នេះ​ជា​របៀប​​​គ្រប់គ្រង​ពេលវេលា​របស់​មហាសេដ្ឋី Jeff Bezos​



ក្នុង​នាម​ជា​មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន​អវកាស Blue Origin លោក Jeff Bezos ត្រូវ​​បាន​គេ​វាយតម្លៃ​ថា មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៣៤,៥ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ទស្សនាវដី្ត Forbes។

ថ្លែង​នៅ​កាន់​សិស្ស​និស្សិត​នៅ​ឯ​សាកលវិទ្យាល័យ Yale ក្នុង​ខែ​កុម្ភៈ​នេះ​ មហាសេដ្ឋី​​រូប​នេះ​បាន​បង្ហើប​ពី​របៀប​គ្រប់គ្រង និង​រៀបចំ​ចាត់ចែង​ពេលវេលា​របស់​លោក​នូវ​អ្វី​ដែល​យល់​ថា លោក​មាន​កិច្ចការ​​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ។ «ខ្ញុំ​បាន​ព្យាយាម​រៀបចំ​ពេលវេលា​ផ្ទាល់ខ្លួន​​​សម្រាប់​​លទ្ធផល​​យ៉ាងហោចណាស់​ក៏ ២ ទៅ ៣​ឆ្នាំ​​ទៅ​មុខ​ទៀត​ដែរ​»។ នេះ​ជា​​ថ្លែង​របស់​លោក Jeff Bezos តាម​រយៈ​​ការ​ចេញផ្សាយ​របស់​សារព័ត៌មានBusiness Insider។

លោក​មាន​មហិច្ឆតា​ធំ​ណាស់ ពី​ព្រោះ​​​នៅ​ពេល​អនាគត​ លោក​​ចង់​ឃើញ​ក្រុមហ៊ុន Amazon ក្លាយ​ជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​អតិថិជន​ទាំងអស់​នៅ​លើ​ភព​ផែនដី​​នេះ​ និង​​ចង់​ឲ្យ​ក្រុមហ៊ុន​អវកាស​​ Blue Origin រក​ច្រក​ផ្លូវ​មួយ​​​​​​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ​​ដែល​អាច​ផ្ទុក​មនុស្ស​បាន ១ ពាន់​ពាន់​លាន​នាក់​នៅ​​ពេល​អនាគត ។ ​លោក​លើកឡើង​ដូច្នេះ​ថា៖«ចក្ខុវិស័យ​របស់​លោក​​គឺ​មាន​សារៈសំខាន់​ណាស់។ ប៉ុន្តែ​យើង​ត្រូវ​តែ​ចាប់​ផ្តើម​ធ្វើ​វា​ពី​ឥឡូវ​នេះ។ អ្នក​ត្រូវ​មាន​ចក្ខុវិស័យ​មួយ​ ហើយ​ជា​ចក្ខុវិស័យ​នោះ​គឺ​ជា​អ្វី​ដែល​អ្នក​ចង់​ឃើញ និង​ចង់​ធ្វើ​វា​ម្តង​ហើយ​ម្តង​ទៀត​នៅ​ពេល​អ្នក​បរាជ័យ»។ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ពន្យល់​ក្នុង​ចំណុច​នេះ​​គឺ​ថា អ្នក​គួរ​ចំណាយ​ពេលវេលា​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា វា​នឹង​​បាន​លទ្ធផល​នៅ​ថ្ងៃ​នេះឆ្នាំ​នេះ ប្រហែល​ជា​ ២ ឬ​៣​ឆ្នាំ​ខាងមុខ​ទៀត។

ខណៈ​ដែល​លោក Bezos មាន​គោលដៅ​មួយ​ចំនួន​ដែល​លោក​បាន​គិត​ក្នុង​ចិត្ត​តាំង​ពី​យូរ​ណាស់​មក​ហើយ លោក​បាន​រៀបចំ​កាលវិភាគ​ និង​គម្រោង​​ការងារ​នៅ​ថ្ងៃ​នីមួយៗ លើ​​ការងារ​​ដែល​លោក​សម្លឹង​ឃើញ​ថា ការងារ​​​​ទាំង​នោះ​នឹង​ហុច​លទ្ធផល​នៅ​ក្នុង​រយៈពេល​ចន្លោះ​ពី ២ ទៅ ៣​ឆ្នាំ​ខាងមុខ។ «នៅ​ពេល​យើង​ប្រកាស​ពី​ប្រាក់​ចំណូល​នៅ​ប្រាំ​ត្រីមាស​​នីមួយៗ មនុស្ស​គ្រប់គ្នា​បាន​អបអរ​យើង ហើយ​និយាយ​ថា យើង​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ត្រីមាស​នេះ​ត្រីមាស​នោះ។ ប៉ុន្តែ​​លទ្ធផល​នៅ​ពេល​​នេះ​គឺ​តាមពិត​គឺ​ជា​អ្វី​ដែល​​យើង​បាន​ធ្វើ​តាំង​​ពី ២ ឬ ៣​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​យើង​បាន​​មើល​ឃើញ​រួច​ទៅ​ហើយ​​ថា ក្រុមហ៊ុន​នេះ​នឹង​មាន​លទ្ធផល​បែប​ណា​នៅ​ក្នុង​ឆ្នាំ ២០២១ ឬ​ឆ្នាំ ២០២២ ខាងមុខ»

លោក​បាន​ផ្តល់​ដំបូន្មាន​បន្ថែម​ដូច្នេះ​​ទៀត​ថា​៖«ខ្ញុំ​តែងតែ​លើកទឹកចិត្ត​​អ្នក​ទាំងអស់​គ្នា​​ឲ្យ​ប្រកាន់​ខ្ជាប់​​​នូវ​ចក្ខុវិស័យ​​របស់​អ្នក និង​ត្រូវ​​ពុះពារ​ដើម្បី​ធ្វើ​វា​ឲ្យ​បាន​សម្រេច​។ អ្នក​មិន​​ត្រូវ​​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​​មក​រុញច្រាន​​ចក្ខុវិស័យ​របស់​អ្នក​​ចេញ​ពី​អ្នក​ឡើយ ​។ ប៉ុន្តែ​​ សូម​​លះបង់​ និង​យកចិត្តទុកដាក់​​ទៅ​លើ​អ្វី​ដែល​​អ្នក​​មើល​ឃើញ​ថា នឹង​សម្រេច​ឲ្យ​​បាន​នៅ​ក្នុង​រយៈពេល ២ ឬ​ទៅ​៣​ឆ្នាំ​ខាងមុខ»៕

ប្រភព៖ CNBC

X
5s