តើបុគ្គលិកដែលគ្មានសញ្ញាប័ត្រ អ្នកគួរជួលមកធ្វើការដែរឬអត់?
ការស្វែងរកបុគ្គលិកដែលមានសមត្ថភាពមកធ្វើការ គឺពិតជាស្មុគស្មាញខ្លាំងណាស់។ អ្នកមិនត្រឹមតែត្រូវការបុគ្គលិកដែលខិតខំធ្វើការ និងត្រូវជំនាញការងាររបស់អ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកក៏ត្រូវការអ្នកដែលមានគុណតម្លៃស្របតាមគោលការណ៍ និងវប្បធម៌ក្រុមហ៊ុនរបស់អ្នកផងដែរដូចជា សញ្ញាបត្រ បទពិសោធន៍ ចំណេះដឹង និងអកប្បកិរិយាជាដើម។ ចុះបើមានបេក្ខជនគ្មានសញ្ញាបត្រមកដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នក តើអ្នកគួរជ្រើសរើសឬអត់? មុននឹងឆ្លើយសំនួរនេះ អ្នកគួរពិចារណាលើគន្លឹះ ៣ សំខាន់ខាងក្រោមនេះជាមុនសិន៖
១.ជ្រើសរើសបុគ្គលិកដែលត្រូវជំនាញ មានបទពិសោធន៍ និងអាកប្បកិរិយាល្អ នៅពេលអ្នកសម្រេចជ្រើសរើសបុគ្គលិក វាជារឿងសំខាន់ដែល អ្នកត្រូវស្វែងរកអ្នកណាដែលមានជំនាញស័ក្តិសមនឹងការងាររបស់អ្នក និងមានអាកប្បកិរិយាល្អបើទោះបីជាមិនមានសញ្ញាប័ត្រក៏ដោយ។ ថ្វីត្បិតតែសញ្ញាបត្រវាជារឿងសំខាន់មួយ ក៏ប៉ុន្តែបុគ្គលិកដែលមានបទពិសោធន៍ល្អស្របតាមអ្វីដែលអ្នកចង់បាន គឺវាសំខាន់ជាងនេះទៅទៀត។ ឧទាហរណ៍ថា មានបេក្ខជនម្នាក់រៀនចប់មហាវិទ្យាល័យ ប៉ុន្តែមិនធ្លាប់មានបទពិសោធន៍ការងារពីមុន ហើយមានបេក្ខជនម្នាក់ទៀតមិនមានសញ្ញាប័ត្រ ប៉ុន្តែមានបទពិសោធន៍ការងារត្រូវនឹងការងារអ្នកកំពុងជ្រើសរើស អ្នកគួរជ្រើសរើសអ្នកទីពីរ។ អ្នកត្រូវចាំថា បើមានបេក្ខជនមានបទពិសោធន៍ មានជំនាញដែលអ្នកត្រូវការ និងមានអាកប្បកិរិយាល្អ អត់សញ្ញាប័ត្រក៏គ្មានបញ្ហាដែរ។
២.ផ្ដោតសំខាន់លើជំនាញទន់របស់បុគ្គលិក នៅពេលអ្នកកំពុងសម្ភាសន៍បេក្ខជន វាជារឿងសំខាន់ដែលអ្នកត្រូវស្គាល់ពីបេក្ខជននោះឲ្យបានច្រើនដែលរួមទាំងជំនាញទន់ (Soft Skill) ដែលបេក្ខជននោះមាន និងចង់ដឹងថា តើបេក្ខជននោះអាចបំពេញការងារពីមុនមកបានយ៉ាងដូចម្តេច? អ្នកអាចសាកសួរពីរបៀបរបបធ្វើការជាក្រុម ជំនាញទំនាក់ទំនង របៀបដោះស្រាយបញ្ហា ភាពទន់ភ្លន់ ការបត់បែន និងសុជីវធម៌កម្រិតណា? ក្រៅពីនេះ កុំភ្លេចសាកសួរក្រុមហ៊ុនមុនៗដែលបុគ្គលិករូបនោះធ្លាប់ធ្វើការ ដើម្បីចង់ដឹងលម្អិតថា បេក្ខជននោះមានលក្ខណៈសម្បត្តិដូចអ្វី ដែលខ្លួនរៀបរាប់ដែរឬយ៉ាងណា។ សូមកុំយកសញ្ញាប័ត្រមកធ្វើជាលក្ខខណ្ឌដាក់កំហិតទៅលើបេក្ខជន ហើយអ្នកគួរតែផ្ដោតលើគោលដៅយូរអង្វែងរបស់បេក្ខជននោះថា តើគេចង់ធ្វើអ្វីនៅពេលអនាគតនៅក្នុងក្រុមហ៊ុនរបស់អ្នក?
៣.ផ្តល់ប្រាក់ខែស្របតាមសមត្ថភាពការងារដូចអ្នកមានសញ្ញាបត្រដែរ ប្រសិនបើ អ្នកបានសម្រេចចិត្តជ្រើសរើសបុគ្គលិកគ្មានសញ្ញាបត្រមកធ្វើការ អ្នកគួរឲ្យប្រាក់ខែទៅបុគ្គលិកនោះឲ្យស្មើនឹងបុគ្គលិកដែលមានសញ្ញាបត្រដែរ។ កុំដាក់លក្ខខណ្ឌ ហើយយកមូលហេតុគ្មានសញ្ញាបត្រដែលជាដើមហេតុធ្វើឲ្យបុគ្គលិករូបនោះទទួលបានប្រាក់ខែមិនស្មើគ្នា។ ចំណុចនេះ អ្នកត្រូវធ្វើឲ្យមានតម្លាភាព។ អ្នកគួរឲ្យតម្លៃលើសមត្ថភាពការងារ បទពិសោធន៍ លទ្ធផលការងារ និងភាពជាបុគ្គលិកគំរូនៅក្នុងក្រុមហ៊ុនរបស់បុគ្គលិកនោះ ហើយប្រសិនបើបុគ្គលិកនោះធ្វើបានល្អជាងបុគ្គលិកមានសញ្ញាបត្រ អ្នកមិនគួរស្ទាក់ស្ទើរដំឡើងប្រាក់ខែឲ្យបុគ្គលិកគ្មានសញ្ញាបត្រឲ្យបានច្រើននោះឡើយ៕
ប្រភព៖ Business