មហាសេដ្ឋី Jeff Bezos ថា ​បើ​មិន​ចង់ចាស់ទៅ​ស្តាយ​​ក្រោយ​ អ្នកគួរ​សួរ​ខ្លួន​ឯង ១២ សំនួរ​នេះ​​



តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ការ​រស់នៅ​ប្រកបដោយ​ភាព​រីករាយ ជោគជ័យ និង​យូរ​អង្វែង? នេះ​គឺ ជា​សំនួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែង​សាកសួរ​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezosបាន​ចែករំលែក​នូវ​ទស្សនៈ​យល់​ឃើញ​របស់​លោក​ជុំវិញ​ប្រធានបទ​នេះ​។ 

«នៅ​ពេល​អ្នក​មាន​​អាយុ ៨០ ឆ្នាំ  វា​ជា​ពេលវេលា​មួយ​ដែល​អ្នក​​ត្រូវ​ឆ្លុះបញ្ចាំង​​នូវ​រឿងរ៉ាវ​​​ជីវិត​​ផ្ទាល់​ខ្លួន​របស់​អ្នក​ និង​អំពី​អ្វី​ដែល​​​ជា​ជម្រើស​​​ដ៏​មាន​តម្លៃ​បំផុត​​របស់​អ្នក​​»។ នេះ​ជា​​អ្វី​ដែល​លោក Bezos ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​​មួយ​នៅ​សាកល​វិទ្យាល័យ Princeton University។  លោក​បន្ត​ថា មិន​សំខាន់​អ្នក​ជោគជ័យ​ប៉ុណ្ណា ឬ​មាន​លុយ​ច្រើន​ប៉ុណ្ណា ​អ្វី​ដែល​សំខាន់​គឺ​ថា នៅ​​​រយៈពេល​ពី ១០ ២០ ឬ ៣០ ឆ្នាំ ខាងមុខ តើ​អ្នក​​បាន​សម្រេចចិត្ត​ត្រឹមត្រូវ​ និង​មាន​មោទនភាព​​ប៉ុណ្ណា​ពេល​អ្នក​ក្រឡេក​មើល​ជីវិត​របស់​អ្នក​ត្រឡប់​​មក​ក្រោយ​វិញ?

ការ​តស៊ូ​ទៅ​នឹង​ជម្រើស​របស់​អ្នក​
លោក Jeff Bezos បាន​លើក​យក​ប្រវត្តិ​ជីវិត​របស់​លោក​ដែល​ខំតស៊ូ​ត្រដាបត្រដួស​​ទៅ​នឹង​ក្រុមហ៊ុន​លក់​សៀវភៅ​អនឡាញ​ដំបូង​គេ​បំផុត​នូវ​អ្វី​ដែល​លោក​យល់​ថា ជា​មុខ​ជំនួញ​មួយ​ដ៏​ប្រឈម និង​មាន​ការ​លំបាក ហើយ​ក៏​គ្មាន​អ្នកណា​គិត​ថា វា​ជោគជ័យ​ដែរ​។ ប៉ុន្តែ​​នេះ​គឺ​ជា​ការ​សម្រេចចិត្ត​របស់​លោក​ ហេតុដូច្នេះ​ហើយ​ទើប​លោក​តស៊ូ​ទៅ​នឹង​មុខ​ជំនួញ​មួយ​នេះ​រហូត​ដល់​ក្រុមហ៊ុន Amazon ​ទទួល​បាន​ភាព​ល្បីល្បាញ​ពេញ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​។

នៅ​ទីបំផុត អ្នក​​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​បាន​ជ្រើសរើស ហើយ​ត្រូវ​​​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​​មួយ​សម្រាប់​ខ្លួន​​ឯង
លោក Jeff Bezos ​បាន​​ថ្លែង​ដូច្នេះ​ថា៖« វា​គឺ​ពិត​ជា​ការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក​នៅ​ពេល​នោះ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ជ្រើសរើស​វា​ទៅ ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ទៅ។ ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​សោកស្តាយ​​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​នោះ​ទេ ហើយ​ក៏​​សោកស្តាយ​ពេល​បរាជ័យ​ដែរ។ ខ្ញុំ​នៅ​តែ​សង្ស័យ​រហូត​ថា គំនិត​ដែល​មិន​ចង់​​ឲ្យ​យើង​ព្យាយាម​វា​ចេះ​តែ​តាម​លង​ខ្ញុំ​រហូត។ ក្រោយ​មក​ខ្ញុំ​ក៏​គិត​ថា ​ខ្ញុំ​ត្រូវ​តែ​ដើម​ក្តី​សុបិន្ដ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ជ្រើសរើស»។

គ្មាន​ឡើយ​ជម្រើស​​​ល្អ​ឥតខ្ចោះ
រឿង​ពិត​នៅ​ក្នុង​ជីវិត​នោះ​គឺ​ថា ជម្រើស​ដែល​ល្អ​ឥតខ្ចោះ​មិន​មាន​ឡើយ។ វា​ត្រូវ​បាន​គេ​​ឲ្យ​ឈ្មោះ​ថា "បរាជ័យ​” ហើយ​ការ​បរាជ័យ​​អាច​ជា​រឿង​ល្អ​ពី​ព្រោះ វា​បាន​បង្រៀន​អ្នក​ឲ្យ​កាន់​ល្អ​ប្រសើរ​ឡើង។ ប៉ុន្តែ​នៅ​ពេល​អ្នក​កាន់តែ​ចាស់​ទៅៗ គោលដៅ​របស់​អ្នក​គឺ​ការ​​ធ្វើ​ឲ្យ​ការ​បរាជ័យ​ដែល​ធ្វើ​ឲ្យ​អ្នក​សោកស្តាយ ​ត្រូវ​ស្ថិត​មក​ក្នុង​ចំនួន​មួយ​ទាប​បំផុត។

«នៅ​ទីបំផុត អ្នក​​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​បាន​ជ្រើសរើស ហើយ​​ត្រូវ​បង្កើត​​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​​មួយ​សម្រាប់​ខ្លួន​​ឯង»។ លោក  Jeff Bezos ​ នៅ​​​ចុង​បញ្ចប់​សន្ទរកថា​របស់​លោក។ ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​អស្ចារ្យ​មួយ​ ​លោក​បាន​បន្សល់​ទុក​សំនួរ ១២ ហើយ​​លោក​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា យក​ទៅ​វិភាគ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ៖

​១.តើ​អ្វី​ទៅ​ជា​ជម្រើស​របស់​អ្នក? 

២.តើ​ការ​មិន​ផ្លាស់ប្ដូរ​នៅ​តែ​ជា​ជម្រើស​របស់​អ្នក ឬ​អ្នក​ត្រូវ​ដើរ​តាម​ក្តី​សុបិន្ដ​របស់​អ្នក?

៣.តើ​អ្នក​​​ចូលចិត្ត​​ចម្លង​ពី​គេ ឬ​បង្កើត​អ្វី​មួយ​ជា​របស់​អ្នក? ​

៤.តើ​អ្នក​នឹង​ជ្រើសរើស​ជីវិត​ដែល​ងាយស្រួល​ ជីវិត​ជា​អ្នក​បម្រើ ឬ​ជីវិត​ដែល​ផ្សងព្រេង​?

៥.តើ​អ្នក​​ចូលចិត្ត​​ជីវិត​ដែល​ចុះ​ញ៉ម​នឹង​ការ​រិះគន់​របស់​អ្នកដទៃ​ ឬ​​​ជីវិត​​ដែល​​ដើរ​តាម​ភាព​ជឿជាក់​​ចេញ​ពី​ខ្លួនឯង? 

៦.​តើ​អ្នក​នឹង​បង្ហាញ​ការ​​ប្ដេជ្ញាចិត្ត​​ធ្វើ​វា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​​នៅ​ពេល​មាន​​កំហុស​​ ឬ​ក៏​ត្រឹមតែ​​ប្រើ​ពាក្យ​សូមទោស​ហើយ​មិន​ធ្វើ​អ្វី​សោះ​? 

៧.តើ​អ្នក​​​​ចូលចិត្ត​លេង​ល្បែង​ជីវិត​នៅ​កន្លែង​ដែល​មាន​​​សុវត្ថិភាព ឬ​​ល្បែង​ជីវិត​ដែល​​​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង? 

​៨.​នៅ​ពេល​​ភាព​លំបាក​ចូល​មក​ដល់ តើ​អ្នក​​សុខចិត្ត​បោះបង់ ឬ ​តស៊ូ​ទៅ​មុខ​ទៀត?

៩.តើ​អ្នក​ចង់​ធ្វើ​ជា​មនុស្ស​បំផ្លិចបំផ្លាញ ឬ​ជា​អ្នក​កសាង? 

១០.តើ​អ្នក​ជា​មនុស្ស​ពូកែ​​សុំ​​ជំនួញ​អ្នកដទៃ​ ឬ​ជា​មនុស្ស​សប្បុរស? 

១១.តើ​អ្នក​ផ្តល់​អំណោយ​របស់​អ្នក​ដោយ​របៀបណា? 

១២.តើ​អ្នក​សុខចិត្ត​​ធ្វើ​ដោយ​មិន​ខ្លាច​មាន​កំហុស​ ឬ​មិន​ធ្វើ​អ្វី​​សោះ? ​​​​

ប្រភព៖ cnbc 

 

X
5s