កៀនស្វាយ នឹងប្រែមុខមាត់មានរមណីដ្ឋានធម្មជាតិខ្នាតធំលើផ្ទៃដី១៤ហិកតា វិនិយោគដោយក្រុមហ៊ុនចិន
រមណីដ្ឋានបែបធម្មជាតិបៃតង តាមដងទន្លេមេគង្គក្រោម ដែលស្ថិតក្រោយការវិនិយោគពីក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើផ្ទើដី ជាង១៤ហិតា ប្រកាសបើកដំណើរការជាផ្លូវការហើយ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីផ្តល់នូវបទពិសោធន៍ទេសចរណ៍ថ្មី បែបធម្មជាតិ ដល់ភ្ញៀវទេសចរ។
លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីបើកដំណើរការផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ ថា មជ្ឍមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែប អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្តក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូលើជញ្ជាំងប្រវែង១គីឡូម៉ែត្រ ដែលជា គំនូរជញ្ជំងដ៏វែងជាងគេ នៅក្នុងតំបន់អាស៊ីផងដែរ។
លោកបន្តថា មជ្ឍមណ្ឌលកម្សាន្តថ្មីនេះនឹងអាចចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិនិងអន្តរជាតិ អាចទៅកម្សាន្តបាននាថ្ងៃឈប់សម្រាកជាពិសេសទេសចរចិន ដែលកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។
ក្នុងដំណាក់កាលទី១នេះ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បានបើកដំណើរការនូវឧទ្យានធំៗចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និងឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងផ្តល់ជូន អតិថិជនជាពិសេសនូវបទពិសោធន៍សេវាកម្មដ៏សម្បូបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហោល VRដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា ជាច្រើនផ្សេងទៀត។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជា បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេស ភ្ញៀវទេសចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់២លាននាក់បន្ថែមនោះ ក្រុងភ្នំពេញ និងខេត្តសក្ដានុពលកម្ពុជាផ្សេងទៀត បាននឹងកំពុងរៀបចំ និងអភិវឌ្ឍន៍រមណីដ្ឋាន បែបវប្បធម៌និងធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។
លោកជំទាវបន្តថា យើងចង់ឃើញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជាមិនត្រឹមតែទស្សនាត្រឹមតែប្រាង្គប្រាសាទប៉ុណ្ណោះទេ តែយើងគួររៀបចំយ៉ាងណាឲ្យមាន កន្លែង កម្សាន្តថ្មីៗឲ្យបានច្រើន ដើម្បីអាចទាញចំណូលឲ្យបានច្រើនពីវិស័យទេសចរណ៍ ។
គួរបញ្ជាក់ថា មជ្ឍមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងជាប់បណ្ដោយមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយគម្រោងនេះសាងសង់ឡើងនៅលើផ្ទៃដីជាង ១៣ហិកតា៕
ដោយ៖ ស្រីពេជ្រ