ក្រុមហ៊ុនវិនិយោគថៃគ្រោងបង្កើតតំបន់ទេសចរណ៍ច្រើនកន្លែងនៅលើទឹកដីខេត្តកែប
ខេត្តកែបគឺជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលខ្លាំងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។ ដោយសម្លឹងឃើញពីសក្ដានុពលនៃទឹកដីខេត្តដ៏តូចមួយនេះ ក្រុមហ៊ុនវិនិយោគថៃចាប់អារម្មណ៍ និងមានគម្រោងក្នុងការវិនិយោគនៅក្នុងតំបន់ទឹកដីទេសចរណ៍មួយនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែបបានលើកឡើងពីភូមិសាស្ត្រ ប្រជាសាស្រ្ត សក្ដានុពល របស់ខេត្តកែបជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ។ ឯកឧត្តមបានបញ្ជាក់ ពីបញ្ហាប្រឈមផ្សេងៗ ដែលមានសម្រាប់ខេត្តទាំងមូលនិងចំពោះអាជីវកម្មដែលកំពុងបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តនេះ គឺភ្ញៀវមកលេងតាមរដូវកាល មិនមែនគ្រប់រដូវកាលនោះទេ។ ឯកឧត្តមបានបន្តទៀតថា នេះជាហេតុធ្វើឲ្យថ្នាក់ដឹកនាំខេត្តខិតខំបន្ថែមទៀតដើម្បីបំពេញនិងដោះស្រាយបញ្ហាក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះ គណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់ប្រទេសថៃ នឹងមានគម្រោងបង្កើតតំបន់ទេសចរណ៍ឲ្យបានទូលាយ និងច្រើនជាងពេលបច្ចុប្បន្ននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តក្នុងទឹកដីខេត្តកែបកាន់តែច្រើនឡើងបន្ថែមទៀត៕
ដកស្រង់ដោយ៖ ជួប ស្រីរ័ត្ន
ប្រភព៖ AKP