ទម្លាប់ទាំង ៧យ៉ាងរបស់បុគ្គលជោគជ័យ ដែលអ្នកមិនគួរមើលរំលង​



មនុស្សម្នាក់អាចជោគជ័យទៅបាន លុះត្រាតែម្នាក់នោះជាមនុស្សដែលមានទម្លាប់ល្អជាមុនសិន។ ប្រសិនបើអ្នកគ្មានទម្លាប់ប្រៀបបីដូចជាអ្នកធ្វើអ្វីមួយតាមតែទំនើងចិត្ត ធ្វើអ្វីមួយមិនជាក់លាក់ នឹកឃើញចង់ធ្វើ ធ្វើ ឬមិនចង់ អត់ដូច្នេះដែរ។ ការមានទម្លាប់ល្អ គឺជាពន្លកភាពជោគជ័យ។ ដូចពាក្យគេនិយាយថា៖ ដំបូងអ្នកបង្កើតទម្លាប់ បន្ទាប់មកទម្លាប់នឹងបង្កើតអ្នកវិញ។ ដូចនេះ ទម្លាប់សំខាន់ខ្លាំងណាស់ ជាពិសេសម្រាប់មនុស្សជោគជ័យ។ ខាងក្រោមនេះគឺជាទម្លាប់ ៧យ៉ាងរបស់បុគ្គលជោគជ័យ៖

១)​ទម្លាប់សុំជំនួយ គ្មាននរណាម្នាក់កើតមកអាចជោគជ័យបានតែម្នាក់ឯងនោះទេ គ្រប់គ្នាតែងតែមានមនុស្សម្នាក់ឬច្រើននាក់សម្រាប់ចាំជួយជ្រោមជ្រែង គាំទ្រពីក្រោយ។ ពេលខ្លះនូវពេលដែលយើងជួបឧបសគ ដែលពិបាកដោះស្រាយមិនចេញ តើអ្នកគួរធ្វើបែបណា? សម្លាប់ខ្លួន? មិនដោះស្រាយ? លះបង់ចោល?  ពេលជួបបញ្ហាអ្នកគួរតែស្វែងរកដំណោះស្រាយផ្សេងៗ សួរមនុស្សជុំវិញខ្លួនអ្នក ជួនកាលបញ្ហារបស់អ្នកអាចនឹងដូចបញ្ហាដែលធ្លាប់កើតមានឡើងទៅលើមនុស្សនៅជុំវិញខ្លួនអ្នកក៏អាចថាបាន។ អ្នកគួរតែមានទម្លាប់ក្នុងការសុំជំនួយពីអ្នកដទៃខ្លះ ដើម្បីជាផ្លូវមួយជួយជំរុញដល់ភាពជោគជ័យរបស់អ្នកបាន។ ប៉ុន្តែកុំធ្វើជាមនុស្សដែលចាំតែគេជួយគ្រប់ពេលឲ្យសោះ។

 

 ២) ទម្លាប់បញ្ចេញសកម្មភាព គ្រប់គ្នាក្នុងលោកនេះមានសមត្ថភាពអាចបង្កើតអ្វីៗគ្រប់យ៉ាងបានទាំងអស់ លើកលែងតែយើងមិនធ្វើតែប៉ុណ្ណោះ ហើយចុងក្រោយក៏ស្លាប់ទៅបិទភ្នែកមិនជិត។ យើងជឿជាក់យ៉ាងមុតមាំថាអ្នកមានគំនិតក្នុងការបង្កើតអ្វីៗដែលល្អៗ ប៉ុន្ដែគំនិតទាំងនោះនឹងប្រៀបបានដូចជាផេះទៅវិញ បើអ្នកមិនចេះយកវាមកបញ្ចេញជាសកម្មភាព។ ដូចនេះអ្នកត្រូវមានទម្លាប់មួយគឺក្លាហាន ហ៊ានធ្វើអ្វីដែលអ្នកគិតថាអាចធ្វើការ។ ទោះមិនបានជោគជ័យក៏អ្នកបានធ្វើសកម្មភាពខ្លះដែរ​ ដើម្បីវាស់ស្ទង់។

៣) ទម្លាប់រៀនរស់នៅឲ្យលំបាក មនុស្សលោកយើងតែងតែមាន ការភ័យខ្លាច និង មន្ទិលសង្ស័យជានិច្ចក្នុងខ្លួន។ ​មនុស្សតែងចង់រស់នៅក្នុងភាពស្រណុកសុខស្រួលក្នុងជីវិត មិនចង់ធ្វើអ្វីដែលលំបាកនោះទេ ។ អ្នកត្រូវផ្លាស់ប្ដូទម្លាប់ស្រួលៗរបស់អ្នកចេញ ហើយមកប្រកាន់ភ្ជាប់នូវទម្លាប់ពិបាកៗខ្លះ ។ ហេតុអ្វីត្រូវផ្លាស់ប្ដូរ? ត្រូវដឹងថាភាពជោគជ័យមិនមែនកើតមានឡើងងាយៗ គ្រាន់តែដេកបិទបើកភ្នែកជោគជ័យរត់មករកអ្នកទេ វាត្រូវការភាពអំណត់ ការតស៊ូ ព្យាយាម  អ្នកត្រូវទទួលយកភាពលំបាកខ្លះ វេទនា​ខ្លះ ដើម្បីអាចទទួលបាននូវអ្វីដែលអ្នកបានកំណត់។ អ្នកត្រូវចាកចេញពីកន្លែងសុខស្រួល (Comfort zone) របស់អ្នកឲ្យបាន។ អ្នកកាន់តែព្យាយាមចាកចេញពីវា រឿងល្អៗជាច្រើននឹងកើតឡើងមកខ្លួនអ្នកជាក់ជាមិនខាន។  ទោះបីជាពេលខ្លះអាចនឹងដួលផ្កាប់មុខជាច្រើនដងក៏ដោយ ប៉ុន្ដែអ្នកបានស្វែងយល់នូវអ្វីៗថ្មីៗជាច្រើននៅលើពិភពលោកនេះ។ ដូចនេះទម្លាប់ហ៊ានលំបាក និងហ៊ានធ្វើអ្វីដែលថ្មីលំបាកគឺសំខាន់ខ្លាំងណាស់។ think outside the box

៤) ទម្លាប់សមាធិ មានដឹងដែរទេសហគ្រិនជោគជ័យជាច្រើនរូប តែងតែសមាធិជារៀងរាល់ថ្ងៃ? អ្នកខ្លះគិតថាអ្នកធ្វើសមាធិជាមនុស្សចម្លែក ប៉ុន្ដែជាការពិតមិនមែននោះទេ។ ការធ្វើសមាធិគឺមានសារៈសំខាន់ខ្លាំងមែនទែន សម្រាប់សុខភាពផ្លូវចិត្ដ និង ផ្លូវអារម្មណ៍របស់មនុស្ស។ វាអាចជួយឲ្យគំនិត ការគិតរបស់អ្នកកាន់តែលឿន និង រហ័សជាងមុន។ អ្នកគួរតែមានទម្លាប់ធ្វើសមាធិយ៉ាងហោចណាស់ ៥នាទីក្នុងមួយថ្ងៃដើម្បីធ្វើឲ្យចិត្ដគំនិត អារម្មណ៍កាន់តែស្រស់ថ្លាជាងមុន។

៥) ទម្លាប់បដិសេធ តើអ្នកធ្លាប់ធ្វើរឿងដែលខ្លួនឯងមិនចូលចិត្ដ ប៉ុន្ដែនូវតែខំធ្វើ ព្រោះខ្លាចចិត្ដអ្នកដទៃ ឬអាណិតគេ ហើយភ្លេចអាណិតខ្លួនឯងដែរទេ? ចម្លើយគឺ ធ្លាប់! យើងតែងយល់ព្រមគ្រប់យ៉ាងនូវពេលដែលមាននរណាម្នាក់មកសុំឲ្យយើងជួយ ដែលរឿងទាំងនោះវាមិនសមនឹងអ្នក ជារឿងដែលអ្នកមិនចង់ធ្វើ តែបែរជាព្រមទទួលធ្វើរឿងនោះទៅវិញដោយសារតែអ្នកចូលចិត្ដធ្វើចរិកតួឯក  ចូលចិត្ដក្រែងចិត្ដគេ ទាំងពួកគេទាំងនោះមិនដែលក្រែងចិត្ដអ្នកម្ដងណាឡើយ។ អ្នកគួររៀននិយាយបដិសេដចំពោះរឿងដែលអ្នកមិនចង់ធ្វើ កុំធ្វើខ្លួនជាស្រមោលរបស់អ្នកដទៃ ដែលតែងតែរណបគេ ទាំងដែលគេមិនដែលរណបអ្នកវិញ។ ថ្ងៃក្រោយទៅមិនមែនពួកគេទាំងអស់នោះទេ ដែលចញ្ចឹមអ្នក។ ដូចនេះអ្នកត្រូវបានទម្លាប់មួយគឺបដិសេធនូវរឿងមិនសំខាន់ ឬមិនចាំបាច់។

នូវពេលដែលអ្នកនិយាយថាយល់ព្រមធ្វើរឿងអ្វីមួយសម្រាប់អ្នកដទៃ ត្រូវប្រាកដចិត្ដថាអ្នកមិនបាននិយាយពាក្យបដិសេដជាមួយខ្លួនអ្នកនោះទេ។ - Paulo coelho-

៦) ទម្លាប់តាមដានរឿងភាគជីវិតរបស់ខ្លួនអ្នក ធ្លាប់មានអារម្មណ៍ថាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើរឿងសំខាន់ដែរអត់? បើចម្លើយធ្លាប់ អ្នកគួរតែចាប់ផ្ដើមតាមដានសកម្មភាពរបស់ខ្លួនឯងជាប្រចាំ ។ សរសេរអ្វីដែលអ្នកត្រូវធ្វើក្នុងថ្ងៃនេះតាមលំដាប់លំដោយ ដាក់រឿងសំខាន់ជាងគេនៅខាងលើ ហើយចាប់ផ្ដើមធ្វើវាម្ដងមួយៗ ។ អ្នកនឹងសម្រេចបានរឿងសំខាន់ៗជាច្រើនក្នុងជីវិតរបស់អ្នក ហើយអ្នកនឹងទទួលបានអារម្មណ៍មួយដែលប្លែកជាងពេលមុនៗដែលអ្នកមិនបានចាត់ចែងជីវិតអ្នកពីមុន។ អ្នកគួរតែចាប់ផ្ដើមសរសេរវាពីថ្ងៃនេះទៅ ដើម្បីទទួលភាពខុសប្លែកថ្មីសម្រាប់ជីវិតអ្នក​ ។ ពេលសរសេរហើយបានជោគជ័យ កុំភ្លេចប្រាប់គ្នាផងណា!

៧) ទម្លាប់មានទំនួលខុសត្រូវ ទម្លាប់មួយនេះជាទម្លាប់ដែលពិបាកជាងគេបំផុតក្នុងចំណោមទម្លាប់ទាំង ៧ ប៉ុន្ដែវាជាទម្លាប់ដែលសំខាន់ជាងគេដែលអ្នកគួរប្រកាន់យកឲ្យបាន។ មនុស្សមួយចំនួន ពេលបញ្ហាកើតមានឡើង តែងតែទម្លាក់កំហុសទៅអោយអ្នកនេះ អ្នកនោះឥតឈប់ឈរ ហើយមិនដែលចាត់ទុកជាកំហុសរបស់ខ្លួនឯងម្ដងណាឡើយ ។ តើអ្នកគិតថាវាអាត្មានិយមពេកទេ កំហុសខ្លួនឯងអ្នកបង្កើតបែរជាទម្លាក់ឲ្យអ្នកដទៃ? អ្នកគួរព្រមទទួលខុសត្រូវលើកំហុសខ្លួនឯងដែលបានបង្កើត វាគឺទំនួលខុសត្រូវដែលមនុស្សគ្រប់រូបគួរមាន។​ អ្នកគួរតែមានទំនួលខុសត្រូវលើជីវិត ទំនាក់ទំនង និង ប្រាក់ចំនូលរបស់ខ្លួនជាចាំបាច់ដូចគ្នា។ អ្នកមានអំណាចក្នុងសម្រេចភាពជោគជ័យរបស់អ្នកដោយខ្លួនបាន ចង់ដួល ឬ ចង់ដើរវាអាស្រ័យទៅលើអ្នក៕

ដោយ៖ ច័ន្ទលាភ
ប្រភព addicted2success

X
5s