ច្បាប់មាសទាំង ៦ របស់មហាសេដ្ឋី Elon Musk
នៅពេលគេនិយាយពីឈ្មោះលោក Elon Musk គឺបុរសម្នាក់នេះហើយដែលជាបុគ្គលដ៏មានឥទ្ធិពលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន SpaceX ក្រុមហ៊ុន Paypal ក្រុមហ៊ុន Tesla និងក្រុមហ៊ុនថ្មីៗជាច្រើនទៀត។ មហាសេដ្ឋីវ័យ ៤៧ ឆ្នាំរូបនេះបានផ្តល់នូវបទពិសោធន៍ និងមេរៀនជីវិតច្រើនណាស់សម្រាប់សហគ្រិន ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ដែលមានទាំងរឿងរ៉ាវបរាជ័យ និងជោគជ័យក្នុងជីវិតរបស់លោក។
យ៉ាងណាមិញ អ្នកពិតជាចង់ជោគជ័យដូច Elon Musk ហើយមែនទេ? ប៉ុន្តែសំនួរដែលគេចោទសួរទូទៅនោះគឺថា តើអ្នកអាចនាំភាពជោគជ័យតាមវិធីណា? តើជំហានឆ្ពោះទៅកាន់ភាពចំណុចកំពូលដូចជារូបលោក គឺជាអ្វី? ចាប់ផ្តើមពីចំណុចសូន្យឬ? ទាំងនេះគឺជាចម្ងល់ ហើយអ្វីដែលអ្នកអាចរៀនសូត្រពីមហាសេដ្ឋីរូបនេះ គឺដំបូន្មាន ៦ ចំណុចខាងក្រោមនេះ៖
១.អានកាន់តែច្រើន ទទួលបានចំណេះដឹងកាន់តែច្រើន ការអប់រំចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់មហាវិទ្យាល័យ គឺពិតជាសំខាន់សម្រាប់អ្នក។ ក៏ប៉ុន្តែបើនិយាយពីការប្រមូលចំណេះដឹងវិញ សាលារៀនតែមួយមុខមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវបង្កើតទម្លាប់ដ៏ ល្អមួយសម្រាប់ខ្លួនឯងដើម្បីអានសៀវភៅជាច្រើនទៀតដោយខ្លួនឯងជាប្រចាំ។ ទម្លាប់អានប្រចាំថ្ងៃនេះនឹងជួយអ្នកបង្កើនចំណេះដឹងគ្រប់យ៉ាងដែលអ្នកត្រូវការជាចាំបាច់ដើម្បីចាប់ផ្តើមដំណើរជីវិតរបស់អ្នក។ ដូចលោក Elon Musk ដែលជាបុគ្គលម្នាក់ចូលចិត្តអានសៀវភៅតាំងពីក្មេងមកនោះ ធ្លាប់បាននិយាយថា អ្នកនឹងនៅតែមិនដឹងអ្វីដែលអ្នកមិនបានដឹងប្រសិនបើ អ្នកមិនបានអានសៀវភៅឲ្យបានច្រើន។ ការចំណាយពេលលើបណ្ដាញសង្គម មិនមានប្រយោជន៍ដូចអានសៀវភៅ អត្ថបទ ឬឯកសារផ្សងៗទៀតនោះទេ ហើយរឿងដ៏សាមញ្ញនោះគឺថា "អានកាន់តែច្រើនចេះកាន់តែច្រើន”។
២.ផ្លាស់ប្ដូរពិភពលោកក្នុងផ្លូវវិជ្ជមាន នោះអ្នកនឹងមានកេរ្តិ៍ឈ្មោះល្អ នៅពេលនិយាយអំពីការផ្លាស់ប្ដូរពិភពលោកក្នុងភាពវិជ្ជមាន នេះមិនមែនមានន័យថា អ្នកចាំបាច់ត្រូវផ្លាស់ប្ដូរឬ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យពិភពលោកឆ្ពោះទៅកាន់គន្លងផ្លូវដ៏ត្រឹមត្រូវមួយនោះទេ។ អ្វីដែលអ្នកត្រូវការចាំបាច់នោះគឺ ការផ្តល់គុណតម្លៃផ្សេងៗទៅដល់មនុស្សជាតិនៅក្នុងលើពិភពលោកយើងនេះ។ ដូច Elon Musk ធ្លាប់បាននិយាយថា ប្រសិនបើអ្នកបង្កើតអ្វីមួយដែលមានតម្លៃខ្ពស់ សូម្បីតែវាគ្រាន់តែជាការជួយកែលំអបន្តិចបន្តួចដល់មនុស្សជាតិ នោះគឺជារឿងល្អរួចទៅហើយ។ រឿងល្អៗ ដែលអ្នកធ្វើមិនចាំបាច់ទាល់តែផ្លាស់ប្ដូរពិភពលោកទាំងមូលនោះឡើយ។នៅពេលអ្នកចាប់ផ្តើមមើលឃើញទង្វើល្អរបស់អ្នកដែលត្រូវធ្វើសម្រាប់សង្គមជាតិ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ល្អកើតមានឡើងជាមិនខាន។ នៅពេលអ្នកមានអារម្មណ៍ល្អ អ្នកនឹងធ្វើទង្វើល្អដែលជួយលើកតម្កើងសីលធម៌របស់អ្នក ហើយទីបំផុតអ្នកនឹងទទួលបានការតបស្នងមកវិញធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកកាន់តែល្បីល្បាញឡើង។
៣.រស់នៅក្នុងជីវិតដែលពោរពេញទៅដោយឧបសគ្គ ប្រសើរជាងរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពសោកស្តាយ យោងតាមទស្សនៈរបស់លោក Musk លោកបាននិយាយថា ពេលវេលាល្អបំផុតដើម្បីក្លាយជាសហគ្រិនគឺនៅពេលអ្នកនៅក្មេង។ វ័យនេះ គឺវ័យសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក។ នៅពេលអ្នកចាប់ផ្តើមកាន់តែចាស់ អ្នកត្រូវតែប្រឈមមុខដោះស្រាយបញ្ហានានា មានទំនួលខុសត្រូវ និងកាតព្វកិច្ចត្រូវធ្វើកាន់តែច្រើន។ ហេតុដូច្នេះហើយបានជាលោកបានណែនាំក្មេងៗ យុវជនទាំងអស់ឲ្យហ៊ានប្រថុយប្រថាននៅពេលក្នុងវ័យនេះ ហ៊ានប្រឈមមុខទៅនឹងឧបសគ្គ តស៊ូ កុំបោះបង់ និងប្រឹងប្រែងឲ្យកាន់តែខ្លាំងបំផុតដើម្បីសម្រេចភាពជោគជ័យដែលអ្នកចង់បាន។ លោកថា ដោយសារតែវ័យក្មេងទំនួលខុសត្រូវរបស់អ្នកនៅតិច ដូច្នេះអ្នកអាចមានពេលច្រើនរៀនសូត្រចូលប្រឡូកជាមួយឧបសគ្គបាន។ ជីវិតរបស់អ្នក គឺស្ថិតនៅលើកណ្ដាប់ដៃរបស់អ្នក ហើយអ្នកមិនត្រូវនិយាយថា សោកស្តាយដែលមិនបានធ្វើអ្វីសោះកាលពីក្មេងនៅពេលដែលអ្នកឈានជើងចូលដល់វ័យចំណាស់នោះទេ។
៤.ការយកលេស គឺមានសម្រាប់តែអ្នកដែលចាញ់តែប៉ុណ្ណោះ អ្នកប្រហែលជាបានឃើញមនុស្សជាច្រើនបានរអ៊ូរទាំទៅនឹងបញ្ហាស្ទះចរាចរណ៍ ប៉ុន្តែអ្នកមានបានដឹងទេថា លោក Elon Musk បានធ្វើអ្វីខ្លះ? ជំនួសឲ្យការត្អូញត្អែរអំពីបញ្ហានេះ លោកបានស្វែងរកដំណោះស្រាយយូរអង្វែងមួយដែលនៅទីបំផុតលោកបានបង្កើតក្រុមហ៊ុនសាងសង់ផ្លូវប្រព័ន្ធក្រោមដី The Boring ហើយវាបានជួយកាត់បន្ថយភាពរញ៉េរញ៉ៃនៅលើដងផ្លូវបាន។ បទពិសោធន៍របស់មហាសេដ្ឋីរូបនេះ បានជួយបង្រៀនអ្នកថា ភាពត្អូញត្អែរទៅនឹងបញ្ហា ឬឧបសគ្គនៅក្នុងជីវិត វាមិនបានផលអ្វីមកវិញនោះទេ។ ផ្ទុយទៅវិញ ការស្វែងរកគន្លឹះ និងដំណោះស្រាយបញ្ហាឯណោះទេ ដែលធ្វើឲ្យអ្នករីកចម្រើនទៅមុខ ហើយមានមនុស្សមកពឹងអ្នកកាន់តែច្រើន។ ភាពរអ៊ូរទាំ វាគ្រាន់តែជាការយកលេសមួយសម្រាប់តែមនុស្សអន់ ឬមនុស្សបរាជ័យប៉ុណ្ណោះ។
៥.ធ្វើជាអ្នកដឹកនាំ មិនមែនជាអ្នកហែហមតាមគេតាមឯងនោះទេ លោក Elon Musk និយាយថា កុំធ្វើត្រឹមតែអ្នកប្រើប្រាស់ផ្លូវ គួរតែធ្វើជាអ្នកត្រួសត្រាយផ្លូវជារឿងល្អប្រសើរជាង។ តាមពិតប្រវត្តិសាស្ត្របានបង្រៀនអ្នករួចទៅហើយថា លក្ខណៈសម្បត្តិមួយនៅក្នុងចំណោមបុគ្គលជោគជ័យ អ្នកជំនួញ ក្រុមហ៊ុន និងឥស្សរជនល្បីៗនៅជុំវិញពិភពលោក គឺការមិនដើរតាមក្តីសុបិន្ដរបស់អ្នកដទៃ ពោលគឺការបង្កើតអ្វីមួយដោយខ្លួនឯង។ អ្នកទាំងនោះមិនចាប់អារម្មណ៍ខ្លាំងលើការប៉ែងជើងអ្នកខ្លាំង ឬបង្កើតសត្រូវនោះទេ ប៉ុន្តែពួកគេបានផ្ដោតលើការបង្កើតថ្មី និងធ្វើអ្វីមួយដើម្បីប្រែក្លាយក្តីសុបិន្តរបស់ខ្លួនឲ្យក្លាយជាការពិត។ នៅពេលបច្ចុប្បន្ននេះ ពិភពលោកពោរពេញទៅដោយការប្រកួតប្រជែងផ្នែកគំនិត ភាពច្នៃប្រឌិត និងការបង្កើតថ្មីកាន់តែ ខ្លាំងក្លា។ ដូច្នេះប្រសិនបើអ្នកមានគំនិតអ្វីពិសេសខុសប្លែកពីគេដែលគំនិតនោះជួយផ្តល់គុណតម្លៃដល់មនុស្សទូទៅ អ្នកនឹងឈានមុខគេនៅលើទីផ្សារ។
៦.ត្រៀមខ្លួនទុកជាមុន ហើយកុំខ្លាចការបរាជ័យ គ្មានអ្នកណាម្នាក់អាចព្យាករណ៍ទុកជាមុនថា ដំណើរជីវិតរបស់អ្នកនឹងជោគជ័យយ៉ាងដូចម្តេច? សូម្បីតែលោក Elon Musk ក៏ដឹងមិនច្បាស់ផងដែរថា តើក្រុមហ៊ុនរថយន្ត Tesla នឹងទទួលបានលទ្ធផលបែបណា? យ៉ាងណាមិញសម្រាប់លោក Musk លោកយល់ថា ប្រសិនបើអ្នកយល់ថា អ្វីមួយគឺពិតជាសំខាន់សម្រាប់អ្នកខ្លាំងមែននោះ អ្នកគួរតែសាកល្បងធ្វើវាទៅបើទោះបីជាលទ្ធភាពនៃជោគជ័យវាមានចំនួនតិចតួចក៏ដោយ។ លើសពីនេះ អ្នកត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពដើម្បីកម្ចាត់ចោលភាពមន្ទិលសង្ស័យជាច្រើនចេញពី ខ្លួនអ្នកឲ្យមកចំនួនមួយតិចតួចបំផុតទើបក្តីសុបិន្តរបស់អ្នកអាចក្លាយជាការពិតបាន។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវត្រៀមខ្លួនផងដែរដើម្បី ភាពបរាជ័យ ហើយអ្នកមិនត្រូវខ្លាចវានោះឡើយ។ នៅពេលអ្នកបានត្រៀមខ្លួនទុកមុនជាស្រេច អ្នកនឹងមានភាពងាយស្រួលដើម្បីប៉ះប៉ូវការខាតបង់ត្រឡប់មកវិញបាន៕
ប្រភព៖ Entrepreneur