ស្ថាបនិក Tube Café ៖ ការលក់Franchise នៅកម្ពុជា កំពុងមានទីផ្សារល្អ
ស្របពេលដែលកាហ្វេកំពុងក្លាយជាផលិតផលមួយដែលទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារកម្ពុជា ឱកាសមួយនេះ បានធ្វើអោយអាជីវកម្មកាហ្វេ ហាក់កំពុងត្រូវប៉ាន់ខ្លាំង រហូតឈានដល់ហាងកាហ្វេជាច្រើន បានរីកដុះដាលស្ទើគ្រប់ទីកន្លែងនៅក្នុងទីក្រុងភ្នំពេញ។
ការញ៉ាំកាហ្វេបែបអឺរ៉ុប និងការជួបជុំគ្នានៅហាងកាហ្វេថ្លៃៗ បានក្លាយទៅជាការពេញនិយម និងទម្លាប់ថ្មីរបស់អភិជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងម៉ាកអន្តរជាតិធំៗជាច្រើនដូចជា Starbucks, Gloria Jeans, Coffee Bean, Costa និងAmazon ជាដើម។
ទន្ទឹមគ្នានេះ កាហ្វេយីហោក្នុងស្រុក ក៏បានសម្រុក បង្កើតនូវម៉ាកសញ្ញាផ្ទាល់ខ្លួនផងដែរ ដើម្បីចូលឆ្លើយតបទៅនឹងតម្រូវការកាហ្វេបែបទំនើបនេះក្នុងន័យដណ្ដើមយកចំណែកទីផ្សារពីកាហ្វេបរទេស។ លោក ឃន ឈុនដារ៉ា ស្ថាបនិកTube Café និងជាហាងKoi Thé បានលើកឡើងថា Tube Café គឺជាផ្លាកសញ្ញាហាងកាហ្វេថ្មីមួយដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ១០០% តាំងពីការរចនា Logo រហូតដល់ការរចនាហាង និងការផ្សំគ្រឿងភេសជ្ជៈ។ ការបង្កើតផ្លាកសញ្ញាថ្មីនេះ គឺដើម្បីវាយលុកចូលទីផ្សា “កាហ្វេវេចខ្ចប់” នៅក្នុងប្រទេសកម្ពុជា ខណៈប្រជាពលរដ្ឋ កំពុងមានការពេញនិយមទទួលទានកាហ្វេ មានការកើនឡើង។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនធ្យូបកាហ្វេ (Tube Cafe) បានលក់សិទ្ធធ្វើអាជីវកម្ម (Franchise) ក្នុងរាជធានីភ្នំពេញចំនួន ៥សាខាហើយ ដោយសាខាទីតាំងទី១មាននៅតាមបណ្តោយ ផ្លូវសហពន្ធ័រុស្សី ទល់មុខក្តាន់២, សាខាទី២ នៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី២, សាខាទី៣ សាខាកាណាឌីយ៉ា នៅខាងក្រោយធនាគារ កាណាឌីយ៉ា, សាខាទី៤ សាខាជ្រោយចង្វារ និងសាខាទី៥ គឺនៅបឹងកេងកងទី១។
លោកបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងពង្រីកការលក់Franchise អោយកើនដល់២០សាខា ត្រឹមឆ្នាំ ២០១៩ ក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញនូវតម្រូវការអ្នករស់នៅក្នុងទីក្រុង អោយមានភាពងាយស្រួលក្នុងការទិញកាហ្វេយីហោខ្មែរ «កាហ្វេថ្នល់»។
លោកស្រី ស៊ីវ ហ្វូង ដែលជាម្ចាស់ហាងធ្យូបកាហ្វេ សាខាទី៥បឹងកេងកងទី១ បានមានឲ្យដឹងថា ដោយលោកស្រីពេញចិត្តញាំកាហ្វេ គឺ«កាហ្វេថ្នល់» មានរសជាតិឈ្ងុយឆ្ងាញ់ និងញាំទៅមិនស្អាក រួមទាំងក្រុមហ៊ុនក៏មានផលិតផលភេសជ្ជៈដែលផលិតពីផ្លែឈើស្រស់ៗ ជាមួយនឹងទាំងតម្លៃថោកសមរម្យ សេវាកម្មល្អផងនោះ ទើបលោកស្រីបានសំរេចចិត្ត ទិញ Franchise និងបើកសាខានេះឡើង។ ម្យ៉ាងនៅតំបន់នេះសំបូរទៅដោយខុនដូ សាលារៀន មន្ទីរពេទ្យ ពិសេសនោះ គឺបរទេស ហើយយលោកស្រីក៏ចង់ឲ្យពួកគេបានស្គាល់ នូវអ្វីដែលកូនខ្មែរបង្កើតឡើង មិនចាញ់ផលិតផលបរទេសនោះទេ៕
ដោយ៖ ស្រីពេជ្រ