សុភាសិតអង់គ្លេស «ភាព​ស្រស់​ស្អាត​គឺ​អាស្រ័យ​ទៅលើ​អ្នក​សង្កេត។»​



គ្មាន​អ្វី​មួយ​ដែល​ត្រឹមត្រូវ​ជា​សកល​ជា​រៀង​រហូត​នោះ​ទេ។ នៅ​លើ​លោក​នេះ​មាន​តែ​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ដែល​មិន​ចេះ​ផ្លាស់ប្ដូរ។ ទស្សន​មួយ​ដែល​ត្រឹមត្រូវ​មិន​ប្រាកដ​ថា​ត្រូវ​គ្រប់​ស្ថានការណ៍​ទាំងអស់​នោះ​ទេ។ ទស្សន​មួយ វិធីសាស្ត្រ​មួយ របៀប​ដោះស្រាយ​បញ្ហា​មួយ ឬ​ច្បាប់​មួយ​ត្រឹមត្រូវ​ដោយ​អាស្រ័យ​ទៅលើ​ស្ថានការណ៍​ប៉ុណ្ណោះ។ រីឯ​ភាព​ស្រស់​ស្អាត​ក៏​មិន​ខុស​គ្នា​ដែរ។ មនុស្ស​ម្នាក់ៗ​ឲ្យ​និយមន័យ​ទៅលើ​ភាព​ស្រស់​ស្អាត​ខុសៗ​គ្នា។ អ្វី​ដែល​មនុស្ស​ម្នាក់​គិត​ថា​ស្អាត​ក៏​មិន​ប្រាកដ​ថា​មនុស្ស​ម្នាក់​ទៀត​គិត​ថា​ស្អាត​ដែរ​នោះ​ទេ ហើយ​នេះ​ក៏​មិនមែន​មានន័យ​ថា​អ្នក​ត្រូវ​ហើយ​គេ​ខុស​នោះ​ដែរ។

តាម​ពិត​ទៅ​អ្វីៗ​សុទ្ធតែ​មាន​ភាព​ស្រស់​ស្អាត​ដែល​បង្កប់​នៅ​ក្នុង​ខ្លួន​វា​ទាំងអស់ វា​គ្រាន់តែ​អាស្រ័យ​ទៅលើ​អ្នក​ដែល​មើល​វា​ប៉ុណ្ណោះ ដូច​មាន​សុភាសិត​មួយ​ពោល​ថា «ភាព​ស្រស់​ស្អាត​គឺ​អាស្រ័យ​ទៅលើ​អ្នក​សង្កេត។» ឬ​នៅ​ក្នុង​ភាសា​អង់គ្លេស​ថា Beauty is in the eye of the beholder. ។ សាក​ស្រមៃ​ទៅ​មើល​ថា​តើ​ពិភពលោក​នេះ​នឹង​ក្លាយ​ទៅ​ជា​គួរឲ្យ​ធុញទ្រាន់​ប៉ុណ្ណា បើ​សិន​ជា​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​ទស្សន​យល់​ឃើញ​ដូចៗ​គ្នា​ទៅលើ​គ្រប់​ចំណុច​រឿងរ៉ាវ​ទាំងអស់។ ដោយសារ​តែ​វា​គឺជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នេះ​ហើយ ទើប​បាន​ជា​យើង​មើល​ឃើញ​ភាព​ចម្រុះ​គ្នា​នៅ​ក្នុង​ពិភពលោក​នេះ។ យើង​ឃើញ​ភាព​ស្រស់​ស្អាត​ទៅ​តាម​របៀប​ផ្សេងៗ​គ្នា ដោយឡែកៗ​ពី​គ្នា និង​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​របស់​វា។

អ្វី​ដែល​អ្នក​មើល​មិន​ឃើញ​ពី​តម្លៃ​របស់​វា អ្នក​ផ្សេង​អាច​មើល​ឃើញ​ពី​តម្លៃ​របស់​វា។ អ្វី​ដែល​អ្នក​មើល​ឃើញ​ថា​មិន​ស្អាត តែ​អ្នក​ផ្សេង​អាច​មើល​ឃើញ​ពី​ភាព​ស្រស់​ស្អាត​របស់​វា។ ដូចគ្នា​ដែរ និយាយ​ចំពោះ​សមត្ថភាព​និង​ជំនាញ​របស់​នរណា​ម្នាក់​អាច​មិន​មាន​តម្លៃ​នៅ​ក្នុង​ទីកន្លែង​មួយ ប៉ុន្តែ​អាច​ជា​របស់​ដែល​មាន​តម្លៃ ជា​អ្វី​ដែល​គេ​ត្រូវការ​និង​ឲ្យ​តម្លៃ​ខ្ពង់ខ្ពស់​នៅ​ក្នុង​ទីកន្លែង​ដទៃ​ទៀត។ ហេតុ​នេះ​ហើយ​អ្នក​មិន​ត្រូវ​មើល​ងាយ​អ្វី​ដែល​អ្នក​មាន​នោះ​ឡើយ មិន​ថា​វា​ជា​សម្រស់​របស់​អ្នក​ក៏​ដោយ ឬ​ជា​ចំណេះ​ជំនាញ​របស់​អ្នក​ក៏​ដោយ។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ខ្លួនឯង​ចេះ​ឲ្យ​តម្លៃ​ទៅលើ​អ្វី​ដែល​ខ្លួនឯង​មាន និង​ចេះ​ដុសខាត់​សម្បត្តិ​ទាំងនោះ នោះ​ទើប​អ្នកដទៃ​គេ​អាច​មើល​ឃើញ​ពី​តម្លៃ​នៃ​អ្វី​ដែល​អ្នក​មាន​បន្តិច​ម្ដងៗ​ជា​ក្រោយ៕

ដោយ៖ ស្រីពៅ