មហាសេដ្ឋី Warren Buffett ថា ការ​សម្រេចចិត្ត ​៣​នេះ​​ អាច​បែងចែក​ខុសគ្នារវាង​អ្នក​បាន​​ត្រឹមតែ​ស្រមៃ និង​អ្នក​​ជោគជ័យ​ពិតប្រាកដ​



តើ​លោក Warren Buffett ពិត​ជា​មនុស្ស​​ឆ្លាត​ជាងគេ​បំផុត​មួយ​ក្នុង​លោក​មែន​ដែរ​ឬទេ? ចម្លើយ​នោះ​គឺ​មិនមែន​ទេ។ លោក​ធ្លាប់​បាន​ថ្លែង​ទៅ​កាន់​និស្សិត​ក្នុង​សាកលវិទ្យាល័យ Florida ថា លោក​ប្រៀប​ដូច​ជា​​គ្រូ​បង្រៀន​ក្មេង​ថ្នាក់​ទី៨​ដែរ។ ប៉ុន្តែ​​វា​មាន​​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​លោក​ខុស​ពី​មនុស្ស​សាមញ្ញ​ទូទៅ​នោះ​គឺ​ទាក់ទង​ទៅ​នឹង​​​ការ​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​​ពោរពេញ​ទៅ​ដោយ​ភាព​ជោគជ័យ។ មាន​​ដំបូន្មាន​ ៣ ចំណុច​ដែល​មហាសេដ្ឋី​វ័យ ៨៨ ឆ្នាំ​រូប​នេះ​បាន​អះអាង​ថា គឺ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​អាច​សម្រេច​បាន​ក្តីស្រមៃ​ជា​អ្នក​ជោគជ័យ​ពិតប្រាកដ​ខុស​ពី​មនុស្ស​ដែល​ត្រឹមតែ​បង្កើត​ក្តី​ស្រមៃ៖ ​ ១. កុំ​ប្រថុយ​​​លះបង់​អ្វី​ដែល​អ្នក​មាន​ដើម្បី​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ជា​ចាំបាច់ លោក Buffett ធ្លាប់​បាន​ផ្តល់​ដំបូន្មាន​ដល់​និស្សិត​​ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ផ្លរីដា (University of Florida)​ថា​ លោក​បាន​​ឃើញ​អ្នកជំនួញ និង​បុគ្គល​ជា​ច្រើន​​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​ពួកគេ​​ស្រវា​បោះបង់​អ្វីៗ​ដែល​សំខាន់​សម្រាប់​ខ្លួន​ឯង ទៅ​ស្រវា​​​ចាប់​យក​​រឿង​ផ្សេង​យ៉ាង​លោភលន់​លើស​​ពី​អ្វី​ដែល​ខ្លួន​​ត្រូវការ​។ លោក​​ថ្លែង​ដូច្នេះ​ថា៖«ប្រសិន​បើ​អ្នក​​សុខចិត្ត​​​​លះបង់​អ្វីមួយ​ដែល​មាន​សារៈសំខាន់​​សម្រាប់​អ្នក​ដើម្បី​ធ្វើ​អ្វីមួយ​ដែល​មិន​សំខាន់​សម្រាប់​អ្នក នោះ​វា​មិន​មែន​ជា​មូលហេតុ​ដ៏​​ត្រឹមត្រូវ​នោះ​ឡើយ។ ខ្ញុំ​មិន​ខ្វល់​ថា​ ភាគរយ​ដែល​អ្នក​​ជោគ​ជ័យ​គឺ ៩៩​ទល់​នឹង ១ ឬ ១ ០០០ ទល់​នឹង ១​ក៏ដោយ»២. វិនិយោគ​ទៅ​​លើ​ទំនាក់ទំនង​ណា​មួយ​​ជាមួយ​មនុស្ស​ដែល​ស្មោះត្រង់ និង​​មាន​សីលធម៌​ល្អ នៅ​ក្នុង​ចំណុច​នេះ​លោក​ក៏​បាន​ចោទ​សួរ​​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​​នេះ​ឲ្យ​គិត​​ស្រមៃ​ដល់​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន​ណា​ម្នាក់​​ដែល​ជោគជ័យ​នៅ​​ក្នុង​ជីវិត​របស់​ពួកគេ​។ ផ្អែក​លើ​សំនួរ​របស់​លោក​និស្សិត​ទាំង​នោះ​ច្បាស់​ជា​​នឹក​ឃើញ​ដល់​​​មិត្តភក្ដិ​​ណា​ម្នាក់​ដែល​ពូកែ​ជាងគេ​បំផុត​ មិត្តភក្ដិ​ដែល​មាន​សមត្ថភាព​ជាងគេ ឬ​មិត្តភក្ដិ​ដែល​​​ជោគជ័យ​ជាងគេ​ជា​មិន​ខាន។ យ៉ាងណាមិញ​លោក​បាន​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖« មនុស្ស​ទាំង​នោះ​មិនមែន​ជា​​អ្វី​ដែល​អ្នក​ត្រូវ​រាប់អាន និង​ឲ្យ​តម្លៃ​បំផុត​នោះ​ឡើយ។ មនុស្ស​ដែល​អ្នក​គួរ​រាប់អាន គួរតែ​ជា​មនុស្ស​​​ចិត្តសប្បុរស​ មនុស្ស​ស្មោះត្រង់ មាន​សុជីវធម៌​ខ្ពស់ និង​ជា​មនុស្ស​ដែល​​ធ្វើ​ឲ្យ​អ្នក​ដទៃ​រុងរឿង​​ដោយ​​ប្រើ​គំនិត​របស់​ពួកគេ»៣. ជីវិត​អ្នក​ជោគជ័យ​​អាច​វាស់​បាន​អាស្រ័យ​​លើ​ពាក្យ​មួយ​គឺ ក្តី​ស្រលាញ់ លោក  Warren Buffett ​ធ្លាប់​បាន​ពន្យល់​ថា ភាព​ជោគជ័យ​​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​អាច​វាស់​បាន​តាមរយៈ​​ក្តី​ស្រលាញ់ ពោល​គឺ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ស្រលាញ់ អ្នក​ពិតប្រាកដ? លោក​ថា មាន​អ្នក​មាន​ច្រើន​ណាស់​ដែល​ស្លាប់​ទៅ​បន្សល់​ទុក​លុយ​រាប់​មិន​អស់ ​ខំ​ដាក់​ឈ្មោះ​ឲ្យ​គេ​ចងចាំ ប៉ុន្តែ​គ្មាន​អ្នកណា​​​នឹកនា​ស្តាយស្រណោះ​ និង​ផ្តល់​ក្តី​ស្រលាញ់​ពិតប្រាកដ​បន្តិច​​ឡើយ។ លោក​ថា៖«យើង​អាច​ហៅ​ថា ជីវិត​របស់​យើង​ជោគជ័យ​ឬ​អត់​​ គឺ​​ស្ថិត​នៅ​លើ​ក្តី​ស្រលាញ់។ បញ្ហា​នៅ​ត្រង់​ថា អ្នក​មិន​អាច​ទិញ​ក្តី​ស្រលាញ់​បានទេ។ អ្នក​អាច​​ទិញ​សេវាកម្ម​ផ្លូវ​ភេទ​បាន អ្នក​អាច​ទិញ​អាហារ​ឆ្ងាញ់ៗ​បាន។ ប៉ុន្តែ​វិធី​តែមួយ​គត់​ដើម្បី​ទទួល​បាន​ក្តី​ស្រលាញ់ គឺ​អ្នក​ត្រូវ​​ធ្វើ​ឲ្យ​គេ​ស្រលាញ់​ដែរ។ យក​លុយ​ទៅ​ទិញ​ក្តី​ស្រលាញ់​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ វា​មិនមែន​ជា​ក្តី​ស្រលាញ់​ពិត​ទេ។ បើ​ចង់​បាន​ក្តី​ស្រលាញ់ អ្នក​ត្រូវ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​អ្នកដទៃ​ឲ្យ​បាន​ច្រើន នោះ​អ្នក​នឹង​ទទួល​បាន​ក្តី​ស្រលាញ់​មក​វិញ»ប្រភព៖ Inc

X
5s