វិធីសាស្ត្រ​៤​យ៉ាង​ កាត់​បន្ថយ​ជីវិត​ដ៏​សែន​រវល់​របស់​អ្នក​ចេញ​​​



ជា​រៀងរាល់​ថ្ងៃ តើ​ជីវិត​អ្នក​វា​រវល់​ដល់​កម្រិត​ណា​​ទៅ​ហើយ​? តើ​សឹង​តែ​មាន​ពេល​ខ្លះ​សម្រាប់​ដក​ដង្ហើម​ដែរ​ឬ​អត់​? តើ​ក្នុង​នោះ​​អ្នក​រវល់​នឹង​ការងារ​, រវល់​នឹង​​ការ​ទៅ​យក​កូន​ទៅ​សាលារៀន​, រវល់​នឹង​ការ​​ធ្វើ​ម្ហូប​អាហារ​ , រវល់​នឹង​​ការ​រកស៊ី​ច្រើន​ណាស់​មែន​ទេ​? បើ​អ្នក​រវល់​បែប​​នេះ តើ​អារម្មណ៍​អ្នក​យ៉ាង​ណា​ដែរ​? ច្បាស់​ជា​ធុញថប់​​ហើយ​ ដូចនេះ​ហើយ​ អ្នក​គួរ​​តែ​រក​វិធីសាស្ត្រ​ខ្លះ​​ដើម្បី​កាត់​បន្ថយ​ភាព​រវល់​របស់​អ្នក​ចេញ​​ខ្លះ​ ដើម្បី​ឲ្យ​ចិត្ត​សប្បាយ​បាន​ច្រើន​ជាង​នេះ​។ 

១) ធ្វើ​រឿង​តែ​មួយ​ក្នុង​ពេល​តែ​មួយ​៖ សម្រាប់​អ្នក​ដែល​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ គឺ​ភាគ​ច្រើន​ទទួល​បាន​លទ្ធផល​មិន​ល្អ​ឡើយ​។ នោះ​ដោយ​សារ​តែ​គាត់​កំពុង​ផ្ដោត​​លើ​ការងារ​មួយ​ តែ​ការងារ​មួយ​ទៀត​ក៏​ចូល​មក​ដល់​។ ដូចនេះ​ហើយ​ ខួរក្បាល​របស់​គាត់​កំពុង​តែ​គិត​រឿង​២ ក្នុង​ពេល​តែ​មួយ​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍។ មាន​តែ​ការ​ធ្វើ​រឿង​តែ​មួយ​ក្នុង​ពេល​តែ​មួយ​ទេ ទើប​ធ្វើ​ឲ្យ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ​ ហើយ​មិន​រវល់​ខ្លាំង​ទៀត​។​ 

២) ឈប់​ធ្វើ​អី​យឺតយ៉ាវ​ទៀត​៖ កាល​ណា​អ្នក​ងើប​យឺត​ជាង​គេ​, មិន​ទាន់​ងូត​ទឹក​, មិន​ទាន់​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​, ចុះ​ពេល​ណា​អ្នក​ដល់​កន្លែង​​ធ្វើ​ការ​ទៅ? បើ​អ្នក​ងើប​ពី​ព្រលឹម​ ហើយ​កិច្ចការ​ទាំង​អស់​គឺ​រួចរាល់​មុន​ម៉ោង​កំណត់? នោះ​អ្នក​នឹង​មិន​បាច់​ភ័យ​ខ្លួន ខ្លាច​ធ្វើ​ការ​មិន​ទាន់​ ហើយ​មិន​បាច់​ធ្វើ​​ខ្លួន​ឲ្យ​រវល់​ច្រើន​ទៀត​។ 

៣) ធ្វើ​អារម្មណ៍​​ឲ្យ​ស្ងប់​សិន​៖ កាល​ណា​អ្នក​ធ្វើ​អ្វី​មួយ​ដោយ​អារម្មណ៍​ប្រញាប់​ៗ និង​មិន​ស្ងប់​ អ្នក​នឹង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​​និង​ពិបាក​ក្នុង​ការ​ដឹង​ថា​ខ្លួន​ចង់​បាន​អី​ទៀត​។ ដូចនេះ​ដើម្បី​កាត់​បន្ថយ​ភាព​រវល់​របស់​ខ្លួន​​បាន​ អ្នក​គួរ​ណាស់​​តែ​រៀន​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ៗ និង​មួយៗ ​សិន​ ដើម្បី​សម្រេច​កិច្ចការ​បាន​ជោគជ័យ​ពី​មួយ​ទៅ​មួយ​បាន​។​ 

៤) ផ្ដល់​ពេល​សម្រាក​សិន​រួច​ចាំ​បន្ត​ទៀត​៖ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ៖ «​កាល​ណា​អ្នក​ចង់​បាន​ការងារ​​មួយ​ឲ្យ​​បាន​ល្អ អ្នក​ត្រូវ​តែ​បិទ​និង​បើក​ប៊ូតុង​សម្រាក​ដល់​ខួរក្បាល​របស់​អ្នក​សិន»។ បើ​អ្នក​បណ្ដោយ​ឲ្យ​ខ្លួនឯង​គិត​គ្រប់​ពេល​នោះ គឺ​វា​ហាក់​ដូច​ជា​បង្ខំ​ជីវិត​​ខ្លួន​ឲ្យ​រវល់​ដក​ឃ្លា​មិន​រួច​ដែរ​៕

ប្រែ​សម្រួល ៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ seleni