ហេតុផល ១0 យ៉ាងដែលធ្វើឲ្យមនុស្សមួយចំនួនជោគជ័យជាងអ្នកផ្សេងទៀត
ចំណុចដំបូងដែលមនុស្សទូទៅតែងកត់សម្គាល់ទៅលើមនុស្សជោគជ័យគឺការក្រឡេកទៅមើលផ្ទះវីឡា លំនៅឋាន រថយន្តប្រណីតៗ ឬជីវិតស៊ីវិល័យមានលុយរាប់មិនអស់ជាដើម។ ប្រសិនបើអ្នករៀនពីបុគ្គលទាំងនេះត្រឹមលទ្ធផលរបស់ពួកគេ អ្នកមិនអាចជោគជ័យបាននោះទេ។ គន្លឹះមួយដែលធ្វើឲ្យអ្នកអាចជោគជ័យបានដូចពួកគេ គឺការរៀនសូត្រពីរបៀបដែលធ្វើឲ្យពួកគេទទួលបាននូវអ្វីៗដែលពួកគេមាននៅថ្ងៃ នេះ។
អ្នកអាចចោទជាសំនួរឡើងថា តើបុគ្គលជោគជ័យបានធ្វើអ្វីខ្លះ? ហេតុអ្វីបានជាមនុស្សខ្លះជោគជ័យជាងអ្នកផ្សេងទៀត? នៅទីនេះ អ្នកនឹងបានដឹងពីមូលហេតុសំខាន់ៗចំនួន ១០ ដែលធ្វើឲ្យបុគ្គលខ្លះជោគជ័យជាងអ្នកផ្សេងទៀតនៅខាងក្រោមនេះ៖
១.មានចក្ខុវិស័យ មនុស្សជោគជ័យអាចមើលឃើញថា នឹងមានអ្វីកើតឡើងនៅ ពេលខាងមុខ។ ពួកគេអាចគូរវាសរូបភាពបានយ៉ាងច្បាស់អំពីអ្វីថា តើជីវិតរបស់ពួកគេនឹងក្លាយជាបែបណា? និងអ្វីខ្លះដែលពួកគេនឹងសម្រេចបាន? នៅពេលអ្នកបិទភ្នែក អ្នកតើអ្នកមានស្រមៃទេថា តើជីវិតរបស់អ្នកនឹងក្លាយទៅជាយ៉ាងណា?
២.ផ្ដោតយកចិត្តទុកដាក់ មនុស្សជោគជ័យតែងធ្វើអ្វីៗតាមជំហាននីមួយៗដែលចាំបាច់ដើម្បីជួយឲ្យពួកគេស្ថិតនៅលើគន្លងផ្លូវមួយដែលពួកគេចង់ទៅ និងជៀសវាងរាល់ការរំខាននានាដែលទាញពួកគេចេញពីគន្លងផ្លូវនោះ។ មនុស្សប្រភេទនេះ មិនយកលេសដាក់ក្នុងខ្លួនឡើយ។ នៅពេលពួកគេមានភារកិច្ចដ៏ចាំបាច់មួយត្រូវធ្វើ ពួកគេនឹងបន្តធ្វើវារហូតដល់សម្រេចបានលទ្ធផលដែលពួកគេចង់បាន។
៣.មានមហិច្ឆតាខ្ពស់ នៅក្នុងជីវិតរបស់មនុស្សជោគជ័យ ពោរពេញដោយមហិច្ឆតា។ នៅពេលនិយាយពីការងារ ឬជីវិតរបស់ពួកគេ មនុស្សប្រភេទនេះនឹងក្រោកឈរឡើងពុះពារយ៉ាងស្វាហាប់ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេមានភាពល្អប្រសើរជាងអ្នកដទៃ។ ពួកគេស្រលាញ់អ្វីដែលខ្លួនធ្វើ និងដាក់ចិត្តដាក់កាយលះបង់ខ្ពស់លើការងារទាំងនោះ ព្រមទាំងយកចិត្តទុកដាក់ដល់គ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួន។
៤.មានសុទិដ្ឋិនិយមជានិច្ច អ្នកមិនអាចជោគជ័យបានទេ ដរាបណាអ្នកគិតថា អ្នកមិនអាចជោគជ័យបាន។ មនុស្សដែលមានគំនិតវិជ្ជមានតែងតែជឿជាក់ថា មានវិធីដែលត្រូវទៅ ហើយជោគជ័យនឹងធ្លាក់មកលើដៃពួកគេនៅទីបញ្ចប់។ នៅពេលខ្លះអ្នករិះគន់ខ្លួនឯងដែលមិនអាចធ្វើអ្វីជាដុំកំភួនបានដែលវាផ្ទុយពីមនុស្សជោគជ័យចូលចិត្តប្រមូលគំនិតផ្ដោតលើវិធីសាស្ត្រ ឬរបៀបដែលធ្វើឲ្យពួកគេងើបផុតពីភាពបរាជ័យបានជាមួយនឹងក្តីសង្ឃឹមមិនចេះរីងស្ងួត។
៥.រៀនមិនចេះឈប់ មនុស្សជោគជ័យតែងបដិសេធន៍ជីវិតដដែលៗរបស់ពួកគេ។ ពួកគេមិនត្រូវការជាមនុស្សដែលមានស្ថានភាពដូចថ្ងៃម្សិលមិញ ដូច្នេះហើយពួកគេត្រូវការផ្លាស់ប្ដូរលើផ្នត់គំនិតជាសំខាន់។ នេះហើយជាមូលហេតុដែលពួកគេប្រកាន់នូវគោលការណ៍មួយគឺថា បើទោះបីជាខ្លួនជោគជ័យខ្លាំងជាងអ្នកដទៃក៏ដោយ ក៏ពួកគេមិនបោះបង់ការរៀនសូត្រនោះដែរ។ នៅលើផ្លូវជីវិតរបស់ពួកគេ គឺពោរពេញទៅដោយការរៀនសូត្រ និងអនុវត្តដកស្រង់បទពិសោធន៍។
៦.មិនខ្លាចការបរាជ័យ លក្ខណៈពិសេសមួយរបស់មនុស្សជោគជ័យដែលធ្វើឲ្យខ្លួនជោគជ័យជាងអ្នកដទៃនោះគឺថា បុគ្គលប្រភេទនេះ ជាមនុស្សដែលមិនចុះញ៉មនឹងការបរាជ័យ។ បុគ្គលជោគជ័យ ទទួលស្គាល់ការបរាជ័យ ហើយយល់ថា បរាជ័យគឺជាមេរៀនដ៏ល្អសម្រាប់ខ្លួនឲ្យកាន់តែរឹងមាំជាងមុន។ ទោះបីជាបរាជ័យច្រើនដងក៏ដោយក៏បុគ្គលប្រភេទនេះមានការព្យាយាម តស៊ូ មិនបោះបង់ និងមានការប្ដេជ្ញាខ្ពស់ណាស់ដើម្បីនាំភាពជោគជ័យមកទាល់តែបាន។
៧.ជាមនុស្សខិតខំប្រឹងប្រែង អ្នកប្រហែលជាគិតថា បុគ្គលខ្លះជោគជ័យដោយសារតែព្រេងសំណាង។ ប៉ុន្តែការពិត រាល់អ្នកជោគជ័យ គឺសុទ្ធតែឆ្លងកាត់ភាពបរាជ័យរាប់មិនអស់រួចទៅហើយ។ អ្នកអាចស្គាល់ពួកគេនៅពេលពួកគេជោគជ័យប៉ុណ្ណោះ ប៉ុន្តែមុននឹងមានថ្ងៃនេះ អ្នកមិនបានដឹងថា ពួកគេបានខិតខំប្រឹងប្រែងយ៉ាងណាខ្លះនោះទេ។ នៅក្នុងផ្នត់គំនិតរបស់អ្នកជោគជ័យគឺថា ចង់បានភាពជោគជ័យត្រូវតែព្យាយាមប្រឹងប្រែង។ ពួកគេជាមនុស្សមិនជឿលើព្រេងសំណាង ហើយក៏មិនដេករង់ចាំឱកាសល្អមកដល់ដែរពោលគឺពួកគេនឹងបង្កើតឱកាសឲ្យខ្លួនឯង។
៨.ជួយអ្នកដទៃឲ្យជោគជ័យ មនុស្សដែលមិនជួយអ្នកដទៃ គេមិនហៅថា អ្នកជោគជ័យនោះឡើយ។ មនុស្សប្រភេទនេះ គឺជាមនុស្សបរាជ័យ។ ហេតុដូច្នេះហើយអ្នកតែងសង្កេតឃើញថា មានអ្នកជោគជ័យច្រើនណាស់ចូលចិត្តការចែករំលែក ផ្ទេរចំណេះដឹង ណែនាំ និងផ្តល់គំនិតទៅកាន់មនុស្សផ្សេងទៀតជាដើម។ បុគ្គលជោគជ័យជាមនុស្សចាំជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យមនុស្សបរាជ័យរកឃើញពន្លឺនៃជីវិតដូចខ្លួនដែរ។
៩.មានសុចរិតភាព លក្ខណៈពិសេសមួយនៅក្នុងចំណោមលក្ខណៈពិសេសផ្សេងៗទៀតរបស់មនុស្សជោគជ័យគឺថា ពួកគេជាមនុស្សដែលប្រកាន់គោលការណ៍សុចរិតភាព។ នៅពេលអ្នកជាមនុស្សមានគុណធម៌ និងសុជីវធម៌នៅក្នុងការរស់នៅ មានន័យថា អ្នកជាមនុស្សដែលឲ្យតម្លៃលើគោលការណ៍សុចរិតភាពដែលជាមូលដ្ឋានគ្រឹះមួយបញ្ជាក់ថា ជាអ្នកមនុស្សជោគជ័យ។
១០.អរគុណអ្វីដែលបានផ្តល់ឲ្យ មនុស្សជោគជ័យតែងតែអរគុណតបស្នងចំពោះទំនាក់ទំនងរបស់ពួកគេ ជីវិតរបស់ពួកគេ គ្រួសាររបស់ពួកគេ ការងាររបស់ពួកគេ និងសុភមង្គលរបស់ពួកគេ។ ពួកគេអរគុណនូវអ្វីដែលធ្វើឲ្យខ្លួនមានថ្ងៃនេះ។ សម្រាប់អ្នកវិញ តើអ្នកធ្លាប់អរគុណដល់អ្នកណាម្នាក់ហើយឬនៅ?
ប្រភព៖ lifehack