ក្បួនទាំង ៥យ៉ាង ដើម្បីធ្វើជំនួញជាមួយជនចិនឲ្យមានប្រសិទ្ធភាព​



បច្ចុប្បន្ន ពាណិជ្ជករទូទាំងពិភពលោកកំពុងតែខិតខំបំពេញនូវទីផ្សារពិសេសនៅក្នុងទីផ្សារចិនដ៏ធំសម្បើម។ ប៉ុន្តែកិច្ចព្រមព្រៀងក្នុងអាជីវកម្មរបស់លោកអ្នកជាមួយនឹងជនជាតិចិននឹងមិនអាចសម្រេចបានទេ បើសិនជាលោកអ្នកមិនអាចរកដំណោះស្រាយលើបញ្ហាការងារណាមួយជាមួយនឹងពួកគេបានអោយឆាប់រហ័ស ឬក៍មានការយឺតយ៉ាវក្នុងការតបតអ៊ីម៉ែល ឬទៅណាត់ជួបពួកគេដោយស្លៀកពាក់សជាដើម។

រឿងដែលសំខាន់ជាងគេក្នុងការចរចាលើកិច្ចព្រមពៀងណាមួយជាមួយជនជាតិចិន គឺអ្នកត្រូវតែយល់ថាអ្នកត្រូវការពួកគេដើម្បីសហការក្នុងការងារនោះ មិនមែនពួកគេត្រូវការយើងទេ។ មិនថាគម្រោងព្រមព្រៀងអាជីវកម្មរបស់អ្នកល្អឥតខ្ជោះនិងមានភាពប្លែកយ៉ាងណាក៍ដោយ គឺអ្នកត្រូវតែយល់និងធ្វើតាមក្បួនអនុវត្តន៍របស់ពួកគេ។

ខាងក្រោមនេះគឺជាក្បូនទាំង ៥យ៉ាងដើម្បីកសាងទំនុកចិត្តជាមួយដៃគូជំនួញចិន៖
១) មានការយល់ដឹងពីស្ថានភាពនយោបាយ
នៅក្នុងប្រទេសចិន ស្ថាប័នការងារនីមួយៗមិនថាក្រុមហ៊ុនតូចឬធំក្តីគឺសុទ្ធតែមានសមាជិកការងារដែលមកពីគណបក្សដែលកំពុងកាន់អំណាចក្នុងរាជ​រដ្ធាភិបាល ហើយជាពិសេសនោះគឺជាទូទៅស្ថាប័នការងារណាមួយដែលពាក់ព័ន្ធនឹងបរទេសគឺតម្រូវអោយរាជរដ្ឋាភិបាលមានសិទ្ធិក្នុងការលូកដៃក្នុងរឿងផ្ទៃក្នុងរបស់ស្ថាប័នការងារ។ ហេតុនេះហើយបានជារាល់ការសម្រេចចិត្តក្នុងអាជីវកម្មណាមួយដែលមានដៃគូអាជីវកម្មជាជនជាតិចិន គឺសុទ្ធតែធ្វើឡើងសមស្របទៅតាមក្របខណ្ឌច្បាប់។ ដូចនេះហើយពេលមានដៃគូអាជីវកម្មជាជនជាតិចិន គឺអ្នកមិនត្រូវជម្រុញអោយពួកគេសម្រេចចិត្តលើផ្លូវណាមួយដែលដើរខុសពីលក្ខខណ្ឌរបស់គណបក្សពួកគេទេ។ ហើយបើសិនជាអ្នកអាចធ្វើជាយល់ពីស្ថានការណ៍នយោបាយរបស់ពួកគេហើយប្រកបការងារទៅតាមគោលការណ៍នយោបាយរបស់ពួកគេ គឺពួកគេនឹងចាត់ទុកជាដៃគូដ៍ល្អនិងគួរអោយទុកចិត្ត។

២) ត្រូវរហ័សរហួន
ជារៀងរាល់ថ្ងៃ គឺមានក្រុមហ៊ុនចិនប្រមាណជាង ១២០០០ ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងបង្កអោយមានភាពប្រកួតប្រជែងជាខ្លាំង ហើយក្រុមហ៊ុនទាំងអស់នេះព្យាយាមជ្រៀតខ្លួនចូលទៅបំពេញតម្រូវការទីផ្សារនោះ ដោយព្យាយាមខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេវាកម្មនិងផលិតផលរបស់ខ្លួនដើម្បីអោយក្រុមហ៊ុនរបស់ខ្លួនមានភាពលេចធ្លោរជាងដៃគូប្រកួតប្រជែង។ ប៉ុន្តែអ្វីដែលអ្នកមិនត្រូវភ្ញាក់ផ្អើលនោះការប្រកួតប្រជែងនេះតែងតែរមែងអោយមានការចម្លងផលិតផលពីគ្នាទៅវិញទៅមក។ ដំណោះស្រាយរបស់បញ្ហានេះ គឺអ្នកត្រូវតែវាយលុកទីផ្សារដោយបើកអាជីវកម្មឲ្យបានច្រើន។​ ក្រុមហ៊នចិនធំៗជោគជ័យជាច្រើនមានក្រុមហ៊ុនផ្សេងៗគ្នាជាច្រើន។ វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុនម្ហូបអាហារ fast food មានក្រុមហ៊ុនលក់សម្លៀកបំពាក់  និងផលិតទំនិញជាដើម។

ក្រុមហ៊ុនរបស់ចិនគឺមានការសម្របខ្លួនជាមួយនឹងស្ថានភាពផ្លាស់ប្ដូរទីផ្សារបានយ៉ាងឆាប់រហ័ស ដោយរំពឹងថាដៃគូអាជីវកម្មរបស់ពួកគេនឹងមានភាពបត់បែនយ៉ាងរហ័សដែរ។ ជាទូទៅ ដៃគូអាជីវកម្មជនជាតិចិនតែងតែមានទម្លាប់រហ័សរហួនក្នុងការបត់បែន មិនថាក្នុងទំនាក់ទំនង ឬសកម្មភាពតូចតាចណាមួយដូចជា ការតបអ៊ីម៉ែល ការព្រាងទុកសំណើរណាមួយ និងការយល់ស្រប ឬសម្របខ្លួនទៅតាមការផ្លាស់ប្ដូរនៃកិច្ចសន្យាណាមួយ។

៣) យល់ដឹងពីបរិបទវប្បធម៌
ប្រទេសចិនជាប្រទេសវប្បធម៌និយមដែលពួកគេតម្រូវអោយបរទេសគោរពនិងយល់ដឹងពីវប្បធម៌របស់ពួកគេ។ ជាទូទៅជនជាតិចិនតែងតែវាយតម្លៃបរទេសពីកម្រិតនៃការយល់ដឹងអំពីវប្បធម៌របស់ពួកគេ។ ប្រសិនបើអ្នកនៅតែធ្វើមិនយល់មិនដឹងអំពីវប្បធម៌របស់ប្រទេសចិន នោះអ្នកនឹងត្រូវគេឲ្យឈ្មោះថាស្វាស (laowai) ដែលជាពាក្យដែលសំដៅទៅដល់ជនជាតិបរទេសដែលមិនដឹងអ្វីសោះអំពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនចិន។

ដូចនេះហើយក្នុងពេលធ្វើទំនាក់ទំនងជាមួយជនជាតិចិនគឺត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើទំនាក់ទំនងជាមួយជនជាតិចិន។ តែបើសិនជា អ្នកមានការខុសឆ្គងក្នុងការប្រព្រឹត្តសកម្មភាពណាមួយដែលប៉ះពាល់ដល់វប្បធម៌របស់ពួកគេគឺពួកគេប្រៀបធៀបអ្នកដូចជាកូនក្មេងតូចម្នាក់ដែលមិនដឹងអ្វីសោះ។ ដូចនេះហើយបើសិនជាមានរឿងនេះកើតមានឡើងក្នុងពេលធ្វើទំនាក់ទំនងជាអាជីវកម្មជាមួយជនជាតិចិន ដៃគូជនជាតិចិននោះនឹងមិនចាត់ទុកកិច្ចសន្យាអាជីវកម្មណាមួយរវាងអ្នកនិងពួកគេជាសាច់ការណ៍ទេ។

វប្បធម៌ស្មុគស្មាញមួយទៀតគឺដៃគូអាជីវកម្មជនជាតិចិនចូលចិត្តចំណាយពេលវេលាយ៉ាងយូរក្នុងការណាត់ជួបជាលើកដំបូងដោយដំណាក់កាលដំបូងនៃការជួបពិភាក្សានេះគឺគ្មានការនិយាយពាក់ព័ន្ធនឹងរឿងអាជីវកម្មទេ។ ក្នុងដំណាក់កាលនេះគឺដៃគូជនជាតិចិនកំពុងតែស្វែងយល់និងវាយតម្លៃពីអ្នក។ ប៉ុន្តែបើអ្នកធ្វើអោយពួកគេពេញចិត្តត្រង់ចំណុចណាមួយ គឺពួកគេនឹងចំណាយពេលទទួលទានអាហារជាមួយអ្នកហើយពេលនោះហើយដែលពួកគេនឹងពិភាក្សារឿងការងារនិងសហការការធ្វើអាជីវកម្ម។

ជាពិសេសនោះ ក្នុងពេលផ្ដល់នាមប័ណ្ណខ្លួនដល់ពួកគេគឺត្រូវហុចដៃពីរ ហើយមិនត្រូវស្លៀកពាក់ពណ៌សពេលមានការណាត់ជួបជាមួយពួកគេព្រោះពណ៌សនេះតំណាងអោយសេចក្ដីស្លាប់ក្នុងជំនឿរបស់ពួកគេ។ ហើយត្រូវតែយល់ព្រមជានិច្ចជាមួយពួកគេពេលពួកគេអញ្ជើញអ្នកទៅទទួលទានអាហារព្រោះការអញ្ជើនេះមានន័យថាពួកគេបានពេញចិត្តអ្នកក្នុងការសហការអាជីវកម្មនោះ។ ហើយទោះបីជាអ្នកមិនចេះញ៉ាំអាហារចិនក៍ដោយ តែត្រូវសម្ដែងដូចជាអ្នកចូលចិត្តអាហារបែបនោះណាស់ដើម្បីសម្ដែងពីការផ្ដល់កិត្តិយសដល់ពួកគេ បើមិនអ៊ីហ្ចឹងទេគេនឹងចាត់ទុកដូចជាការប្រមាថ។

៤) ផ្ដល់ជាយុទ្ធសាស្រ្តជាក់លាក់
ជនជាតិចិនតែងតែស្វែងរកដៃគូអាជីវកម្មយូរអង្វែង។ ដូចនេះហើយ ពួកគេនឹងមិនពេញចិត្តពេលដែលអ្នកបានត្រឹមតែស្នើសុំអោយពួកគេទិញផលិតផលរបស់អ្នកព្រោះពួកគេត្រូវការការផ្ដល់យុទ្ធសាស្រ្តដែលទាក់ទាញ។ ជនជាតិចិនត្រូវការការសហការជាយូរអង្វែងហើយមានយុទ្ធសាស្ត្ររឹងមាំដែលអាចបង្កើនវឌ្ឍនភាពជាមួយទីផ្សារចិនគឺវាបង្កើនទំនុកចិត្តរវាងអ្នកនិងពួកគេ។ ការដែលផ្ដល់យុទ្ធសាស្ត្រដែលអាចបង្កើនវឌ្ឍនភាពក្នុងទីផ្សាររបស់ចិនគឺអាចធ្វើអោយពួកគេយល់ថាអ្នកជាដៃគូដ៍ល្អក្នុងការប្រកបអាជីវកម្មនោះ។

ការផ្ដល់សំណើររបស់លោកអ្នកត្រូវតែមើលទៅបង្ហាញអំពីយុទ្ធសាស្ត្រថាផលិតផលនឹងលក់ដាច់ អាចនឹងដល់ចំណុចនេះ អាជីវកម្មនឹងរីកចម្រើនក្នុងរយៈពេល១០ឆ្នាំ។ វិធីសាស្ត្របែបនេះគឺពិតជាបំពេញចិត្តដៃគូជនជាតិចិនមែន។

៥) ត្រូវតែមានភាពជាក់លាក់
ជាមួយនឹងការផ្ដល់យុទ្ធសាស្ត្រអាជីវកម្ម ជនជាតិចិនតែងតែគ្មានការទុកចិត្តលើគម្រងយុទ្ធសាស្ត្រណាមួយដែលបានត្រឹមតែមានពាក្យពេចន៍តែគ្មានទន្និន័យជាលេខ ឬព័ត៌មានជាក់លាក់ ព្រោះយុទ្ធសាស្ត្របែបនេះបានត្រឹមតែធ្វើអោយពួកគេមានការមន្ទិលសង្ស័យនិងគ្មានទំនុកចិត្តថាវាអាចជោគជ័យបាន ឬអត់។ ដូចនេះហើយពេលធ្វើការបង្ហាញពីយុទ្ធសាស្ត្រណាមួយដល់ដៃគូអាជីវកម្មចិនគឺអ្នកត្រូវតែមានភាពជាក់លាក់ទាំងទន្និន័យនិងពេលវេលាច្បាស់លាស់ព្រោះអាជីវករជនជាតិចិនគឺមានភាពពូកែខាងផ្នែកអាជីវកម្មដែលពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុណាស់។

សូមចងចាំថាផែនការអាជីវកម្មដ៏ល្អមួយត្រូវតែជាភាសាចិនហើយការបកប្រែដោយផ្ទាល់ពីភាសាអង់គ្លេសវាមិនគ្រប់គ្រាន់ទេ។ ជនជាតិទាំងអស់គឺនិយមបទបង្ហាញលក្ខណៈជារូបភាពនិងក្រាហ្វិច។ លើសពីនេះទៅទៀត ខុសគ្នាពីអឺរ៉ុប ជនជាតិចិនឱ្យតម្លៃខ្ពស់អ្វីមួយដែលភាពជាក់លាក់ហើយខ្លឹម៕

ដោយ៖ នឿន វណ្ណៈ

X
5s