ស្ថាបនិក​សហគ្រាស​គំនិត​ថ្មី៖ តើ​ធ្វើ​យ៉ាង​ណា​ទើប​​ដឹងថា​អាជីវកម្ម​ប្រភេទ​ណា​សក្តិសម​នឹង​ខ្លួនអ្នក?​​



ជា​ការ​ពិត​ នា​ពេល​បច្ចុប្បន្ន​នេះ​​យុវជន​ខ្មែរ​ភាគច្រើន​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ទៅ​លើ​វិស័យ​អាជីវកម្ម ដោយ​ពួកគាត់​អ្នក​ខ្លះ​រត់​ទៅ​ចាប់​មុខ​របរ​នេះ​ អ្នក​ខ្លះ​ទៀត​ក៏​ទៅ​ចាប់​មុខ​របរ​នោះ ដែល​មើល​ទៅ​វា​ហាក់​ដូច​ជា​ពួក​គាត់​បាន​ទទួល​មនោគមន៍​វិជ្ជាអ៊ីចឹង ព្រោះ​ពួក​គាត់​មួយ​ចំនួន​ដូច​ជា​មិន​បាន​កំណត់​គោលដៅ​ច្បាស់​សម្រាប់​ខ្លួន​ឯង​នៅ​ឡើយ​ទេ។ ដូច្នេះ​ តើ​ធ្វើ​យ៉ាង​ណា​ទើប​យើង​អាច​ដឹង​ថា​អាជីវកម្ម​ណា​មួយ​ស័ក្តិសមនឹង​អ្នក?

ជា​ការ​ឆ្លើយ​តម​នឹង​សំណួរ​ខាង​លើ​ លោក​ លឹម ផារ៉ា ស្ថាបនិក​និងជា​នាយក​គ្រប់គ្រង​នៃ​សហគ្រាស​គំនិត​ថ្មី ប្រាប់​ថា " យើង​ត្រូវ​វិភាគ​លើ​សក្ដានុពល​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ដូច​ជា​រូប​ខ្ញុំ​អ៊ីចឹង ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជ្រើស​រើស​ផលិត​ផលិតផល​ចេញ​ពី​ផ្លែ​ចេក​ នោះ​ព្រោះ​តែ​នៅ​ក្នុង​តំបន់​ខ្ញុំ​ជា​តំបន់​កសិកម្ម ក្នុង​ស្រុក​ចម្ការលើ ​អ្នក​ណា​ក៏​ស្គាល់​ដែរ​ថា​ជា​តំបន់​កសិកម្ម​ដែល​សម្បូរ​ដំណាំ​ចេកដែរ ដូច្នេះ​នេះ​ជា​កេរ្តិ៍ឈ្មោះ​មួយ​ដែល​វា​ដូច​ជា​ទុន​មួយ​សម្រាប់​ជួយ​យើង​ដូច្នោះ​ដែរ"។

 

ក្រៅ​ពី​ចំណុច​ខាង​លើ​លោក ផារ៉ា បាន​បន្ត​ថា " បន្ថែម​ពី​លើ​នោះ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា មុខរបរ​នោះ​វា​ត្រូវ​ផ្គួប​ផ្សុំ​នឹង​សក្ដានុពល​របស់​ខ្លួន​យើង​ផង​ ថាតើ​យើង​ស្រលាញ់​មុខ​របរ​នោះ​ឬ​ទេ? តើ​យើង​មាន​ចំណេះ​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​វា​ដែរ​ទេ? ព្រោះ​ដូច​ដែល​យើង​មើល​ឃើញ​ហើយ​ថា​ យុវជន​មួយ​ចំនួន​ហាក់​ដូច​ជា​មិន​ទាន់​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ឲ្យ​ច្បាស់​នៅ​ឡើយ​ ដោយ​ពេល​ខ្លះ​គាត់​ព្យាយាម​ធ្វើ​អ្វី​ទៅ​តាម​គេ​ប្រាប់ ដោយ​គាត់​ភ្លេច​គិត​ថា​តើ​គាត់​មាន​អ្វី? គាត់​គួរ​ធ្វើ​អ្វី? គាត់​មាន​ចំណេះ​ជំនាញ​អ្វី? ដែល​ជួន​កាល​គាត់​បែរ​ជា​បំភ្លេច​នូវ​ចំណេះ​ជំនាញ​ដែល​គាត់​បាន​រៀន​នៅ​ក្នុង​សាលា​ចោល​ទៅ​វិញ​"។

លោក​ស្ថាបនិក​រូប​នេះ​ក៏​បាន​ចែក​រំលែក​ផងដែរ​ថា ប្រសិន​បើ​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន​ ជា​ដំបូង​យើង​ត្រូវ​ស្វែង​រក​បទពិសោធន៍​ជា​មុន​សិន​ ព្រោះ​អ្នក​ខ្លះ​ធ្វើ​ការ​ងារ​ឲ្យ​គេ​ត្រឹម​តែ​ចង់​បាន​ប្រាក់​ខែ​ ប៉ុន្តែ​នៅ​ពេល​ដែល​បញ្ចប់​បែ​ជា​ស្រម៉ៃ​ថា​ខ្លួន​ចង់​ក្លាយ​ជា​សហគ្រិន​ ហើយ​ក៏​ចាប់​ផ្ដើម​ធ្វើ​វា ​ទាំង​ដែល​មិន​ទាន់​មាន​អ្វី​ជា​ដុំកំភួន​ផង​។

 

និយាយ​ក្នុង​ទឹក​មុខ​​ស្មើរ​ លោក​ ផារ៉ា បញ្ជាក់​ថា "កាល​ពី​ឆ្នាំ​៩៩ ខ្ញុំ​ធ្លាប់​ធ្វើ​ជា​កម្មករ​រោងចក្រ​ ខ្ញុំ​ទទួលបាន​ប្រាក់​ខែ​តែ​៣០ដុល្លារ​ទេ ប៉ុន្តែ​ការងារ​ដែល​ខ្ញុំ​ធ្វើ​គឺ​ស្មើរ​នឹង​ប្រាក់​ខែ​២០០០​ដុល្លារ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការងារ​ជំនួស​មេ​ៗ​ចំនួន​៥​នាក់​នៅ​ទី​នោះ ទោះ​បី​ជា​ប្រាក់ខែ​ខ្ញុំ​តែ​៣០ដុល្លារ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ប្រកាន់​ទេ​ការងារ​អ្វី​ក៏​ខ្ញុំ​ធ្វើ​ដែរ ទោះ​ការ​ងារ​ចំណេះ​ជំនាញ​៧០០​ដុល្លារ​គេ​ប្រើ​ឲ្យ​ខ្ញុំ​ធ្វើ​ក៏​ខ្ញុំ​ធ្វើ​ដែរ ពេល​ខ្លះ​ធ្វើ​រហូត​ទាល់​តែ​អ្នក​ប្រាក់​ខែ​ច្រើន​នោះ​ឈប់​ធ្វើ​ព្រោះ​គេ​អាង​យើង​ធ្វើ​ជំនួស ដូច្នេះ​នេះ​សុទ្ធ​តែ​ជា​ដើម​ទុន​សម្រាប់​យើង"។

លោក​ លឹម ផារ៉ា៖ "រៀន​ធ្វើ​ការ​ឲ្យ​អស់​ពី​ចិត្ត ធ្វើ​ការ​កាន់​តែ​ខ្លាំង​បទពិសោធន៍​កាន់​តែ​ច្រើន​ជា​គ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ខ្លូន​ឯង"៕

 

ដោយ៖ ជួប ស្រីរ័ត្ន