មិនធម្មតា! សហគ្រាសមួយកន្លែងអាចយកផ្លែចេកឆ្នៃជាផលិតផលស្ករចេកដំបូងបំផុតនៅកម្ពុជា
ផ្លែចេកត្រូវបានគេយកមកឆ្នៃចេញជាបង្អែម ចេកឆឹង និងដំណាប់ចេកជាដើម ប៉ុន្តែដោយឡែកសម្រាប់សហគ្រាសគំនិតថ្មី បែជាអាចយកផ្លែចេកមកឆ្នៃចេញជាផលិតផលស្ករចេក ដែលជាផលិតផលថ្មីប្លែកនិងដំបូងគេនៅកម្ពុជា។ លោក លឹម ផារ៉ា ស្ថាបនិកនៃនិងជានាយកគ្រប់គ្រងនៃសហគ្រាសនេះប្រាប់ថា ការធ្វើស្ករចេកនេះគឺផ្អែកទៅលើវិធីសាស្រ្តនៃការផលិតតាមរយៈក្បួនរបស់ចាស់ៗបុរាណជំនាន់មុន។
សហគ្រិនរូបនេះបានលើកឡើងថា លោកបានសង្កេតឃើញពីបញ្ហារបស់ប្រជាកសិករខ្មែរនៅក្នុងមូលដ្ឋាន ដែលតែងតែត្អូញត្អែរពីការខ្វះខាតទីផ្សារក្នុងការលក់កសិផល រួមទាំងខ្លួនលោកផ្ទាល់ក៏ជាម្ចាស់ចម្ការផងនោះធ្វើឲ្យលោកកាន់តែយល់ច្បាស់ពីស្ថានភាពលំបាកនោះ។ ដូច្នេះហើយលោករួមទាំងសមាជិកគ្រួសារក៏មានគំនិតក្នុងការចាប់ផ្ដើមអាជីវកម្មជាមួយនឹងផ្លែចេក តែដោយសារតែចង់បង្កើតនូវអ្វីដែលថ្មីនិងបូករួមទាំងមានបច្ចេកទេសដែលបន្សល់ទុកពីចាស់បុរាណផង ធ្វើឲ្យលោកនឹងគ្រួសារចាប់ផ្ដើមបង្កើតផលិតផលស្ករចេកនេះឡើងដំបូងគេ។
លោក ផារ៉ាបានប្រាប់បន្តថា នៅក្នុងមួយខែសហគ្រាសប្រមូលទិញចេកពីប្រជាពលរដ្ឋបានប្រមាណជា៣ទៅ៤ពាន់ស្និត ដូច្នេះលោកយល់ថាផ្លែចេកនៅតែមានទីផ្សារនៅឡើយសម្រាប់ប្រជាកសិករ។ ប៉ុន្តែដោយឡែកការដាំនៅដំណាំចេកនេះបែជាមានការថយចុះទៅវិញដោយសារតែប្រជាពលរដ្ឋនៅក្នុងតំបន់គាត់យល់ថាដំណាំផ្សេងៗមានលក្ខណៈងាយស្រួលជាងដំណាំប្រភេទនេះទៅវិញ។
ម្ចាស់សហគ្រាសរូបនេះបន្តទៀតថា គិតមកដល់ពេលបច្ចុប្បន្ននេះ សហគ្រាសមានផលិតផលប្រមាណជាជិត៣០មុខ ដោយក្នុងនោះរួមមានស្រាចេក ស្ករគ្រាប់ ដំណាប់ចេក និងស្ករចេកជាដើម។ ផលិតផលទាំងនេះបានចាប់ផ្ដើមចូលទៅកាន់ផ្សារទំនើបនាទីក្រុងភ្នំពេញនៅពាក់កណ្ដាលឆ្នាំ២០១៧ ទន្ទឹមនឹងនោះផងដែរផលិតផលទាំងនេះក៏បាននាំចេញទៅកាន់ប្រទេសចិន និងកូរ៉េផងដែរ។ គួរបញ្ជាក់ផងដែរថា សហគ្រាសគំនិតថ្មីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ ដែលមានទីតាំងស្ថិតនៅ ភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន