ហេតុអ្វី​ការ​​បើក​អាជីវកម្ម​​គឺ​ជា​ផ្លូវ​មួយ​​ឆ្ពោះ​ទៅ​រក​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ?​



តើ​អ្នក​​​អាច​ប្រាប់​បាន​ទេ​ថា តើ​វិធី​ណា​ជា​វិធី​ល្អ​បំផុត​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ឯករាជ្យ​ហិរញ្ញវត្ថុ​? តើ​អ្នក​គួរ​ធ្វើ​អ្វី​ទើប​មាន​លុយ និង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​​កាន់តែ​ប្រសើរ​ជាង​មុន? សំនួរ​​នេះ​​មានតែ​​អ្នក​មាន សហគ្រិន អ្នក​រកស៊ី ឬ ម្ចាស់​អាជីវកម្ម​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​បាន​​ត្រូវ​ជាង ខណៈ​ដែល​ជីវិត​អ្នក​ធ្វើ​ការ​ឲ្យ​គេ​បាន​ត្រឹមតែ​ដឹង ប៉ុន្តែ​មិន​បាន​ពាល់​ច្បាស់​នៅ​ក្នុង​ចិត្ត។

តទៅ​នេះ អ្នក​នឹង​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ពិត​ប្រាកដ​ថា ហេតុ​អ្វី​បាន​ជា​ការ​ធ្វើ​ជំនួញ ឬ​​អាជីវកម្ម​ជា​ផ្លូវ​ដ៏​មាន​ប្រសិទ្ធិ​​មួយ​ធ្វើ​ឲ្យ​អ្នក​មាន​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ? ផ្អែក​តាម​មេរៀន​របស់​បណ្តា​អ្នក​ជំនួញ ម្ចាស់​អាជីវកម្ម​ ឬ​ក្រុមហ៊ុន​ធំៗ​គឺ​ថា បុគ្គល​ទាំង​នេះ​រស់​នៅ​ជា​មួយ​នឹង​ការ​សន្សំសំចៃ​​ប្រាក់​ដោយ​ឈ្លាសវៃ​ ការ​ចំណាយ​​​ដោយ​ប្រុងប្រយ័ត្ន និង​​រស់​នៅ​ជា​មួយ​មហិច្ឆតា​ធំ ដែល​ជា​ទម្លាប់​​​ដ៏​​វិសេសវិសាល​នៃ​គ្រឹះ​កសាង​ភាព​មាន​បាន។

ភាព​ម៉ត់ចត់​ និង​ការ​ចំណាយ​នានា​នៅ​ក្នុង​ក្រុមហ៊ុន​​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​គឺ​ជា​គ្រឹះ​នៃ​ឯករាជ្យភាព​ហិរញ្ញវត្ថុ​ ​ការ​គ្រប់គ្រង​ការ​ចំណាយ​នៅ​ក្នុង​ក្រុមហ៊ុន គឺ​ជា​កាតព្វកិច្ច​​ចាំបាច់​​របស់​ម្ចាស់​ក្រុមហ៊ុន។ ដូច​​គេ​និយាយ​ថា រន្ធ​ធ្លាយ​​ដ៏​តូច​មួយ​អាច​ពន្លិច​នាវា​ធំ​មួយ​បាន។ អត្ថន័យ​មួយ​នេះ​ចង់​ប្រាប់​អ្នក​ថា ជា​ម្ចាស់​អាជីវកម្ម អ្នក​ត្រូវ​តែ​ដឹង​គ្រប់​ចរន្ត​ចេញចូល​ប្រាក់​ចំណូល​ចំណាយ​របស់​អ្នក ​ត្រូវ​វិភាគ ​វាយតម្លៃ​វា​ឲ្យ​បាន​ម៉ត់ចត់ និង​ប្រកបដោយ​ភាព​​ឆ្លាតវៃ​​បំផុត។ អ្នក​ត្រូវ​ចាំ​ថា ការ​​ចំណាយ​ប្រកបដោយ​ភាព​​​ឆ្លាតវៃ នឹង​អាច ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​​ទទួល​បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន ហើយ​ចំណូល​នោះ​នឹង​ធ្លាក់​មក​លើ​ដៃ​អ្នក។ យុទ្ធសាស្ត្រ​សំខាន់​បំផុត​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​គឺ​អ្នក​ដាច់ខាត​កុំ​ចំណាយ​លើ​អ្វី​ដែល​មិន​ចាំបាច់។ ឧទាហរណ៍​ថា បើ​អ្នក​​អាច​កាត់​បន្ថយ​ការ​ចំណាយ​មួយ​នៅ​ក្នុង​រង្វង់ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ ។ សាក​គិត​ទៅ​មើល​ក្នុង​មួយ​ឆ្នាំ អ្នក​អាច​ចំណេញ​លុយ​ប៉ុន្មាន? គឺ ៦ ០០០ ដុល្លារ។ អ្នក​មាន​ដឹង​ទេ ម្ចាស់​អាជីវកម្ម​ច្រើន​ណាស់​បាន​បាត់បង់​ការ​ផ្ដោត​លើ​ការ​ចំណាយ ដោយ​ផ្ដោត​តែ​រឿង​រក​ចំណូល ហើយ​បាន​បណ្តោយ​ឲ្យ​ប្រាក់​ចំណូល​ជា​ច្រើន​​បាត់បង់​ទៅ​ដោយ​ឥតប្រយោជន៍។ ភាព​ហ្មត់ចត់​ក្នុង​ការ​ចំណាយ នឹង​ធ្វើ​ឲ្យ អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ។

សាក​គិត​ដើម្បី​ក្លាយ​ជា​​ម្ចាស់​​អាជីវកម្ម ឬ​ក្រុមហ៊ុន​ជាជាង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន (CEO) ឬ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន (Manager) អ្នក​ប្រហែល​ជា​កំពុង​ធ្វើ ជា CEO ឬ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​របស់​អ្នក​​ដោយ​ខ្លួន​ឯង​។ យ៉ាងណាមិញ ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន ​អ្នក​អាច​លក់​អាជីវកម្ម​ក៏​បាន​ ឬ អាច​ជួល​អ្នកណា​ម្នាក់​ផ្សេង​ទៀត​មក​​គ្រប់គ្រង​ជំនួស​អ្នក​ដើម្បី​រក​លុយ​ឲ្យ​អ្នក។ ជា​ការ​ពិត វិធី​នេះ​អ្នក​មិន​បាច់​ហត់​គិត​ និង​ទៅ​បង្ហាញ​មុខ​នៅ​ក្រុមហ៊ុន​រាល់ថ្ងៃ អង្គុយ​ធ្វើ​ការ​ពី​ព្រឹក​​រហូត​ដល់​​​យប់​នោះ​ទេ។ ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន រឿង​នេះ​អ្នក​ពិត​ជា​អាច​ធ្វើ​បាន។ នេះ​មានន័យ​ថា អ្នក​មាន​ជម្រើស ២​នៅ​ទី​នេះ ពោល​គឺ​អាច​លក់​​ក្រុមហ៊ុន​របស់​អ្នក ឬ ជួល​អ្នក​ណា​ម្នាក់​មក​​គ្រប់គ្រង​ជំនួស​អ្នក។ យ៉ាងណាមិញ ជម្រើស​ទាំងពីរ​នេះ​គឺ​សុទ្ធតែ​បាន​ជួយ​ឲ្យ​អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ​យ៉ាង​ពិត​ប្រាកដ​។

ជីវិត​ហិរញ្ញវត្ថុ​របស់​​អ្នក​​ផ្លាស់ប្ដូរ​​ភ្លាម​​​នៅ​ពេល​​អ្នក​មាន​គម្រោង​​អាជីវកម្ម​ត្រឹមត្រូវ​​​ គោលដៅ​ដើម្បី​សម្រេច​​ភាព​ឯករាជ្យ​ហិរញ្ញវត្ថុ​មិនមែន​ជា​រឿង​មួយ​ថ្មី​ឡើយ ប៉ុន្តែ​​វា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​បាន​វា​។ នៅ​ពេល​អ្នក​មាន​មុខ​ជំនួញ​ក្នុង​ដៃ​ច្រើន អ្នក​នឹង​ដឹង​ថា លុយ​នឹង​រត់​មក​រក​អ្នក​ដោយ​របៀបណា ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​អ្នក​​ដឹង​ច្បាស់​ថា ភាព​ឯករាជ្យ​​ហិរញ្ញវត្ថុ​កំពុង​ធ្លាក់​មក​លើ​ដៃ​អ្នក។ បន្ទាប់​មក​ជម្រើស​ចូលនិវត្តន៍​ទាំង​វ័យក្មេង​​​ពិត​ជា​អាច​ទៅ​រួច​ប្រសិន​បើ​អ្នក​មាន​គម្រោង​ត្រឹមត្រូវ​ដើម្បី​បង្កើត​វា​ឡើង៕

ប្រភព៖ Ianc

X
5s