ផ្នត់គំនិតអវិជ្ជមាន​​ទាំង ៣ ចំណុចដែល​អ្នកត្រូវធ្វើ​ការ​ផ្លាស់ប្ដូរ​ជាបន្ទាន់ ដើម្បីកែខៃជីវិតអ្នក​



ជីវិត​មនុស្ស​មិន​ដូច​គ្នា​​នោះ​ទេ!  ជា​រៀងរាល់​ថ្ងៃ​មាន​អ្នក​ខ្លះ​​ជោគជ័យ​ ហើយ​ក៏​មាន​​អ្នក​ខ្លះ​ទៀត​ក៏​បរាជ័យ​ទៅ​។ អ្នក​ខ្លះ​ចូលចិត្ត​ប្រើ​ខ្សែជីវិត​​ដែល​​ពឹង​លើ​ព្រេង​វាសនា ខណៈ​អ្នក​ខ្លះ​ទៀត​ខិតខំ​តស៊ូ​​ប្រឹងប្រែង​ប្រកួតប្រជែង​នឹង​ជីវិត​។ ប៉ុន្តែ​សូម​ចាំ​ថា បើ​អ្នក​ធ្វើ​អ្វី អ្នក​នឹង​ទទួល​បាន​លទ្ធផល​នោះ។  វា​ជា​ច្បាប់​ហេតុផល​ដែល​​គ្មាន​អ្នកណា​អាច​ប្រកែក​បាន​ឡើយ។

យ៉ាងណាមិញ នៅ​ក្នុង​ជីវិត​របស់​អ្នក​ បើ​អ្នក​ចង់​ផ្លាស់ប្ដូរ អ្នក​ក៏​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ចេញ​ពី​ខ្លួន​អ្នក​ផង​ដែរ។ អ្នក​ចង់​បាន​លទ្ធផល​មួយ​​ដែល​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​​អនាគត​ល្អ​ជាង​ថ្ងៃ​នេះ​​ ខណៈ​ដែល​ការ​ពិត​វា​គ្រាន់តែ​ជា​ក្តី​សុបិន​ដែល​គ្មាន​ថ្ងៃ​​ក្លាយ​ជា​ការ​ពិត​បាន។ វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​រៀន​អង្កេត​ដោយ​ខ្លួន​ឯង​ហើយ​ថា តើ​អ្នក​មាន​ផ្នត់​គំនិត​ខាងក្រោម​នេះ​ដែរ​ឬទេ? ប្រសិន​បើ​ផ្នត់​គំនិត​ទាំង​នេះ​នៅ​តែ​មាន​វត្តមាន​​ជាមួយ​អ្នក​រហូត​ហើយ​នោះ វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​​ហើយ​។ ​

១. “ខ្ញុំ​ចាស់​ហើយ មិន​អាច​ចាប់​ផ្តើម​​ជីវិត​ថ្មី​បាន​ទេ”
នេះ​ជា​ផ្នត់​គំនិត​ដ៏​ពេញ​និយម​មួយ​សម្រាប់​មនុស្ស​ដែល​មិន​ចង់​ផ្លាស់ប្ដូរ។ ពួកគេ​យល់​ថា វា​ហួស​ពេល​ហើយ មិន​អាច​ចាប់​ផ្តើម​បាន​ទេ​ដោយសារតែ​អាយុ​កាន់តែ​ចាស់។ ក៏ប៉ុន្តែ​ចំណុច​ដែល​គួរឲ្យ​យក​មក​ពិចារណា​នោះ​គឺ​ថា អាយុ​គ្រាន់តែ​ជា​ទូរលេខ​តែប៉ុណ្ណោះ។  អ្នក​ត្រូវ​គិត​ថា ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​បរាជ័យ​រហូត​ដល់​ស្លាប់​ទៅ​វិញ​ក៏​មាន។ អ្នក​ខ្លះ​ទៀត​ជោគជ័យ​តាំង​ពី​​អាយុ ២០ ឆ្នាំ ហើយ​​ខ្លះ​ទៀត​ជិត​ស្លាប់​ទៅ វិញ​ទើប​ជោគជ័យ។ សូម​ចាំ​ថា ពេញ​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​​មិន​ថា​ អាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០​ឆ្នាំ ឬ ៧០ ឆ្នាំ​ទៅ​ហើយ​ក្តី ​គឺ​អ្នក​មាន​ផ្លូវ​ដើរ​ផ្សេងៗ​គ្នា និង​គោលដៅ​ជីវិត​​ផ្សេងៗ​គ្នា​ដែរ។ យ៉ាងណាក៏ដោយ អ្នក​ត្រូវ​សម្រេច​ចិត្ត​ដើរ​លើ​មាគ៌ា​ជីវិត​របស់​អ្នក មិនមែន​ជា​ស្រមោល​របស់​អ្នកដទៃ​នោះ​ឡើយ។

២. “ខ្ញុំ​​មិន​មាន​លុយ​​គ្រប់គ្រាន់​ទេ​”
តើ​ជា​រឿយៗ​អ្នក​និយាយ​ថា “ខ្ញុំ​មិន​មាន​លុយ​គ្រប់គ្រាន់​” ប៉ុន្មាន​ដង​? ពាក្យ​មួយ​ឃ្លា​នេះ​គេ​សង្កេត​ឃើញ​ថា ​វា​បាន​កើត​មាន​ជា​ទូទៅ​នៅ ក្នុង​​​ប្រធានបទ​ពិភាក្សា​ជា​ច្រើន​របស់​មនុស្ស​ភាគច្រើន។ ក៏ប៉ុន្តែ​ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​ដោយសារ​ថា មនុស្ស​មិន​ច្រើន​ទេ​ដែល​​អាច​រើ​បម្រាស់​ខ្លួន​ចេញ​ពី​ទស្សនៈ​មួយ​នេះ។ ទីបំផុត​ទៅ ឃ្លា​នេះ បាន​ក្លាយ​ជា​ទម្លាប់​របស់​ពួកគេ។ ជំនួស​ឲ្យ​ការ​គិត​បែប​នេះ អ្នក​គួរ​ជំរុញ​ខ្លួន​ឯង​ឲ្យ​គិត​ការ​ស្វែង​រក​លុយ​គឺ ជា​រឿង​អាទិភាព​​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្ដូរ​។ ជំនួស​ឲ្យ​គំនិត​អវិជ្ជមាន​ដែល​​តែងតែ​គិត​ថា អ្នក​នៅ​ខ្វះ​អ្វី​ អ្នក​គួរ​​សួរ​ខ្លួន​ឯង​ថា អ្នក​មាន​​​អ្វី​ខ្លះ​​នៅ​ពេល​នេះ? តើ​ចំណុច​ណា​ខ្លះ​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ? បើ​ជីវិត​របស់​អ្នក​មិន​អាច​ផ្លាស់ប្ដូរ​បាន​ដោយសារតែ​គ្មាន​លុយ អ្នក​ត្រូវ​សាកល្បង​រក​លុយ​បន្ថែម ឆ្លៀត​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង រៀន​រកស៊ី​នេះ​រកស៊ី​នោះ ជា​ពិសេស​វិនិយោគ​លើ​អាជីព​ការងារ​របស់​អ្នក​ឲ្យ​កាន់តែ​ខ្លាំង​ឡើង អ្នក​នឹង​សង្កេត​ឃើញ​ថា ស្ថានភាព​របស់​អ្នក​​នឹង​ប្រសើរ​ជាង​មុន។ 

៣. “ខ្ញុំ​នឹង​ចាប់​ផ្តើម​ធ្វើ​វា​នៅ​ថ្ងៃ​ស្អែក​”
ពាក្យ​នេះ​គឺ​ជា​ពាក្យ​យកលេស​ដ៏​ពេញ​និយម​បំផុត​របស់​មនុស្ស​ភាគ​ច្រើន​ដែល​ចូលចិត្ត​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​គ្មាន​ការ​ប្រកួតប្រជែង ឬ​គ្មាន​ការ​ផ្លាស់ប្ដូរ។ នៅ​ពេល​អ្នក​យក​ផ្នត់​គំនិត​នេះ​មក​​ដាក់​ពី​មុខ​ហើយ​នោះ មានន័យ​ថា ពេល​វេលា​ឥឡូវ​នេះ​វា​មិន​សំខាន់​នោះ​ឡើយ​សម្រាប់​អ្នក។ សូម​ចាំ​ថា គោលដៅ​ជីវិត​របស់​អ្នក​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​ដំបូង​ទី អ្នក​ត្រូវ​រៀន​អង្កេត​មើល​ដោយ​ខ្លួន​ឯង​ថា ទង្វើ​បែប​នេះ​វា​ជា​ទម្លាប់ ឬ​ក៏​យូរៗ​មាន​ម្តង។ បើ​វា​ជា​ទម្លាប់​ អ្នក​ត្រូវ​តែ​បញ្ឈប់​វា​នៅ​ពេល​នេះ ហើយ​ចាប់​ផ្តើម​ឲ្យ​តម្លៃ​លើ​ពេលវេលា​របស់​អ្នក ហើយ​ប្រើប្រាស់​វា​ឲ្យ​ចំ​គោលដៅ​ដែល​អ្នក​ចង់​បាន៕

ប្រភព៖ Lifehack ​