ពេល​ក្លាយ​ជា​សហគ្រិន អ្នក​ត្រូវ​ទទួលស្គាល់​ថា អ្នក​នឹង​គ្មាន​ពេល​គ្រប់គ្រាន់​ធ្វើ​រឿងទាំង​ ​៤​នេះ​



សម្រាប់​សហគ្រិន ពេលវេលា ២៤​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​ហាក់ដូចជា​ខ្លី​ណាស់។ ពិត​មែន​ហើយ​ដោយសារតែ​មុខ​ជំនួញ​វា​ទាមទារ​ឲ្យ​សហគ្រិន​ត្រូវ​ចេះ​គ្រប់គ្រង​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​បែងចែក​ការងារ​​នានា​នៅ​ក្នុង​មុខ​​ជំនួញ​។ ហេតុដូច្នេះ​ហើយ​នៅ​ពេល​ក្លាយ​ជា​សហគ្រិន អ្នក​ត្រូវ​តែ​ទទួលស្គាល់​ថា អ្នក​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​រឿង​​៤ ​ចំណុច​ខាងក្រោម​នេះ​ដូចមុន​ទៀត​ឡើយ៖

 

១. ពេល​វេលា​​សម្រាប់​គេង
ពាក្យ​ថា “សហគ្រិន” គឺ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គេង។ ជា​ទូទៅ​អ្នក​​ជំនាញ​​​ណែនាំ​​​ថា ដើម្បី​រក្សា​សុខភាព​ឲ្យ​ល្អ​ជា​ប្រចាំ អ្នក​ត្រូវតែ​​ទទួលទាន​ដំណេក​​យ៉ាងហោចណាស់​​ក៏​ប្រាំពីរ​ម៉ោង​​ដែរ​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្តែ កិច្ចការ​ជំនួញ ឬ​អាជីវកម្ម​បាន​តម្រូវ​ឲ្យ​អ្នក​ប្រើ​ពេល​ច្រើន​ដើម្បី​គិត​គ្រប់ពេល​សូម្បី​តែ​ពេល​គេង​ក៏​ត្រូវ​គិត​ដែរ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជំនួញ​ជោគជ័យ។ នេះ​មាន​ដូច​ជា យក​ពេលវេលា​​រៀបចំ​គម្រោង​ការងារ​សម្រាប់​ថ្ងៃ​ស្អែក ពិនិត្យ​មើល​ឯកសារ​ផ្សេងៗ និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ជា​ច្រើន​ទៀត។

 

២. ពេលវេលា​​ថែទាំ​សុខភាព​​
តើ​អ្នក​មាន​ចាំ​ទេ​ថា ពេលណា​ជា​ថ្ងៃ​ចុងក្រោយ​ដែល​អ្នក​បាន​ចេញ​ក្រៅ​ទៅ​ហាត់ប្រាណ? អ្នក​ទំនង​ជា​មិន​បាន​ចាំ​ទេ ពីព្រោះ​តែ​អ្នក​កំពុង​មមាញឹក​នឹង​ការងារ​រាប់​មិន អស់​នៅ​ក្នុង​ដៃ។ អ្នក​ប្រហែល​ជា​មាន​គម្រោង​ចេញ​ទៅ​ហាត់ប្រាណ​នៅ​ថ្ងៃ​ស្អែក ឬ​ចុង​សប្តាហ៍​ក្រោយ ប៉ុន្តែ​​ពេលវេលា​មក​ដល់​​មុខ​ជំនួញ​របស់​អ្នក​បង្ខំ​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​គម្រោង​វិញ​ លើកពេល​ទៅ​ក្រោយ​ហើយ​នេះ​បាន​ក្លាយ​ជា​ទម្លាប់​របស់​អ្នក​ដោយសារតែ​អ្នក​បាន​ដាក់​ផែនការ​រកស៊ី​ជា​រឿង​អាទិភាព​ទៅ​ហើយ។

 

៣. ពេលវេលា​សម្រាប់​​ជួបជុំ​គ្រួសារ និង​មិត្តភាព​
នេះ​ជា​​ចំណុច​សំខាន់​មួយ​ដែល​សហគ្រិន ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​។ កិច្ចប្រជុំ​​មុខ​ជំនួញ​របស់​អ្នក​អាច​នឹង​ធ្វើ​ឡើងជា​បន្ទាន់​នៅ​ចំ​ថ្ងៃ​ខួប​កំណើន​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក។ ភ្ញៀវ​របស់​អ្នក​អាច​ណាត់ជួប​អ្នក​នៅ​ចំ​ថ្ងៃ​អាពាហ៍ពិពាហ៍​មិត្ត​របស់​អ្នក។ នៅ​ក្នុង​ស្ថានភាព​នេះ​ចង់​ឬ​មិន​ចង់ អ្នក​ត្រូវ​​ជ្រើសរើស​ការងារ​​មុខ​ជំនួញ​ជា​ធំ​ ដោយសារតែ​វា​ជា​កិច្ចការ​អាទិភាព​របស់​អ្នក​ដែល​នេះ​បាន​បញ្ជាក់​ថា ភាព​ជា​សហគ្រិន​ត្រូវ​លះបង់​​ពេលវេលា​យ៉ាង​ច្រើន​ដល់​ក្រុម​ការងារ ដៃគូ​ជំនួញ ​ឬ អតិថិជន​ជាជាង​​ចំណាយ​ពេល​ជាមួយ​គ្រួសារ និង​មិត្តភាព។

 

៤. ពេលវេលា​សម្រាប់​លំហែ​កម្សាន្ត
ខណៈ​ដែល​ជីវិត​អ្នក​ធ្វើ​ការ​ឲ្យ​គេ និង​មនុស្ស​ទូទៅ​មាន​ពេល​​កម្សាន្ត​ច្រើន ជីវិត​ជា​សហគ្រិន​មិន​មាន​ពេល​សម្រាប់​លំហែ​កម្សាន្ត​ច្រើន​នោះ​ឡើយ។ នេះ​ក៏ដោយសារតែ​តែ​អ្នក​បាន​វិនិយោគ​ពេលវេលា​ច្រើន​ធ្វើ​យ៉ាងណា​ឲ្យ​ជំនួញ​បាន​ជោគជ័យ ហើយ​ប្រសិន​បើ​អ្នក​មាន​ដំណើរ​​ទៅ​ណា​មក​ណា​​ឆ្ងាយ​ ឬ ជិត​នោះ ភាគច្រើន​គឺ​ដើម្បី​តែ​ការងារ​​មុខ​ជំនួញ​អាជីវកម្ម​តែប៉ុណ្ណោះ៕

 

ប្រភព៖ Entrepreneur

X
5s