លោក Winston៖ «អ្នកមិនអាចដើរដល់គោលដៅនោះទេ ប្រសិនបើអ្នករវល់តែឈប់រើសដុំថ្មគប់ឆ្កែដែលកំពុងព្រុសដាក់អ្នក»
មនុស្សគ្រប់រូបសុទ្ធតែមានគោលដៅ មានមហិច្ចតា មានបំណងចង់សម្រេច ចង់ជោគជ័យរៀងៗខ្លួន។ ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនទេដែលអាច ដើរតាមចំណង់របស់ខ្លួន ហើយអាចសម្រេចភាពជោគជ័យបាន។ ក្នុងដំណើរវែងឆ្ងាយក្នុងការស្វែងរករបស់ទាំងនោះគឺមិនងាយស្រួលនោះទេ ឧបសគ្គតែងតែមាន ភាពលំបាកតែងតែកើតឡើងដោយចៀសមិនផុតឡើយ ជាពិសេសមនុស្សដែលតែងតែចង់ទាញអ្នក រារាំងអ្នក ចង់ទាញទម្លាក់អ្នកមិនចង់ឲ្យអ្នកចង់ជោគជ័យ។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺកុំខ្វល់ជាមួយពួកទាំងនោះច្រើនពេក កុំកើតទុក្ខច្រើនពេក។ ដូចលោក Winston S. Churchill បានមានប្រសាសន៍អ៊ីចឹងថា៖ «អ្នកមិនអាចដើរដល់គោលដៅរបស់អ្នកនោះទេ ប្រសិនបើអ្នករវល់តែឈប់រើសដុំថ្មគប់ឆ្កែដែលកំពុងព្រុសដាក់អ្នក។»
បើអ្នករវល់តែខ្វល់ខ្វាយជាមួយពួកអ្នកទាំងនោះ អ្នកប្រាកដជាបាក់ទឹកចិត្ត ក្លាចគេរិះគន់ មិនហ៊ានឈានជើងដើរឆ្ពោះទៅកាន់គោលដៅរបស់អ្នកឡើយ។ អ្នកត្រូវចាំថាកុំឲ្យមនុស្សទាំងនោះផ្លុំត្រចៀកអ្នកឲ្យសោះ កុំរស់នៅក្នុងសម្ដីរបស់មនុស្សទាំងនោះឲ្យសោះ។ បើអ្នកមានគោលដៅច្បាស់ហើយ ចូរធ្វើវាទៅ ធ្វើឲ្យឲ្យអស់ពីចិត្តចេញពីបោះដូង ធ្វើវាទាល់តែជោគជ័យ ដើម្បីជាការបង្ហាញដល់មនុស្សទាំងនោះឲ្យភ្លឺភ្នែក។
ធ្វើអ្វីដែលអ្នកគិតថាត្រូវ ហើយកុំស្ដាប់ពាក្យរិះគន់ ចាក់ដោត ពាក្យមិនបានការរបស់អ្នកដទៃដែលអូសទាញអ្នកមិនឲ្យធ្វើរឿងទាំងនោះ។ ប៉ុន្តែពេលខ្លះ អ្នកមិនគួរទ្រាំស្ដាប់ឆ្កែព្រុសព្រុសដដែលៗបានទេ ដូចនេះអ្នកអាចយកដុំថ្មគប់ឲ្យដេកបាន ដើម្បីកុំឲ្យវាព្រុសតទៀត៕
អត្ថបទដោយ៖ លង់ វណ្ណៈ