៧ ចំនុចបង្ហាញថាពាណិជ្ជសញ្ញា (Trademark) សំខាន់សម្រាប់អាជីវកម្មរបស់អ្នក​




បើនិយាយពាក្យ​
"ពាណិជ្ជសញ្ញា ឬ Trademark” មនុស្ស​មួយ​ចំនួន​តូច​​ស្តាប់​ទៅ​វាហាក់​ដូចជា​ប្លែក​ត្រ​ចៀក​បន្តិច​​ ដោយ​គិត​ថា​មិនសូវស្គាល់​ទេ​ថា​វា​ជាអ្វី តែ​ការពិត​ទៅ​ពាណិជ្ជសញ្ញាជាអ្វី​ដែល​ទាំង​អស់​គ្នា​បាន​ឃើញ​ជា​រៀ​ងរាល់​ថ្ងៃ កាន់​វា​នៅ​ក្នុង​ដៃជារៀង​រាល់​ថ្ងៃ។ គ្រប់​ផលិត​ផល​សុទ្ធ​តែ​មាន​ពាណិជ្ជ​សញ្ញា ហើយ​ពាណិជ្ជ​សញ្ញា​នោះ​គឺ​សំដៅ​លើ​ម៉ាក​យីហោ​ផលិត​ផល​នេះឯង។

ការសម្រេចចិត្តទិញរបស់របរអ្វីមួយប្រើប្រាស់គឺទទួលឥទ្ធិពលពីពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន និងកេរ្តិ៍ឈ្មោះដែល​តំណាង​ឲ្យ​ម៉ាកផលិត​ផល​នីមួយ​ៗ។​ វា​សំខាន់ខ្លាំង​ណាស់​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​ក្នុ​ងការ​យល់​ដឹង​ថា​ ហេតុ​អ្វី​ពាណិជ្ជ​សញ្ញា​ជាទ្រព្យ​មួយ​ដ៏​សំខាន់​ ជួយ​ដល់​ការ​រីក​ចម្រើន​អាជីវកម្ម​របស់​អ្នក?”

ខាង​ក្រោយ​នេះគឺជាហេតុផលមួយចំនួនដែលបញ្ជាក់ថា​ពាណិជ្ជ​សញ្ញា​សំខាន់​សម្រាប់​អាជីវកម្ម​៖
១) ពាណិជ្ជ​សញ្ញា​ជា​ឧ​បករណ៍​មួយ​ដែល​មាន​ឥទ្ធិ​ពល​សម្រាប់​ជួយ​ដល់​ការ​ធ្វើ​ទំនាក់​ទំនង៖ នៅក្នុងស្លាកយីហោ ឬ logo តែមួយពាណិជ្ជសញ្ញាអាចបង្ហាញពីបញ្ញានិងលក្ខណៈអារម្មណ៍ សារពីក្រុមហ៊ុន​របស់​អ្នក​ កេរ្ដិ៍ឈ្មោះផលិតផល និងសេវាកម្មដែល​ក្រុមហ៊ុនអ្នកផ្តល់​ជូន​ទៅ​អតិថិជន​។ ការ​ដាក់​ពាណិជ្ជ​សញ្ញា​មិនចាំ​បាច់​ទាល់តែ​ជា​ពាក្យ​ឬឃ្លា​​ទេ គ្រាន់​តែដាក់​ជាអក្សរ​តំណាង ឬ​សញ្ញា​មួយងាយ​ចំណាំ​ជាការ​ល្អ​បំផុត។

២) ពាណិជ្ជ​សញ្ញាបង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​អតិថិជន​ក្នុង​ការ​ស្វែង​រក​ផលិត​ផល​អ្នក៖ ​​នៅ​ក្នុង​ទីផ្សារមិនមែន​មាន​តែផលិត​ផល​របស់​អ្នក​ទេ​ដែ​លឈរ​ជើង មាន​ផលិត​ផល​របស់​ក្រុម​ហ៊ុន​នានា​ច្រើន​ស្ទើរ​រាប់​មិនអស់​។ ហើយ​អ្នក​ទាំង​នោះជា​ដៃ​គូប្រជែង​របស់​អ្នក ហើយ​ពាណិជ្ជសញ្ញា​គឺ​ឧបករណ៍ទំនាក់ទំនងពាណិជ្ជកម្មមានប្រសិទ្ធិភាពក្នុ​ងការ​ចាប់​យក​ចំណាប់​អារម្មណ៍​ពីអ្នក​ប្រើ​ប្រាស់ និង​ជួយ​ឲ្យ​ផលិ​តផល​របស់​អ្នក​មានតំណែង​ មាន​ទីកន្លែង​ឈរ​នៅ​លើ​ទី​ផ្សារ​។

នៅ​ពេល​ដែល​អតិថិជន​បាន​ឃើញ​ផលិត​ផល​ដែល​មាន​ពាណិជ្ជ​សញ្ញា​មួយ​ភ្លាម គិត​ដឹង​ច្បាស់​ក្នុ​ងចិត្ត​ថាគេ​កំពុង​ជួប​ផលិត​ផល​ដែល​គួរ​ឲ្យទុក​ចិត្ត ហើយ​ផលិត​ផល​នេះ​មិនមែន​ជា​ជម្រើស​នៃការ​ពិចារណា​ទៀត​ឡើយខណៈ​ដែល​ផលិ​ត​ផលដូចគ្នាដទៃ​ទៀតគ្មាន​ពាណិជ្ជសញ្ញា​ត្រឹម​ត្រូវ។ វាគ្មានហេតុផល​ណា​ទៀត​ដែល​គាត់​ត្រូវ​រំលង​ផលិត​ផល​អ្នក​ទៅ​ចាប់​យក​ផលិត​ផល​ដទៃគ្មាន​យី​ហោ​សោះ​នោះទេ។​

៣) ពាណិជ្ជសញ្ញ​អនុញ្ញាតឲ្យ​អាជីវកម្ម​មាន​ឥទ្ធិ​ពល​ក្នុ​ងកា​រ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត​ និង​បណ្តាញសង្គម​បាន​កាន់​តែ​ងាយ​ស្រួល​៖ យីហោរបស់អ្នកគឺជារឿងដំបូងដែលអតិថិជនចូលទៅ​ស្វែងរកនៅ​លើអ៊ីន​ធឺណេត ព្រោះ​សព្វ​ថ្ងៃ​នេះស្ទើ​រគ្រប់​យ៉ាង​ទៅហើយ​ដែល​មនុស្សអាចប្រើ​អ៊ីន​ធឺ​ណេត​ដើម្បី​ស្វែង​រក។ កាល​ដែល​គេ​គ្រាន់​តែ​បាន​ឮ បាន​ឃើញ​មួយ​ភ្លេត​ពី​ផលិត​ផល​របស់​អ្នក​តាម​ការ​ផ្សព្វ​ផ្សាយ គេ​មិនទាន់​អាច​ដឹង​បាន​ទេ​ថាផលិត​ផល​នោះ​ជា​អ្វី​ឲ្យ​ពិត​ប្រាកដ ដូច្នេះ​គេ​នឹង​ចូល​ទៅ​ស្វែងរក​មើល​ក្នុងបណ្តាញ​សង្គម Facebook Twitter Instagram ជាដើម។ ការ​ដែល​មាន​ចរាចរណ៍​ច្រើន​លើ​បណ្តាញ​សង្គម មានការ​ដាក់​ចំណាត់​ថា្នក់​ផលិត​ផល (Ranking) ជា​កត្តាមួយ​ជួយ​ដល់​ភាព​ល្បី​ល្បាញ​របស់​ផលិត​ផលអ្នក និង​មាន​អ្នក​ដឹង​ស្គាល់​កាន់​តែ​ច្រើន​។

៤) ពាណិជ្ជ​សញ្ញា​ជា​ទ្រព្យដ៏​មាន​តម្លៃ៖ ហេតុ​អ្វី​មាន​ចាត់​ទុក​ជា​ទ្រព្យ? ហើយ​ជា​ទ្រព្យ​ដែលមាន​តម្លៃ​ទៀត? កុំ​ឆ្ងល់​អី អាជីវកម្ម​របស់​អ្នក​លក់​ផលិត​ផល​ឬសេវាកម្ម ពេល​លក់​ផលិត​ផល​បានកាន់​តែ​ច្រើន​ អាជីវកម្ម​ចាប់​ផ្តើម​រីក​ចម្រើន​កាន់​តែ​ខ្លាំង កេរ្តិ៍​ឈ្មោះ​ក៏​កាន់​តែ​ល្បី វា​ជា​ហេតុ​នាំ​ឲ្យកើន​នូវ​​តម្លៃ​ម៉ាក​យី​ហោ​សម្រាប់​អាជីវកម្ម​។ ដូច្នេះ​ទើបអាជីវកម្ម​មួយ​ចំនួន​សុខ​ចិត្ត​ចំណាយ​លុយជួល​​យី​ហោ​ ឬ​ទិញសិទ្ធិ​ ទិញ​ឈ្មោះ​អាជីវកម្ម​ពី​ក្រុម​ហ៊ុន​ដែល​ដំណើរ​ការរីក​ចម្រើន​មក​លក់​ ឬ​ចែក​ចាយ​បន្ត។​

៥) ពាណិជ្ជ​សញ្ញា​អាច​ធ្វើ​ឲ្យ​មាន​ការ​ជួលបុគ្គលិក​​ងាយ​ស្រួល​៖ ក្រុន​ហ៊ុន​ឬ​អាជីវកម្ម​មួយៗ ចង់ស្វែង​រក​បុគ្គលិក​មក​បំ​រើ​ការ​ងារ​មិនមែន​ងាយ​ស្រួល​ទេ ក្រុម​ហ៊ុន​ខ្លះ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំហើយ​មិន​មាន​បេក្ខភាព​ដាក់ពាក្យ​ម្នាក់​ផង។ តែ​បើ​ក្រុម​ហ៊ុនដែល​មាន​កេរ្តិ៍​ឈ្មោះ​ស្រាប់​គ្រាន់​តែ​ប្រកាស​ជ្រើសរើស​បុគ្គលិក​ភ្លាម មានអ្នក​ដាក់​ពេញ​ទាំង​មិនទាន់​ដល់​ពេល​កំណត់​ក៏​មាន​ដែរ។

៦) មាន​ពាណិជ្ជ​សញ្ញាវា​ជា​ការ​ងាយ​ស្រួល​មួយ​ក្នុង​ការ​ចរចា៖ ចំនុច​នេះ​មិនសំដៅ​ដល់ការ​ចរចាអ្វី​ទេ គឺ​ការ​ចរចាការ​បង់​ទៅ​លើ​សិទ្ធិ​ស្នើ​សុំ​ពាណិជ្ជ​សញ្ញា។ ស្តាប់​ទៅ​ហាក់ដូចជា​មិនច្បាស់​សោះ​មែនទេ តែ​ចំនុច​នេះ​ចង់​ធ្វើ​ការ​បញ្ជាក់​បន្តិច​ថា ដើម្បី​ទទួល​បាន​ពាណិជ្ជ​សញ្ញា​មួយយើង​ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ចុះ​បញ្ជី​នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​ការ​ចុះឈ្មោះ​លើក​ដំបូង​ធ្វើ​ឡើង​ដោយ​មាន​ឯកសារតម្រូវ​គ្រប់​គ្រាន់​ និង​បង់​ថ្លៃ​តាម​ការ​កំណត់​របស់​រដ្ឋ។

ដោយ​ឡែក​បន្ទាប់​ពី​រយៈ​ពេល​កំណត់​លើ​ពាណិជ្ជ​សញ្ញា​នេះ​ត្រូវ​បាន​បញ្ចប់ (អាច ៣ឆ្នាំ ៥ឆ្នាំ ឬ១០ឆ្នាំអាស្រ័យ​តាម​ការ​កំណត់ និង​ប្រភេទ​ផលិត​ផល​របស់​អ្នក)​ លោក​អ្នក​ជា​ម្ចាស់អាជីវកម្ម​ត្រូវ​​ធ្វើ​ការបង់​ឡើង​វិញ
(renew) តែ​ការ​ចំណាយ​ទាបជាង​ការ​ស្នើ​សុំ​ដំបូង។ ឧទាហរណ៍ ​នៅសហរដ្ឋអាមេរិក ស្នើ​សុំ​ពាណិជ្ជ​សញ្ញា​ត្រូវ​សុំ​ទៅ​ការិ​យាល័យ​គំ​រូ​អាជីវកម្ម និង​ពាណិជ្ជ​សញ្ញា (The United States Patent and Trademark Office) ត្រូវចំណាយ​យ៉ាង​តិច ២៧៥ដុល្លារ​ដើម្បីទទួលពាណិជ្ជ​សញ្ញា និងមាន​ការ​ថយ​តម្លៃ​បន្តិច​សម្រាប់​ការ​ស្នើ​រយៈពេល​ ៥ឆ្នាំ ក្រោយហើយ​ក៏កាន់​តែតិចជាង​នេះ​សម្រាប់​រយៈពេល ១០ឆ្នាំ​បន្ទាប់​មក​ទៀត។​

៧) ពាណិជ្ជ​សញ្ញា​មិ​ន​ដែល​ហួស​សុពល​ភាពទេ៖ និយាយ​បែប​នេះអាច​ឆ្ងល់​ទៀត​ហើយ តែការ​ពិត​​ចង់បង្ហាញ​ថា បើ​អ្នក​នៅ​តែ​ប្រើ​យី​ហោ​មួយ​នេះ​សម្រាប់​ផលិត​ផល​តំណាង​អាជីវកម្ម​របស់​អ្នក​រហូត​វាគ្មានអ្វី​ដែល​ត្រូវ​ហួសសុពល​ភាព​ទេ។ ​មើល​តែ​ក្រុម​ហ៊ុន​ធំៗដូចជា កូកា​កូឡាជា​ឧទាហរណ៍​អាចយល់​បាន​ហើយ​ អតិថិជន​ទូ​ទាំង​ពិភពលោក​នៅ​តែ​ស្គាល់​យី​ហោ​មួយ​នេះប្រើ​ឈ្មោះ​នេះ​ សញ្ញាសំគាល់យី​ហោ​ក៏​នៅ​តែ​ប្រើ​ដដែល។

ត្រូវ​ចាំ​ថាម៉ាកយីហោ​គឺជាទ្រព្យសម្បត្តិសំខាន់។ មាន​ពាណិជ្ជសញ្ញា​ជា​អ្វីដែល​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់តែ​មានអ្នក​ស្គាល់ កាន់តែ​មានភាព​យូរ​អង្វែង​ក្នុង​ការ​ឈរ​ជើង​ប្រកួត​លើទីផ្សារ៕

ដោយ៖ យ៉ាយ៉ា