បើមានចំណុចសំខាន់ ៤ យ៉ាងនេះ អ្នកនឹងអាចជោគជ័យក្នុងជីវិតឆាប់ៗ!
ចំណុចវាស់ស្ទង៉ទាំង ៤ យ៉ាងដែលអាចធ្វើឲ្យអ្នកដឹងពីភាពជោគជ័យរបស់អ្នក ៖
១) អ្នកមានផែនការច្បាស់លាស់៖ រាល់ការធ្វើកិច្ចការអ្វីក៏ដោយ វាទាមទារឲ្យមានផែនការច្បាស់លាស់ ព្រោះថាបើគ្មានផែនការនោះទេ គឺប្រៀបដូចជាដើរនៅក្នុងព្រៃដោយគ្មានត្រីវិស័យដូច្នោះដែរ។ ដូច្នេះហើយ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តបង្កើតផែនការមុនពេលចេញសកម្មភាពនោះ មានន័យថា អ្នកនឹងសម្រេចកិច្ចការនោះជាមិនខាន បើទោះបីជាពេលខ្លះត្រូវចំណាយពេលវេលាយូរបន្តិច ក្តី។
២) អ្នកធ្វើការ ខណៈអ្នកដទៃកំពុងដើរលេង៖ មានមនុស្សជាច្រើនបរាជ័យក្នុងកិច្ចការផ្សេងៗ ហើយពេលខ្លះមូលហេតុគឺមិនមែនដោយសារពួកគេអន់ក្នុងការគិតនោះទេ ប៉ុន្តែអាចដោយសារតែការខិតខំនៅមានកម្រិត ឬ អាចនិយាយបានថា ធ្វើឲ្យតែបានៗ ហើយក៏នឹកឃើញរឿងសប្បាយភ្លេចការងារ។ ប្រសិនបើអ្នកខិតខំធ្វើការយ៉ាងខ្លាំង ជាពិសេសនោះមិនខ្វល់ថា វាជាថ្ងៃអ្វី ឬពេលណា ពោលគឺត្រូវតែព្យាយាមធ្វើដើម្បីឆាប់សម្រេចនោះ ឱកាសជោគជ័យរបស់អ្នកគឺពិតជាមានច្រើន បើធៀបនឹងអ្នកដែលចូលចិត្តដើរលេង ឬ ធ្វើការឡេះឡោះ។
៣) អ្នកអានរាល់ថ្ងៃ៖ ត្រូវចាំថា មនុស្សមិនអាចដឹង និង ចេះអ្វីៗគ្រប់យ៉ាងនោះទេ ដូច្នេះហើយអ្នកត្រូវតែរៀនសូត្រជារៀងរាល់ថ្ងៃដែរ ជាពិសេសតាមរយៈការអានតែម្តង។ ការអានច្រើន នឹងជួយឲ្យអ្នកទទួលបានអ្វីៗថ្មីៗ និង ល្អៗសម្រាប់ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងដែលកំពុងកើតឡើងក្នុងសង្គម។ ដូច្នេះហើយ បើចង់ជោគជ័យក្នុងជីវិត អ្នកមិនគួរខ្ជិលអាន មិនថាសៀវភៅ ឬសារព័ត៌មាននោះឡើយ។
៤) អ្នកស្រលាញ់ការងារខ្លាំង៖ ដើម្បីឲ្យមនុស្សអាចធ្វើការអ្វីមួយបាន យ៉ាងអស់ពីចិត្ត និងមានប្រសិទ្ធភាពនោះ លុះត្រាតែពួកគេចូលចិត្ត និង ស្រលាញ់ការងារនោះជាមុនសិន។ បើមិនស្រលាញ់ការងារទេ ទោះបីជាការងារនោះស្រួល ឬ ប្រាក់ខែច្រើនប៉ុណ្ណាក៏ដោយ ក៏នៅតែធ្វើមិនអស់ពីលទ្ធភាពដែរ ពោលគឺគ្រាន់តែធ្វើឲ្យតែដល់ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើ អ្នកពិតជាស្រលាញ់ការងាររបស់ខ្លួនខ្លាំងមែន អ្នកនឹងធ្វើវាយ៉ាងមានប្រសិទ្ធភាពហើយក៏សម្រេចជោគជ័យធំធេង និង ឆាប់រហ័សផងដែរ៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ addicted2success.com & www.lifehack.org