ ឬកំហុសរបស់អ្នក ប៉ុន្តែកុំខ្វាយខ្វល់ច្រើនពេកអំពីអតីតកាលដែលវាកន្លងហួសទៅហើយ។ ការព្រួយបារម្ភអំពីអតីតកាល មិនអាចជួយអ្នកបាននោះទេ មានតែការរៀនសូត្រអំពីកំហុស ហើយខិតខំអភិវឌ្ឍខ្លួនដើម្បីពេលអនាគតតែប៉ុណ្ណោះ។
៩) ការខិតខំប្រឹងប្រែង
ការខិតខំប្រឹងប្រែងតែងតែហុចផលត្រលប់មកវិញ។ គ្មាននរណាម្នាក់មានបាន ជោគជ័យ ដោយគ្រាន់តែអង្គុយលេង មិនខិតខំព្យាយាមនោះទេ។
១០) ការបួងសួង
មិនថាអ្នកកាន់សាសនាអ្វីនោះទេ ការបួងសួងជួយឲ្យអ្នកមានកម្លាំងចិត្ត មានថាមពលដើម្បីបន្តដំណើរទៅមុខទៀត។ ការបួងសួងបូកផ្សំនឹងការខិតខំ មិនបោះបង់ធ្វើឲ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរ កាន់តែល្អថែមទៀត៕
ដោយ៖ លង់ វណ្ណៈ