ចុងឆ្នាំនេះ ខេត្តព្រះសីហនុនឹងលេចរូបរាងមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះថ្មីមួយទៀត​



ភ្នំពេញ៖ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី១ទៀត របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងប្រកាសបញ្ចាប់ការដ្ឋានសាងសង់ជាផ្លូវការ ក្នុងខេត្តព្រះសីហនុនាអំឡុងចុងឆ្នាំនេះ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅបែបប្រណិតៗដល់ភ្ញៀវទេសចរ។

បើតាមតំណាងក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប លោក លី មិញ បានឲ្យដឹងថា ក្រោយបញ្ជាប់គម្រោងខ្នាតធំមួយទៀត របស់ក្រុមហ៊ុនព្រីសន៍ រៀលអ៊ីស្ទេតគ្រុប គឺមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ

ព្រីនស៍ ស៊ីធី សេនធើ នាពេលខាងមុខនេះ អគារពាណិជ្ជកម្ម និងខុនដូនេះនឹងអាចចូលរួមឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុក អោយទទួលបាននូវកន្លែងស្នាក់នៅបែបប្រណិតៗដោយវត្តមានរបស់គម្រោងនេះក៏នឹងចូលរួមលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុផងដែរតាមរយៈ ការផ្តល់ជូននៅបដិសណ្ឋាកិច្ចបែបអន្តរជាតិទៅដល់ភ្ញៀវទេសចរ។

លោកបញ្ជាក់ថា គម្រោងនេះនឹងក្លាយជាទីតាំងនិមិត្តសញ្ញាដ៏ថ្មីស្រឡាងមួយទៀតក្នុងក្រុងព្រះសីហនុ ដែលមានរួមបញ្ចូលនូវលំនៅដ្ឋានប្រណិតៗ ការិយាល័យលំដាប់ខ្ពស់  ដំណើរកម្សាន្តលក្ខណៈពាណិជ្ជកម្ម ការទិញទំនិញ និងការលម្ហែកាយពេលវិស្សមកាលផងដែរ។ 

 

លោកបន្តថា ព្រីនស៍ ស៊ីធី សេនធើ មានទីតាំងស្ថិតនៅតាមបណ្ដាលផ្លូវឯករាជ្យ ដែលជាតំបន់សំខាន់នៃក្រុងព្រះសីហនុ ពោលគឺជិតទៅនឹងសណ្ឋាគារផ្កាយ៥ ព្រីនស៍ ថាម ហូថេល ដែលមានចំងាយតែ ៨០០ម៉ែត្រពីរង្វង់មូលតោពីរ។  “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១នេះ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៤,៨០០ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់សរុបចំនួន ៧៩៣៤២ម៉ែត្រការ៉េ ក្នុងនោះរួមមានអគារខុនដូចំនួន៣ និងអគារផ្លាស្សាចំនួន១ បំពាក់ដោយពាណិជ្ជកម្មប្រកបដោយគុណភាព ផ្សារទំនើប ភោជនីយដ្ឋាន ក្លិបហាត់ប្រាណ មជ្ឈមណ្ឌលកំសាន្តខេធីវី បណ្ណាគារ ទីលានកីឡា និងសេវាកម្មផ្សេងៗទៀតដែលនឹងនាំមកនូវការរស់នៅប្រកបដោយផាសុខភាពដល់អតិថិជន។

លោកបន្ថែមថា “ព្រីនស៍ ស្មាតហ្គាដិន” ដែលជាការដ្ឋានដំណាក់កាលទី១ នៃគម្រោង ព្រីនស៍ ស៊ីធី សេនធើ នេះ រំពឹងថានឹងត្រូវបញ្ចប់ការសាងសងជាស្ថាពរក្នុងខែតុលា ឆ្នាំ២០១៩ ដោយដំណាក់ការទី២ និងទី៣ និងបន្តសាងសង់ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ព្រីនស៍ ស៊ីធី សេនធើ ត្រូវបានវិនិយោគឡើង នៅលើផ្ទៃដីចំនួន ១៦,៣ហិកតា និងមានក្រឡាផ្ទៃសំណង់សរុប ៧០ម៉ឺនម៉ែត្រការ៉េ ដែលរួមមានវីឡាប្រណិត វីឡាមាត់សមុទ្រ ខុនដូលម្ហែកាយ សណ្ឋាគារលំដាប់ផ្កាយ៥ អាគារការិយាល័យ ផ្សារទំនើប ផ្លាស្សា ក្លិបកម្សាន្ត មន្ទីរពេទ្យថែទាំសុខភាព និងសេវាកម្មដ៏សម្បូរបែបផ្សេងទៀត៕

ដោយ៖ ស្រីពេជ្រ

X
5s