លោកស្រី សេង តក្កនារី៖ មុន​ចាប់​ផ្ដើម​អាជីវកម្ម​យើង​ចាំបាច់​ត្រូវ​ស្គាល់​សាច់​រឿង​របស់​អាជីវកម្មសិន​



នាយិកា​ក្រុមហ៊ុន​ សន្តុសារ (SantoShaSilk) ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​កែច្នៃ​សូត្រខ្មែរ និង​ជា​ប្រធាន​សមាគមន៍​សហគ្រិន​ស្រ្តី​កម្ពុជា លោក​ស្រី សេង តក្កនារី បាន​ចែក​រំលែក​នូវ​គន្លឹះ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ថា "ប្រសិន​បើ​យើង​ចង់​បើក​អាជីវកម្ម​មួយ​យើង​ចាំបាច់​ត្រូវ​តែ​ស្គាល់​ពី​សាច់​រឿង​អាជីវកម្ម​ជា​មុន​សិន"

ជា​ការ​ពិត​បទពិសោធន៍​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ទាមទារ​ឲ្យ​យើង​បណ្ដុះ​ខ្លួនឯង​មុន​ពេល​ចាប់​ផ្ដើម​អាជីវកម្ម តួយ៉ាង​សហគ្រិន​ស្រ្តី​ឆ្នើម​លោក​ស្រី តក្កនារី បាន​លើក​ឡើង​ថា ប្រសិន​បើ​យើង​មិន​ទាន់​មាន​បទពិសោធន៍​ទេ​គួរ​តែ​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​យក​បទពិសោធន៍​មួយ​រយៈ​សិន បើ​យើង​មាន​សមត្ថភាព​យើង​អាច​ជ្រើសរើស​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ធំ​ដើម្បី​រៀន​ពី​ប្រព័ន្ធ​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​របស់​គេ មួយ​ទៀត​ប្រសិន​បើ​យើង​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​តូចៗ​នោះ​ក៏​ពិសេស​ម្យ៉ាង​ដែរ​ ព្រោះ​យើង​នឹង​មើល​ឃើញ​ពី​បញ្ហា​នានា​និង​ដំណោះ​ស្រាយ​របស់​ក្រុមហ៊ុន។

បន្ថែម​ពី​លើ​ការ​លើក​ឡើង​ខាង​លើ​នាយិកា​រូប​នេះ​បាន​បន្ថែម​ថា "វា​សំខាន់​ណាស់​ដែល​មុន​ចាប់​ផ្ដើម​អាជីវកម្ម​យើង​ចាំបាច់​ត្រូវ​ស្គាល់​សាច់​រឿង​របស់​អាជីវកម្ម​ជា​មុន​សិន ថា​តើ​អាជីវកម្ម​ខ្នាត​ធំ​គេ​មាន​ការ​រៀប​ចំ​បែប​ណា ហើយ​អាជីវកម្ម​បែប​គ្រួសារ​វិញ​តើ​គេ​រៀប​ចំ​យ៉ាង​ដូចម្ដេច​ខ្លះ បន្ទាប់​មក​ចាំ​យើង​បន្ថែម​ខ្លួន​ឯង​ទៅ​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ"។

លោក​ស្រី តក្កនារី បន្ត​ដោយ​សង្កត់​ធ្ងន់​ទៀតថា "ចំណុច​សំខាន់​បំផុត​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​គឺ​យើង​ត្រូវ​តែ​រៀន​ដឹង ព្រោះ​ថា​បើ​យើង​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​គឺ​ប្រៀប​ដូច​ជា​ក្រដាស​ស​មួយ​សន្លឹក​អ៊ីចឹង ដូច្នេះយើង​គួរ​សួរ​ខ្លួន​ឯង​ថា​តើ​ក្រដាស​ស​នោះ​យើង​ចង់​សរសេរ​ពី​អ្វី​? ចំពោះ​ខ្ញុំ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ថា​ឲ្យ​ទៅ​ធ្វើ​ការ​មួយ​រយៈ​សិន​មិន​ថា​ក្រុមហ៊ុន​ធំ​ឬ​ក្រុមហ៊ុន​បែប​គ្រួសារ​ក៏ដោយ នោះ​នឹង​អាច​ជួយ​យើង​បាន​យ៉ាង​តិច​ក៏​៥០%​ដែរ"។

លោក​ស្រី សេង តក្កនារី "ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​អ្វី​មួយ គឺ​ឲ្យ​ឲ្យ​ច្រើន​ជាង​យក​ នោះ​គឺ​ល្អ​ហើយ"៕

អត្ថបទដោយ៖ ជួប ស្រីរ័ត្ន