ហេតុផល ៥យ៉ាង ដែលអ្នកគួរចាប់ផ្តើមធ្វើអាជីវកម្មនៅវ័យខ្ទង់ ២០ ឬ៣០ឆ្នាំ
ពេលខ្លះមនុស្សស្ទើរតែទាំងអស់តែងតែលើកឡើងពីការធ្វើជំនួញ។ ប៉ុន្តែរឿងការពិតជាក់ស្តែងមានតែមនុស្សតិចតួចប៉ុណ្ណោះដែលចូលប្រឡូកធ្វើជំនួញ។ បើទោះបីជាអ្នកស្ថិតនៅក្នុងទីតាំងណាមួយក៏ដោយ ការចាប់ផ្តើមធ្វើជំនួញនៅវ័យក្មេង គឺជាចំណុចពិសេសមួយបើប្រៀបធៀបទៅនឹងអ្នកចាប់ផ្តើមធ្វើជំនួញនៅវ័យកណ្តាល។ វាមានមូលហេតុសំខាន់ៗមួយចំនួនខាងក្រោមនេះដែលការចាប់ផ្តើមជំនួញវ័យក្មេងមានអត្ថប្រយោជន៍ច្រើនជាងវ័យកណ្តាល ឬ វ័យចំណាស់។
១.សល់ពេលវេលាច្រើនដើម្បីស្វែងរកប្រាក់ចំណូល ឧបមាថា ឥឡូវនេះអ្នកបានបង្កើតមុខជំនួញជោគជ័យមួយ។ វាបានផ្តល់ប្រាក់ចំណេញថេរ និងមាននិរន្តរភាពរហូតដោយចំណូលរបស់វាមួយខែស្មើនឹងប្រាក់ខែរបស់អ្នកធ្លាប់ធ្វើការឲ្យគេរហូតដល់ទៅ ៦ ខែ។ អ្នកសាកគិតទៅមើល តើអ្នកបានចំណេញពេលប៉ុន្មានខែនៅពេលអ្នកធ្វើការឲ្យខ្លួនឯង? ដូច្នេះហើយការចាប់ផ្តើមអាជីវកម្មនៅអាយុខ្ទង់ ២០ ឬក្រោម ៣០ឆ្នាំនេះ វាជារឿងល្អមួយសម្រាប់អ្នក ពោលគឺថា បើអ្នកចំណាយពេលដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាសហគ្រិនបានកាន់តែឆាប់ គឺកាន់តែមានពេលច្រើនដើម្បីកសាងប្រភពចំណូលមកវិញ។
២.មានភាពអត់ធ្មត់នៅពេលជួបហានិភ័យ រឿងពិតប្រាកដរបស់សហគ្រិនគឺថា មិនមែនសុទ្ធតែអ្នកបើកជំនួញទាំងអស់ជោគជ័យគ្រប់ៗគ្នានោះទេ។ ភាពជាសហគ្រិន ឬអ្នកជំនួញគឺទាមទារចំណេះដឹងច្រើនទាក់ទងទៅនឹងការវិនិយោគ មុខជំនួញ និងត្រូវការពេលវេលាច្រើន ព្រមទាំងថវិកាជាដើមទុន។ ទន្ទឹមនឹងនេះវាមានកត្តាផ្សេងៗជាច្រើនទៀតដូចជាការខាតបង់ ការប្រកួតប្រជែង បញ្ហាទីផ្សារ ការប្រតិបត្តិការអាជីវកម្ម ឬការគ្រប់គ្រងហិរញ្ញវត្ថុមិនមានប្រសិទ្ធភាពជាដើមដែលសុទ្ធសឹងតែជាបញ្ហាប្រឈមធ្វើឲ្យសហគ្រិនទាំងនោះបង្ខំចិត្តត្រូវបិទទ្វារតែម្តង។ យ៉ាងណាមិញ អ្នកត្រូវចាំថា ទោះជាជំនួញរបស់អ្នកបរាជ័យ ឬជោគជ័យនៅពេលអ្នកអាចចាប់ផ្តើមជំនួញនៅវ័យក្មេង អ្នកនឹងមានពេលច្រើនដើម្បីសិក្សាពីបញ្ហាប្រឈមទាំងនោះសម្រាប់ទុកធ្វើជាបទពិសោធន៍នៅពេលខាងមុខ។ បញ្ហាទាំងនេះនឹងជំរុញឲ្យអ្នកមានការទទួលខុសត្រូវ មានភាពអត់ធ្មត់ ការប្ដេជ្ញាចិត្ត និងចេះកែតម្រូវចំណុចខ្វះខាតក្នុងអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន។
៣.ថាមពល និងកម្លាំងចិត្ត នៅក្នុងជំនួញ មានតម្រូវការច្រើនណាស់ ហើយនេះជាអ្វីដែលអ្នកត្រូវតែចាំ។ នៅពេលអ្នកចាប់ផ្តើមជំនួញនៅវ័យក្មេង អ្នកនឹងមានថាមពលច្រើន កម្លាំងចិត្ត និងមានពេលវេលារីករាយច្រើនជាងមនុស្សវ័យចំណាស់។ អ្នកអាចក្លាយជាសហគ្រិនគំរូនៅ២ ឬ៣ទសវត្សខាងមុខ ប៉ុន្តែតើអ្នកណាខ្លះហ៊ានប្រាកដក្នុងរឿងនេះ? រឿងពិតគឺថា គំនិតដែលល្អនៅក្នុងថ្ងៃនេះ វាមិនអាចជាគំនិតមិនត្រឹមត្រូវនៅក្នុងបរិបទ ១០ ឬ ២០ឆ្នាំខាងមុខ។ អ្នកត្រូវស្វែងយល់ថា នៅពេលអ្នកកាន់តែចាស់ មានកម្លាំងពលំ កម្លាំងចិត្ត និងមហិច្ឆតារបស់អ្នកវាមិនសូវពុះកញ្ជ្រោលដូចវ័យក្មេងនោះទេ។ ដូច្នេះហើយវាជារឿងល្អប្រសិនបើអ្នកអាចចាប់ផ្តើមធ្វើជាអ្នកជំនួញនៅពេលកំពុងពេញវ័យ។
៤.ងាយបទបែនជាមួយនឹងចរន្តថ្មីរបស់ពិភពលោក វាជាក្រឹត្យក្រមធម្មជាតិដែលថា មនុស្សពេញវ័យ ងាយនឹងទទួលយកភាពបត់បែនបានគ្រប់កាលៈទេសៈជាងមនុស្សវ័យចំណាស់។ ហេតុផលដ៏សំខាន់មួយនោះគឺថា ពួកគេងាយនឹងទទួលយក ឬ សម្របខ្លួនតាមផ្នត់គំនិតថ្មីៗ បានឆាប់រហ័សជាងមនុស្សវ័យចំណាស់ដែលជោគជាំទៅនឹងផ្នត់គំនិតពីមុនៗមក។ ម្យ៉ាងទៀតដោយសារតែសតវត្សទី ២១ ជាយុគសម័យបច្ចេកវិទ្យា ហេតុដូច្នេះយុវជនក្មេងៗអាចសម្របខ្លួនទៅនឹងចរន្តសកលភាវូបនីយកម្មនេះបានយ៉ាងលឿន ឆាប់ចាប់បាន និងអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនោះមកអនុវត្តនៅក្នុងអាជីវកម្មរបស់ខ្លួនបានល្អប្រសើរជាងមនុស្សវ័យចំណាស់។
៥.អាចបើកអាជីវកម្មបានច្រើនក្នុងពេលតែមួយ អ្នកធ្លាប់ឃើញទេថា សហគ្រិន ឬអ្នកជំនួញដែលជោគជ័យ តើបុគ្គលទាំងនោះមានអាជីវកម្មប៉ុន្មាននៅក្នុងដៃ? ចម្លើយមិនមែនមានតែមួយនោះទេ។ យ៉ាងហោចណាស់ក៏ ២ឡើងទៅដែរ។ ដូចនេះការចាប់ផ្តើមធ្វើជំនួញនៅអាយុខ្ទង់ ២០ ឬ ៣០នេះ នឹងផ្តល់ពេលវេលាវែងឆ្ងាយទៅមុខទៀតដើម្បីអាចឲ្យអ្នកកសាងជំនួញច្រើនជាងមួយនៅពេលដែលអ្នកមានបទពិសោធន៍ក្រាស់ក្រែលពីមុនមក។ សូមកុំរង់ចាំរហូតដល់អាយុ ៤០ ទៅ ៥០ឆ្នាំ ពីព្រោះវ័យនេះអ្នកសល់ពេលមិនច្រើន ទៀតទេ។ សូមចាប់ផ្តើមស្រាវជ្រាវ ស្វែងរកគំនិតថ្មីៗ និងធ្វើឲ្យគំនិតរបស់អ្នកក្លាយជាការពិត លេចរូបរាងនៅក្នុងអាជីវកម្មរបស់អ្នក៕
ប្រភព៖ Entrepreneur