អ្នកនឹងលែងបារម្ភរឿងអស់ទាំងនេះទៀត កាលណាអ្នកផ្អាកអនឡាញ Facebook
ប្រព័ន្ធបណ្ដាញសង្គមគឺជាគ្រឿងសម្រាប់បង្កើនទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន រាប់អានជាមួយមិត្តភក្ដិថ្មីៗនិងយល់ដឹងពីបញ្ហានានាដែលកើតមាននៅក្នុងសង្គម ក៏ដូចជានៅក្រៅប្រទេសផងដែរ។ ប៉ុន្តែមនុស្សមួយចំនួនហាក់ដូចជាងប់ងុលខ្លាំងពេកទៅនឹងការលេងFacebook នេះ ទាល់តែភ្លេចនឹកនាបាយទឹក, ធ្វើការងារសំខាន់ៗដែលមានប្រយោជន៍ជាងនេះ។ នេះជាចំណុចទាំង៨ដែលនឹងកើតមានឡើងនៅពេលអ្នកផ្អាកឈប់លេងFacebook៖
១) ការងារយ៉ាងច្រើនអាចនឹងរួចរាល់
ការងារជាច្រើនដែលអ្នកមិនទាន់បានធ្វើអាចនឹងត្រូវបញ្ចប់លឿនជាងរាល់ដងនៅពេលអ្នកលែងរវល់ជាមួយFacebook តទៅទៀត។ វាអាចជាការញៀនមួយក៏ថាបានព្រោះនៅពេលអ្នកកំពុងតែជក់ចិត្តតាមដានអ្វីមួយនៅលើប្រព័ន្ធអ៊ីនធឺណិតអ្នកនឹងមិនអាចដាច់ចិត្តបញ្ឈប់វាហើយងាកមកបង្ហើយការងារអ្នកវិញនោះទេ។ ពេលខ្លះអ្នកចំណាយពេលសឹងតែរាប់ម៉ោងក្នុងការឆាតទៅកាន់គ្នីគ្នា ហើយវាគឺពិតជាខ្ជះខ្ជាយពេលវេលាខ្លាំងណាស់។
២) អាចផ្ដោតអារម្មណ៍ធ្វើរឿងមានប្រយោជន៍ផ្សេងៗទៀត
គ្រប់ពេលអ្នកប្រើប្រាស់Facebook វាហាក់ដូចជាអ្នកកំពុងតែខ្ជះខ្ជាយពេលវេលាដោយអសារបង់, ខណៈមនុស្សមួយចំនួនឲ្យតម្លៃពេលវេលាណាស់ ហើយប្រៀបប្រដូចពេលវេលាទៅនឹងមាសប្រាក់ទៀត។ ដូចនេះបើអ្នកព្យាយាមសម្រាកពីការលេងវាអ្នកនឹងទទួលបានពេលវេលាចំណេញបន្ថែមទៀតសម្រាប់ធ្វើអ្វីផ្សេងៗ។
៣) អ្នកអាចស្វែងរកឃើញមិត្តភក្ដិពិតរបស់អ្នក
មិត្តភ័ក្ដិតាមប្រព័ន្ធអ៊ីនធឺណិតភាគច្រើនគឺមិនអាចទុកចិត្តបានឡើយ ដោយសារតែមិនដែលបានជួបគ្នានៅខាងក្រៅ។ ដូច្នេះយើងអាចរកបានមិត្តភ័ក្ដិដែលគួរអោយទុកចិត្តបានជាច្រើននាក់ទៀតដោយមិនចាំបាច់ប្រើប្រាស់Facebookទៀតនោះទេ។
៤) អ្នកនឹងដឹងថាប៊ូតុងLike គឺគ្មានន័យឡើយ
មនុស្សជាច្រើនដែលប្រើប្រាស់ប្រព័ន្ធFacebook តែងតែគិតពីចំនួនLikeនៅពេលខ្លួនឯងបង្ហោះរូបភាពឬក៏សារអក្សរ។ តែពេលអ្នកឈប់លេងវាអ្នកនឹងដឹងថាចំនួនLike ទាំងនោះគឺគ្មានប្រយោជន៍អ្វីទេសម្រាប់អ្នក។
៥) អ្នកនឹងមានអារម្មណ៍ថាធ្វើកិច្ចការបានជោគជ័យជាងមុន
នៅក្នុងបណ្ដាញសង្គមFacebook គឺតែងតែមានរឿងថ្មីៗកើតឡើងមិនចេះចប់មិនចេះហើយ។ តែនៅពេលអ្នកតាំងចិត្តថាឈប់ខ្វល់ពីវាហើយអ្នកនឹងមានពេលវេលាជាច្រើនសម្រាប់ធ្វើអ្វីផ្សេងៗទៀត។ អ្នកអាចបញ្ចប់ការអានសៀវភៅ កិច្ចការងារផ្ទះ ឬរកស៊ីផ្សេងៗបង្កើនប្រាក់ចំណេញបានច្រើនជាង។
៦) កាត់បន្ថយចំនួនមនុស្សតាមរំខាន
ជាការពិតណាស់អ្នកនឹងជួបមនុស្សរំខានជាច្រើននៅពេលអ្នកលេងFacebook។ ហើយវាកាន់តែច្បាស់ទៀតប្រសិនបើអ្នកជាមនុស្សស្រីនោះ។ ពូកនោះអាចសង្កេតតាមដានអ្នកតាមរយះរូបថត Status ដោយគ្មានសុំការអនុញ្ញាតពីអ្នក។ទោះបីគេមិនអាចមើលឃើញដោយផ្ទាល់ភ្នែកថាយើងកំពុងតែទាក់ទងនរណាម្នាក់មែន តែគេអាចនឹងដឹងបានដោយគ្រាន់តែចូលទៅកាន់Profile អ្នក។
៧) អ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង
នៅពេលអ្នកលេងFacebook អ្នកនឹងមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ព្រោះពេលខ្លះអ្នកបង្ហោះរូបអ្វីមួយប៉ុន្តែគ្មាននរណាម្នាក់ចុចLike សោះដូច្នេះអ្នកនឹងមានអារម្មណ៍ចំ ឡែកមួយមកលើខ្លួនឯង។ តែបើលេងខ្វល់ពីវា អ្នកនឹងមានពេលវេលាមើលថែខ្លួនឯងបានច្រើនជាងពីមុន។
៨) មានអារម្មណ៍ល្អទៅលើអ្វីដែលខ្លួនមាន
អ្នកកាសែតReuters ឈ្មោះថា Belinda Goldsmith ម្នាក់បានធ្វើការស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់អំពីមតិយោបល់របស់ពូកគេចំពោះការប្រើប្រាស់Facebook។ លទ្ធផលនោះគឺថាមនុស្សជាច្រើនគឺច្រណែននឹងគ្នាទៅលើអ្វីដែលពួកគេគ្មានដូចជាឡានទំនើបៗ ទូរស័ព្ទ ផ្ទះ ជាដើម។ ដូច្នេះតើយើងចង់ស្ថិតក្នុងស្ថានភាពបែបនេះឬយ៉ាងណា?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ power of positivity