Bill Gates និយាយ​ថា បើ​អ្នក​ធ្វើ​រឿង ២​ នេះ​បាន​កាន់តែ​ឆាប់ អ្នក​នឹង​កាន់តែ​មាន​



បើ​ទោះបី​ជា​លោក​បាន​បោះបង់​សាលា មហាសេដ្ឋី​លោក​ Bill Gates នៅ​តែ​ចាត់​ទុក​ថា ការ​អប់រំ​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​យុវជន​គ្រប់រូប។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ការ​អប់រំ​​នៅ​សាលា​តែមួយ​មុខ​មិន​​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ទាំងអស់​នោះ​ទេ ហើយ​ការ​បង្កើត​ទំនាក់ទំនង​មួយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​​ពហុ​ជំនាញ​របស់​អ្នក គឺ​ជា​មាគ៌ា​មួយ​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ។ ​

១.យកចិត្ត​ទុកដាក់​ទៅ​លើ​មនុស្ស​ដែល​អ្នក​ចំណាយ​ពេល​ជាមួយ
«ចូរ​រាប់​អាន​មនុស្ស​ដែល​​​​ជួយ​ជ្រោមជ្រែង​អ្នក បង្រៀន​អ្នក និង​ជំរុញ​ឲ្យ​អ្នក​​ក្លាយ​​ជា​មនុស្ស​កាន់តែ​ល្អ​ជាង​មុន»។ នេះ​ជា​សារ​មួយ​ដែល​លោក Bill Gates បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​លោក។ សារ​របស់​​មហាសេដ្ឋី​រូប​នេះ គឺ​​ដូច​ទៅ​នឹង​ការ​យល់​ឃើញ​មិត្ត​សំណប់​​របស់​លោក​គឺ​​​មហាសេដ្ឋី​ចាស់វស្សា​ Warren Buffett ​អញ្ចឹង​ដែរ។

​កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ នៅ​ក្នុង​កម្មវិធី​ចែក​សញ្ញាប័ត្រ​មួយ​​របស់​​និស្សិត​នៃ​សាកលវិទ្យាល័យ Columbia ​លោក Warren Buffett ​ បាន​លើក​ឡើង​នៅ​មុខ​លោក Bill Gate ​ដូច្នេះ​ថា៖« ​​សេពគប់​មនុស្ស​បែប​ណា អ្នក​ទាំងអស់​គ្នា​នឹង​ក្លាយ​ជា​មនុស្ស​បែប​នោះ។ អញ្ចឹង​ហើយ វា​ជា​រឿង​សំខាន់​ណាស់​ដើម្បី​សេពគប់​មនុស្ស​ដែល​ល្អ​ជាង​អ្នក។ ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា អ្នក​ត្រូវ​រាប់​អាន​មនុស្ស​បែប​នោះ»។ 

២.ឲ្យ​តម្លៃ​ទៅ​លើ​ពហុ​ជំនាញ​​​​
សម្រាប់​ចំណុច​ទី២​នេះ លោក Bill Gate បាន​សរសេរ​ដូច្នេះ​​ថា៖« រៀន​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​ទៅ​លើ​ទេពកោសល្យ​​យ៉ាង​ច្រើន​សំបូរ​បែប​​របស់​មនុស្ស​ម្នាក់ៗ»។  សារ​មួយ​នេះ​ក៏​ជា​អ្វី​ដែល​លោក​កំពុង​​​ធ្វើ​នៅ​ក្នុង​​ជីវិត​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ។

នៅ​ពេល​ដែល​លោក និង​ភរិយា​របស់​លោក​ថ្លែង​ទៅ​កាន់​និស្សិត​នៃ​សាកលវិទ្យាល័យ​​ City University of New York កាល​ពី​ដើម​ឆ្នាំ ២០១៨ លោក​​ក៏​ត្រូវ​បាន​លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Facebook សាកសួរ​​ផង​ដែរ​ថា តើ​លោក​មាន​ដំបូន្មាន​អ្វី​សម្រាប់​ចែករំលែក​ដល់​​យុវជន​ជំនាន់​ក្រោយ? ​​​

ឆ្លើយតប​ទៅ​នឹង​សំនួរ​នេះ លោក​ Bill Gates ឆ្លើយ​ថា  លោក​បាន​យល់​ច្បាស់​ថា ការ​ឲ្យ​តម្លៃ​លើ​ទេពកោសល្យ​របស់​មនុស្ស​ម្នាក់ៗ គឺ​ជា​រឿង​សំខាន់​បំផុត​មួយ។

«បើ​និយាយ​ពី​​​ជំនាញ​ច្រើន​​ ខ្ញុំ​ហាក់​ដូច​ជា​ល្ងង់​បន្តិច។ ខ្ញុំ​មាន​ជំនាញ​មិន​ច្រើន​ទេ។ ខ្ញុំ​គិត​ថា បើ​អ្នកណា​ម្នាក់​មាន IQ ខ្ពស់ អ្នក​នោះ​អាច​ចេះ​ជំនាញ​ច្រើន​ក្នុង​ពេល​តែមួយ ហើយ​អាច​ធ្វើ​អ្វីៗ បាន​ច្រើន។ ហើយ​​ការ​ផ្សំ​គ្នា​នៃ​គំនិត​​តូចៗ​ដែល​បាន​មក​ពី​​ពហុ​ជំនាញ​នេះ ​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​​រហូត​មក​ដល់​ថ្ងៃ​នេះ»។ នេះ​ជា​​សម្តី​​របស់​ស្ថាបនិក​រួម​ក្រុមហ៊ុន Microsoft រូប​នេះ​។

លោក​បន្ត​ថា គំនិត​តូចៗ​ដែល​បាន​​មក​ពី​ជំនាញ​ផ្សេងៗ​របស់​អ្នក អាច​ធ្វើ​ឲ្យ​អ្នក​ដើរ​ចេញ​ពី​មួយ​កន្លែង និង​អាច​ដោះស្រាយ​បាន​បញ្ហា​ច្រើន​យ៉ាង​ទៀត​ផង៕

ប្រភព៖ cnbc 

X
5s