ឡៅ ស៊ឺ៖ «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗត្រូវខិតខំខ្លាំងណាស់ ដើម្បីចង់មានចង់បានរស់នៅដូចគេដូចឯង។ ជាទូទៅកម្រឃើញនរណាម្នាក់ដែលមិនខិតខំប្រឹងប្រែង ហើយទទួលជោគជ័យណាស់។ មនុស្សជោគជ័យភាគច្រើនគឺចាប់ផ្ដើមអ្វីមួយពីការមានគំនិតជាមុនសិន។ ដូចពាក្យចាស់ពោលថា៖ «មានគំនិត ទើបមានកំណើត»។ ប៉ុន្តែមានតែគំនិតក៏គ្មានប្រយោជន៍ដែរ ប្រសិនបើមិនយកគំនិតនោះទៅអនុវត្ត។ មានមនុស្សជាច្រើនមានគំនិតល្អ ចង់ធ្វើហើយ តែពួកគេចូលចិត្តកុហក់ខ្លួនឯង ចូលចិត្តពន្យាពេល មិនព្រមចាប់ផ្ដើម។ ការកុហក់ខ្លួនឯង ឬពន្យាពេលរារាំងអ្នកមិនឲ្យជោគជ័យ ឬធ្វើឲ្យអ្នកដើរយឺតជាងមនុស្សដែលមានសកម្មភាពធ្វើ។ ជួនកាលការពន្យាពេលរបស់អ្នកអាចធ្វើឲ្យខូចការធំក៏ថាបាន។ ដូចពាក្យមួយឃ្លារបស់ ឡៅ ជឺ ទស្សនវិទូចិន ដែលលោកបានពោលថា៖ «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»។
ពាក្យមួយឃ្លានេះ សបញ្ជាក់យ៉ាងច្បាស់ថា ទោះបីអ្នកមានគំនិតមកពីព្រះឥន្ធ ទេវតាក៏ដោយ បើមិនព្រមយកគំនិតនោះទៅធ្វើទេ កុំស្រមៃថានឹងជោគជ័យ ឬសូម្បីតែបរាជ័យក៏មិនដឹងផង។ ដូចនេះ បើអ្នកមានគំនិតធ្វើអ្វីមួយហើយ ហើយអ្នកគិតថាគំនិតនោះល្អ អ្នកត្រូវហ៊ានឈានជើងជំហានទី១ របស់អ្នកសាកល្បងធ្វើវា ហើយបន្តរហូតដល់អ្នកដើរដល់គោលដៅនោះ។
កុំចាំទាល់តែគំនិតនោះល្អឥតខ្ចោះ ទាល់តែអ្នកមានសមត្ថភាពពេញលេញ ទាល់តែមានលុយគ្រប់ ទាល់តែអ៊ីចេះទាល់តែអ៊ីចុះ ទើបធ្វើវា។ ការគិតបែបនេះគឺជាលេសដែលទាក់ជើងទាញដៃអ្នកមិនឲ្យធ្វើហ៊ាន ជាមនុស្សកំសាកប៉ុណ្ណោះ។ បើអ្នកនៅតែគិតបែបនេះ អ្នកនឹងគ្មានថ្ងៃរកឃើញគំនិតឥតខ្ចោះ ឬមានអ្វីគ្រប់យ៉ាងនោះទេ។ លើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺធ្វើឈានជើងដើរសិន បន្ទាប់មកចាំស្វែងរកវិធីសាស្ត្រតាមក្រោយទៀត។ ធ្វើវាសិនចាំរៀនសូត្រតាមក្រោយ ខ្វះអ្វីចាំរកតាមក្រោយ។ មិនថាការសិក្សារៀនសូត្រ ការធ្វើកិច្ចការងារ ការបើកអាជីវកម្ម ឬធ្វើអ្វីក៏ដោយ ប្រសិនបើមិនព្រមធ្វើនោះទេ អ្នកនៅតែប៉ុណ្ណឹង។
អ្នកត្រូវចាំថា ប្រសិនបើចង់ធ្វើអ្វីមួយដោយភាពប្រាកដប្រជាហើយ ចាប់ផ្ដើមធ្វើវា កុំរង់ចាំពេលដែលល្អឥតខ្ចោះ ពីព្រោះគ្មានទេរបស់ល្អឥតខ្ចោះលើលោកនេះ មានតែការសាកល្បង ការធ្វើតែប៉ុណ្ណោះដែលអាចកំណត់បាន។ ពាក្យស្លោកខ្មែរ៖ «ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត»៕
អត្ថបទដោយ ៖ លង់ វណ្ណៈ