​​​ទស្សនៈ​អប់រំ​ដ៏​មាន​តម្លៃ​ចំនួន​ ៧​ ​ដែល​មហាសេដ្ឋី Tony Robbins​ ថា អ្នក​ត្រូវ​ដឹង​​ក្នុង​មួយ​ឆាក​ជីវិត​នេះ​



តើ​អ្នក​មាន​ដឹង​ទេ? បុគ្គល​ជោគជ័យ​បំផុត​​នៅ​លើ​ពិភពលោក​​នេះ​មាន​លក្ខណៈ​ពិសេស​រួម​មួយ​គឺ​ថា ពួកគេ​មាន​ភាព​យ៉ាង​ស្ទាត់ជំនាញ​ក្នុង​ការ​ស្រវា​ចាប់​យក​​សមិទ្ធផល​អ្វី​​ក៏ដោយ​​នៅ​ពេល​ដែល​​ខ្លួន​ចង់​បាន។ នេះ​ជា​អ្វី​ដែល​លោក Tony Robbins​ ​ចង់​លើក​ឡើង ហើយ​វា​ក៏​ជា​ស្រប​ទៅ​នឹង​ទស្សនៈ​ចំនួន ៧ ដែល​លោក​យល់​ថា គឺ​ជា​​វិថី​នៃ​​ភាព​ជោគជ័យ ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ផងដែរ​។ ​

១.អ្វីៗ​ដែល​កើត​មាន​ឡើង​សុទ្ធតែ​មាន​ហេតុ និង​ផល ប៉ុន្តែ​វា​ហុច​លទ្ធផល​មួយ​មក​ឲ្យ​យើង​​ឃើញ​

មនុស្ស​​ជោគជ័យ​ផ្ដោត​លើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ស្ថាន​​​​​​​​​​​​​​​​​​​​​​​​ភាព​​​​​​​​​​មួយ​ បើ​ទោះ​បី​ជា​​មាន​ការ​​រិះគន់​​បែប​ជាន់​ពន្លិច​​​ត្រឡប់​មក​វិញ​ក៏ដោយ​។ លោក​សរសេរ​​ថា នៅ​ក្នុង​លទ្ធផល​​អាក្រក់​មួយ ​អាច​មាន​គ្រាប់ពូជ​ដែល​ល្អ​​មួយ​​​មានតម្លៃ​ស្មើ​នឹង​អ្វី​ដែល​​បាន​បាត់​បង់​ ឬ​មាន​ប្រយោជន៍​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក​ទៅ​ទៀត។

២.អ្វីៗ​ទាំងអស់​មិនមែន​ជា​ការ​​បរាជ័យ​នោះ​ទេ។ វា​គ្រាន់តែ​ជា​​លទ្ធផល​មួយ​ប៉ុណ្ណោះ

សម្រាប់​អ្នក​ជោគជ័យ យល់​ថា ការ​បរាជ័យ​គ្រាន់តែ​ជា​​លទ្ធផល​មួយ​ប៉ុណ្ណោះ។ ប្រសិន​បើ​លទ្ធផល​ដែល​កើត​មាន​ឡើង មិន​សម​តាម​បំណង​​ដែល​ពួកគេ​ចង់​បាន ពួកគេ​យល់​ថា វា​ជា​ឱកាស​​មួយ​ដើម្បី​រៀនសូត្រ។ ​បើ​យោង​តាម​​ការ​យល់​ឃើញ​របស់​លោក Robbins មនុស្ស​ដែល​ជឿ​ថា​ ការ​បរាជ័យ​ គឺ​ជា​បាត់បង់​អ្វីៗ​គ្រប់យ៉ាង គំនិត​របស់​បុគ្គល​នោះ​កំពុង​ត្រូវ​ថ្នាំពុល។

៣.ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ ត្រូវ​តែ​មាន​ទំនួល​ខុសត្រូវ

បុគ្គល​ដែល​ជោគជ័យ​ខ្លាំង​ជឿ​ថា ពួកគេ​​ជា​អ្នក​បង្កើត​ពិភពលោក និង​ការ​ពិត​​ឡើង​។ ត្រង់​នេះ​លោក Robbins និយាយ​ថា​ មេដឹកនាំ​ដ៏​អស្ចារ្យ​បំផុត​មាន​សមត្ថភាព​និយាយ​ដូច្នេះ​ថា៖«វា​ជា​ទំនួលខុសត្រូវ​របស់​ខ្ញុំ។ ទុក​ឲ្យ​ខ្ញុំ​ជា​អ្នក​មើល​ថែរក្សា​វា»។

៤.ចង់​​មាន​សមត្ថភាព​ប្រើប្រាស់​អ្វី​គ្រប់យ៉ាង វា​មិន​ចាំបាច់​ទាល់តែ​​​ចេះ​​គ្រប់យ៉ាង​នោះ​ទេ

រវាង​ការ​ប្រើប្រាស់ និង​ចំណេះដឹង គឺ​មាន​ចំណុច​តុល្យភាព​មួយ។ លោក Robbins និយាយ​ថា អ្នក​ជោគជ័យ​ទាញ​យក​​ឱកាស​ពី​ស្ថានភាព​មួយ ចាប់​យក​អ្វី​​មួយ​ដែល​ខ្លួន​ចង់​បាន​យក​មក​គ្រប់គ្រង​ និង​មិន​​ដេក​​​​ពឹងផ្អែក​លើ​ព្រេង​​សំណាង​។

៥.មនុស្ស​គឺ​ជា​ធនធាន​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក

តើ​អ្នក​បាន​គោរព និង​ឲ្យ​តម្លៃ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ដែរ​ឬទេ? មនុស្ស​ដែល​​​យល់​ពី​​អ្នកដទៃ​ ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​ការ​ជា​ក្រុម ជា​មនុស្ស​មាន​គោលបំណង​ដូចគ្នា ​មាន​ចំណង​សាមគ្គីភាព​ និង​សម្ព័ន្ធភាព​ល្អ​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន។

៦.ការងារ​គឺ​ជា​កម្សាន្ត

បុគ្គល​ល្បីៗ​នៅ​លើ​ពិភពលោក​រាប់​​​ចាប់​ពី​​អ្នក​ចម្រៀង វិស្វករ ស្ថាបនិក​ក្រុមហ៊ុន សេដ្ឋី និង​មហាសេដ្ឋី សុទ្ធតែ​សប្បាយ​រីករាយ​នឹង​ការងារ​របស់​ខ្លួន​រៀងៗ​ខ្លួន។ មហាសេដ្ឋី Bill Gates ប្រហែល​មិន​បង្កើត​ក្រុមហ៊ុន Microsoft ឡើង​នោះ​ទេ ប្រសិន​បើ​លោក​ស្អប់​ ឬ​មិន​ចូលចិត្ត​កម្មវិធី​ Software។ ដូច្នេះ​លោក Robbins បាន​និយាយ​ថា អាថ៌កំបាំង​ជោគជ័យ គឺ​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក ក្លាយ​ជា​ការងារ​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។ ​​

៧.គ្មាន​ឡើយ​ភាព​ជោគជ័យ បើ​គ្មាន​ការ​ប្ដេជ្ញាចិត្ត

ប្រសិន​បើ​អ្នក​គ្រាន់តែ​ព្យាយាម ហើយ​គ្មាន​ការ​ប្ដេជ្ញាចិត្ត នោះ​​​អ្នក​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​បំផុត គួរ​ឲ្យ​ពេញចិត្ត​បំផុត លឿន​បំផុត ឬ​ខ្លាំង​បំផុត​នោះ​ឡើយ។ អ្នក​ត្រូវ​ធ្វើជា​មនុស្ស​​​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​​ផ្សេងៗ​ទៀត​ដែល​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្លាំងក្លា​បំផុត​ក្នុង​លោក៕

ប្រភព៖ cnbc

X
5s