សហគ្រិន​ស្ត្រី​វ័យក្មេង ណម ចំណាន បង្ហើប​គន្លឹះ​៥​យ៉ាង​ជួយ​ឲ្យ​ការ​បើក​អាជីវកម្ម​ដំបូង​ឆាប់​ដំណើរ​ការ​



ជាមួយបទពិសោធន៍ហូរហៀរ​ជិត១០​ឆ្នាំ​ទាំង​ធ្លាប់​បម្រើ​ការងារ​ជា​បុគ្គលិក និង​ធ្លាប់​បើក​អាជីវកម្ម​ខ្នាតតូច​មួយ​ដោយ​ខ្លួនឯង​ផង​នោះ ទន្ត​បណ្ឌិត​ស្រ្តីវ័យ​ក្មេង កញ្ញា ណម ចំណាន បាន​បើក​មន្ទីរព្យាបាលធ្មេញ​ស្ដង់ដារ​មួយ​កន្លែង​ឈ្មោះ​ថា មន្ទីព្យាបាលធ្មេញ មែលវីន និង​មានបុគ្គលិក​បម្រើ​ការងារ​ចំនួន​១១​នាក់។ សហគ្រិន​ស្រ្តី​រូបនេះ​បាន​ចែករំលែកនូវ​គន្លឹះ​សំខាន់ ​៥​ចំណុច​ដែល​គួរត្រៀម​ខ្លួន​ប្រសិន​បើ​ចង់​ចាប់​ផ្ដើម​បើក​អាជីវកម្ម​មួយ​ឲ្យ​ដំណើរ​ការល្អ។

ចំណុច​ទីមួយ៖ ត្រូវ​មាន​ជំនាញមួយ​ដែល​ច្បាស់លាស់៖ កញ្ញា ចំណាន បានលើកឡើងថា កញ្ញា​មិន​ត្រឹម​តែ​មាន​ជំនាញ​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កញ្ញា​ថែម​ទាំង​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន​រយៈពេល​ជិត​១០ឆ្នាំ​ថែម​ទៀតផង ដែលបទពិសោធន៍ទាំងនោះ​សុទ្ធតែជាអ្វីដែលយើងគួរតែត្រៀមខ្លួនក្នុងការអភិវឌ្ឍជំនាញរបស់យើងបន្ថែម។

ចំណុចទីពីរ៖ កុំធ្វើអ្វីតាមអ្នកដទៃ៖ “យើងកុំព្យាយាមធ្វើអ្វីតាមអ្នកដទៃ ប៉ុន្តែគួរតែរៀនធ្វើអ្វីមួយដែលខុសពីគេ បើសិន​ជា​យើង​គ្រាន់​តែ​បើក​មន្ទីរព្យាបាលធ្មេញ​មួយ​ដែល​ដូច​គេ​នោះ​ក៏​គ្មាន​អ្វីដែល​ជាភាព​លេចធ្លោ​ដែរ” ​នេះ​ជាការ​លើក​ឡើង​របស់​សហគ្រិន​ស្រ្តី​រូបនេះ។ បើនិយាយពីអាជីវកម្មរបស់ទន្តបណ្ឌិតស្រ្តីរូបនេះវិញ គឺ​កញ្ញា​ត្រូវបាន​មិត្តភក្កិ​នៅ​ក្នុង​វិស័យ​ទន្តសាស្រ្ត​ទទួល​ស្គាល់​កញ្ញា​ទៅ​​លើ​ជំនាញ​ឯកទេសពត់ធ្មេញ​ ដូច្នេះ​ចំណុចនេះ​ចង់​បញ្ជាក់​ថា​មន្ទីរព្យាបាលធ្មេញ​របស់​ដុកទ័រ​ចំណាន​មាន​បម្រើ​សេវាកម្ម​ព្យាបាល​​​ក្នុង​​វិស័យទន្តសាស្រ្តទូ​ទៅ​ដូច​មន្ទីរព្យាបាលធ្មេញ​ដទៃ​ទៀត​ដែរ​ប៉ុន្តែ​អ្វី​ដែល​ជាភាព​លេច​ធ្លោ​នោះ​គឺ មន្ទីរព្យាបាលធ្មេញ​​របស់​​កញ្ញា​ត្រូវបាន​អតិថិជន​គាំទ្រខ្លាំង​និង​ទទួលស្គាល់​ទៅ​លើ​សេវាកម្ម​ពត់ធ្មេញ​។

ចំណុចទី៣៖ ធ្វើអ្វី​ដែល​ជា​ការ​ស្រលាញ់​របស់​យើង៖ យើង​គួរ​តែ​ធ្វើអ្វី​មួយដែល​កើតឡើង​ដោយ​ក្ដីស្រលាញ់ ​កុំ​ព្យាយាម​ធ្វើអ្វី​ដោយ​ការបង្ខំចិត្ត​នោះ​យើង​នឹង​មិន​អាច​ធ្វើវា​បាន​យូរនោះ​ទេ​ហើយ​ក៏​មិន​អាច​ធ្វើ​វា​បាន​ល្អ​ថែម​ទៀត ដូច្នេះ​បើ​យើង​មាន​ទេពកោសល្យ​រួម​នឹង​ក្ដីស្រលាញ់ នោះ​គំនិត​នៃ​ការបង្កើត​ថ្មី​នឹង​កើត​ឡើង​ហូរ​មក​ដោយ​ខ្លួនឯង​ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​យើង​អាច​បង្ហាញ​នូវ​ភាព​លេច​ធ្លោរ​បស់យើង​ចេញមកក្រៅ។

ចំណុចទីបួន៖ ត្រូវមានការលះបង់៖ ការ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ធនធាន និង​ពេល​វេលា​គឺជា​រឿង​មួយ​ដែល​ជៀសមិនផុត​នោះ​ឡើយ​នៅពេល​ដែលយើង​ដាក់ចិត្ត​ថា​ចាប់ផ្ដើម​បង្កើត​អាជីវកម្ម​មួយ ព្រោះ​ថា​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​បើក​អាជីវកម្ម​ថ្មីថ្មោង​គឺ​យើង​ត្រូវ​ការ​លះបង់​ច្រើន មិន​ថា​តែ​ពេល​វេលា​ក៏​យើង​ត្រូវ​លះបង់​ច្រើន​ជាង​អ្នក​ធ្វើ​ការងារ​ឲ្យ​យើង ហើយ​យើង​ក៏​ត្រូវតែ​ត្រៀមចិត្ត​ឲ្យ​ហើយ​ទៅ​លើការ​ចំណាយ​ប្រាក់កាក់។

ចំណុចទីប្រាំ៖ កុំ​ដាក់​ក្ដី​រំពឹង​ខ្ពស់​ពេក៖ កុំដាក់​ក្ដី​រំពឹង​ទៅ​លើ​អ្វី​មួយ​ខ្ពស់​ពេក បើ​យើង​រំពឹង​កាន់​តែ​ខ្ពស់​នោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខកចិត្ត ដោយ​ឡែក​យើង​ត្រូវ​តែត្រៀម​ខ្លួន​នូវ​ផែនការ​ទី២​ប្រសិន​បើ​ផែន​ការ​ទី១​របស់​យើង​បរាជ័យ តើ​យើង​ត្រូវ​ធ្វើ​​អ្វី​បន្ត​ទៀត ទាំងអស់​នេះ​សុទ្ធ​តែ​ជា​អ្វី​ដែល​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ខ្លួន​ឯង​ឲ្យ​បាន​រួចរាល់​៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន