ទម្លាប់ពេលព្រឹករបស់សហគ្រិនកំពូលជោគជ័យទាំង ៧ រូប​



មនុស្សមួយចំនួនតែងតែយល់ខុសថាផលផ្លែផ្កានៃលទ្ធផលទាំងឡាយគឺភស្តុតាងដែលបញ្ជាក់ពីភាពជោគជ័យនៃអាជីវកម្មឬកិច្ចការណាមួយ។ ប៉ុន្តែនេះគឺជាការយល់ខុសទាំងស្រុងព្រោះសហគ្រិនជោគជ័យគ្រប់រូបសុទ្ធតែបានឆ្លងកាត់ការតស៊ូប្រឹងប្រែងនិងការបរាជ័យជាច្រើនលើកច្រើនសារដោយការជោគជ័យរបស់ពួកគេមិនមែនកើតឡើងដោយសារព្រេងវាសនាឬសំណាងនោះទេ។

ភាពជោគជ័យរបស់ពួកគេគឺកើតឡើងដោយសារការសម្រេចិត្តនិងការប្រឹងប្រែងរបស់ពួកគេតាំងពីដំបូងទីមកម្លេះដែលអាចធ្វើអោយពួកគេបានជោគជ័យនិងមានអ្វីៗដូចបច្ចប្បន្ននេះ។ អ្វីដែលពិសេសនោះគឺទម្លាប់ពេលព្រឹកជាកត្តាដែលបានដឹកនាំពួកសហគ្រិនគ្រប់រូបឲ្យឆ្លងដល់ភាពជោគជ័យ។ ខាងក្រោមនេះគឺជាទម្លាប់ពេលព្រឹករបស់សហគ្រិនជោគជ័យទាំង ៧ រូបដែលអ្នកគួរតែយល់ដឹង៖

១) លោក Naveen Jain
លោក Naveen Jain គឺជាអតីតស្ថាបនិកនិងនាយក​ប្រតិបត្តិ CEO នៃក្រុមហ៊ុន InforSpace ដែលជាសហគ្រិនជោគជ័យមួយរូបដែលទម្លាប់ជាប្រចាំនៅពេលព្រឹករបស់លោកគឺតែងតែធ្វើការថែរក្សាសុខភាពផ្លូវចិត្ត សុខភាពរាងកាយ និងសតិអារម្មណ៍។ លោកតែងតែធ្វើបែបនេះព្រោះរូបលោកយល់ឃើញថាការធ្វើអាជីវកម្មគឺប្រៀបបានដូចជាការធ្វើសង្រ្គាមអីចឹងដែលតម្រូវឲ្យមានការថែរក្សាចំណុចទាំងអស់នោះដើម្បីទទួលបានជ័យជំនះនិងជោគជ័យ។

ជាប្រចាំនៅពេលព្រឹកគឺលោកតែងតែក្រោកពីដំណេកចន្លោះម៉ោង ៤:៣០ និងម៉ោង ៥:៣០ ព្រឹកដោយចំណាយពេល ១៥នាទីអានព័ត៌មាន ឆ្លើយអ៊ីមែល និងប្លក់ដើម្បីរក្សាបំនិនគិតរបស់លោក ហើយបន្ទាប់មកធ្វើលំហាត់ប្រាណរាងកាយនិងធ្វើការសមាធិដើម្បីរក្សាសតិអារម្មណ៍។

២)​ Oprah Winfrey
Oprah Winfrey គឺជាអ្នកការសែតនិងពិធីករនៅក្នុងកម្មពិធី Oprah Winfrey Show ដ៍ល្បីល្បាញមួយរូបដែលជាគំរូសហគ្រិនជោគជ័យសម្រាប់ស្រ្តីផងដែរ។ ទម្លាប់ពេលព្រឹករបស់លោកស្រីគឺមានភាពសាមញ្ញនិងបែបធម្មជាតិបំផុត។

លោកស្រីតែងតែបណ្ដោយអោយខ្លួនគាត់ក្រោកពីដំណេកដោយគ្មានការរំខានពីសំឡេងរោទ៍របស់នាឡិកា។ លោកស្រីយល់ឃើញថាដើម្បីយល់ច្បាស់អំពីក្ដីស្រមៃមួយគឺមិនត្រូវផ្ដោតលើជោគជ័យទេប៉ុន្តែត្រូវយកចិត្តទុកដាក់លើចំណុចតូចៗបំផុតដែលមានន័យដែលការយកជ័យជំនះលើពួកវាគ្រប់ដំណាក់កាលគឺអាចជម្រុញអោយរឿងដ៏អស្ចារ្យកើតឡើងក្នុងភាពជោគជ័យរបស់យើង។

នៅពេលម៉ោង ៨:០០ ព្រឹក ដុសធ្មេញហើយក្រោយមកដឹកឆ្កែរបស់លោកស្រីចេញទៅក្រៅដើរលេង។ បន្ទាប់មកផ្ទះវិញមកផឹក espresso មួយកែវហើយចាប់ផ្ដើមធ្វើសមាធិក្នុងពេល ៣០ នាទីហើយបញ្ចប់ដោយការធ្វើលំហាត់ប្រាណក្នុងចន្លោះម៉ោង ៩ និងម៉ោង ១០។

៣) ​Warren Buffett
លោក Warren Buffet ម្ចាស់ក្រុមហ៊ុននិងជា CEO របស់ក្រុមហ៊ុន Berkshire Hathaway ដែលស្ថិតក្នុងកំពូលមហាសេដ្ធីលំដាប់ពិភពលោកហើយក៏បានទទួលស្គាល់ថាជាអ្នកវិនិយោគិនដ៍ជោគជ័យមួយរូបផងដែរ។ ថ្វីត្បិតតែលោកជាអ្នកមានស្ដុកស្ដម្ភដែលមានលុយចាយមិនចេះខ្វះក៏ដោយ លោកនៅតែរស់នៅក្នុងលក្ខណៈសាមញ្ញបំផុត។

រៀងរាល់ពេលព្រឹកគឺលោកតែងតែក្រោកនៅម៉ោង ៦:៤៥ ហើយចំណាយពេលវេលាជាង ៨០% ជារៀងរាល់ថ្ងៃអានសៀវភៅហើយគាត់យល់ឃើញថាបុគ្គលគ្រប់រូបគួរតែអានសៀវភៅជាង ៥០០ ទំព័រក្នុងមួយថ្ងៃៗ ដើម្បីបង្កើនចំនេះដឹង។ ជីវិតរបស់គាត់គឺមានភាពសាមញ្ញបំផុតដោយលោកតែងតែឆ្លៀតរកពេលលំហែចិត្តនិងកាយជានិច្ចទោះបីជាគាត់មានអាយុ ៨៨ ឆ្នាំហើយក៏ដោយ។

៤) Renee Fishman
លោកស្រី Renee Fishman អតីតនិស្សិត I​vy League និងអតីតមេធាវី ហើយជាអ្នករកស៊ីអចលនទ្រព្យមួយរូបផងដែរ។ លោកស្រីមានបទពិសោធន៍ជីវិតជាច្រើន ដែលភាពជោគជ័យរបស់លោកស្រីគឺសុទ្ធតែទទួលបានដោយសារការអនុវត្តតាមទម្លាប់ជាប្រចាំដ៏ប្រពៃរបស់លោកស្រី។

ពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដំណេកអ្វីដែលលោកស្រី ធ្វើមុនគេបង្អស់គឺនាងទៅហាត់ប្រាណ ដោយចំណាយពេលជាង ១៥ នាទីទៅ ៣ ម៉ោងជាង។ អ្វីដែលប្លែកជាងនេះទៅទៀតនោះគឺនៅពេលមកដល់ផ្ទះរបស់លោកស្រីនឹងបិទឧបករណ៍អូឌីយ៉ូឬវីដេអូដើម្បីកុំឲ្យមានការរំខានចំណាយពេលគិតវិភាគដើម្បីរកយុទ្ធសាស្រ្តថ្មីៗក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅពេលបំពេញការងារ។

៥)​ David Karp
លោក David Karp ជាស្ថាបនិកនិងជាអតីត CEO របស់ក្រុមហ៊ុន Tumblr ហើយជាសហគ្រិននិងអ្នកបង្កើតវេបសាយជោគជ័យមួយរូបដែរ។ លោក David Karp យល់ឃើញថាការមានកាលវិភាគប្រចាំថ្ងៃគឺជាកត្តាដែលជំរុញឲ្យមានភាពច្នៃប្រឌិតកើតមានឡើងក្នុងការរស់នៅរបស់លោក​។ ជារៀងរាល់ព្រឹកលោកតែងតែធ្វើដំណើរថ្មើរជើងទៅធ្វើការកន្លែង Office របស់លោកគឺមានភាពលក្ខណៈសាមញ្ញហើយគាត់តែងតែទុកពេលវេលាសមគួរសម្រាប់មើលអ៊ីម៉ែលរបស់លោកដោយមិនចំណាយពេលនៅផ្ទះមើលវាទេ។

និយាយរួម លោកព្យាយាមធ្វើយ៉ាងណាឲ្យពេលវេលាដែលលោកចំណាយធ្វើការនិងសកម្មភាពនៅផ្ទះមានតុល្យភាពស្មើរគ្នាដើម្បីឲ្យលោកអាចផ្ចង់អារម្មណ៍លើសកម្មភាពទាំងឡាយឲ្យបានខ្ពស់មិនមែនមមាញឹកចំពោះតែការងារមួយមុខនោះទេ។

៦) Tony Robbins
ក្រៅពីការចំណាយពេលវេលាយ៉ាងមមាញឹកក្នុងការដើរកំសាន្តជុំវិញពិភពលោក Tony Robbin ដែលជាគ្រូបង្វឹក អ្នកនិពន្ធ  សប្បុរសជន និងជាសហគ្រិនដ៍ជោគជ័យមួយរូបគឺតែងតែមានទម្លាប់ល្អប្រចាំពេលព្រឹករបស់លោកដោយលោកបានលត់ដំខ្លួនឯងឲ្យក្លាយជាមនុស្សជោគជ័យ។

ជាង ១០ ឆ្នាំមកហើយដែលលោកតែងតែធ្វើសមាធិក្នុងរយៈពេល ១០ នាទីនៅពេលព្រឹកដោយគាត់បានបែងចែកជាដំណាក់កាលដូចខាងក្រោម៖

  • ដកដង្ហើម ៣០ដង្ហើម ចំនួន៣លើកក្នុងល្បឿនលឿនក្នុងពេលមួយនាទី
  • ចំណាយពេល ៣ នាទីដកដង្ហើមយឺតៗដើម្បីវាយតម្លៃពីអ្វីដែលលោកកំពុងសប្បាយចិត្តនឹងមាន
  • ចំណាយពេល ៣ នាទីដើម្បីធ្វើការភ្ជាប់អារម្មណ៍រវាងផ្នែកក្បាលនិងខ្លួនប្រាណ
  • ចំណាយពេល ៣ នាទីដើម្បីផ្ចង់និងស្រមើស្រមៃគិតពីអារម្មណ៍ដែលបានសម្រេចគោលដៅទាំង៣របស់លោក
  • ក្រោយមកលោកហាត់ប្រាណក្នុងរយៈពេល ១៥ នាទី។

៧) Jonh Paul Dejoria

លោក Jonh Paul Dejoria ដែលធ្លាប់តែជាជនអនាថាគ្មានផ្ទះសម្បែងប៉ុន្តែឥឡូវជាមហាសេដ្ធីគឺជាជនជោគជ័យមួយរូបដែលមានទម្លាប់ល្អពិសេសរបស់លោកនៅពេលព្រឹកដូចសហគ្រិនខាងលើផងដែរ។ លោកតែងតែចំណាយពេល ៥ នាទីក្នុងពេលព្រឹកដើម្បីផ្ចង់អារម្មណ៍និងឆ្លុះបញ្ចាំងអំពីអ្វីៗដែលលោកកំពុងមានដែលធ្វើឲ្យលោកសប្បាយចិត្ត។ ហើយក្រោយមកលោកឆុងកាហ្វេហូបមុននឹងដំណើរការការងារប្រចាំថ្ងៃ។

លោកបានបង្ហើបប្រាប់ថាលោកអាចផ្ដោតអារម្មណ៍លើការងារបានយ៉ាងល្អដោយសាររូបលោកបានរៀនអំពីគន្លឹះទាំងនេះកាលពីវ័យសិក្សារបស់ដែលលោកគ្មានបច្ចេកវិទ្យាទំនើបៗដូចជាកុំព្យូទ័រនិងអ៊ីម៉ែលទំនាក់ទំនង ហើយរាល់ទំនាក់ទំនងគឺធ្វើឡើងដោយការខលឬផ្ញើរសារតាមរយៈទូរសារ។ ដូចនេះលោកអាចផ្ចង់អារម្មណ៍បានយ៉ាងល្អទៅលើតែការងារសំខាន់ៗប្រចាំថ្ងៃដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងនោះទេ៕

 

 

X
5s