តើអ្វីជាកម្មសិទ្ធិបញ្ញា?​ ហេតុអ្វីបានជាកម្មសិទ្ធិបញ្ញាសំខាន់ចំពោះអាជីវកម្ម?​




កម្មសិទ្ធិបញ្ញា
គឺជាច្បាប់របស់គំនិតឬច្បាប់រក្សាតម្លៃរបស់គំនិតដែលបាន​អនុម័ត​ស្ទើរតែទាំ​ងអស់ ដោយរាជរដ្ឋាភិបាលបានផ្តល់ឲ្យអ្នកបង្កើតច្បាប់ដើមមាន​សិទ្ធិយ៉ាង​ពិសេស​ចំពោះ​វា ក៏ប៉ុន្តែ​វា​មាន​រយៈ​ពេលកំណត់ណាមួយ។



ជន​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​បញ្ញា​ខួរក្បាល​ធ្វើ​ជា​ពលកម្ម ហើយ​រក​ឃើញ​វត្ថុ​អ្វី​មួយ ឬ​រូបមន្ត​ផលិត​អ្វី​មួយ​មុន​គេ ជន​នោះ​ត្រូវ​ច្បាប់​ទទួល​ស្គាល់​ថា ជា​ម្ចាស់​ស្នាដៃ ឬ​ផលិតផល​នៃ​ការ​រក​ឃើញ​នោះ។ ស្នាដៃ​ដែល​បាន​មក​ពី​ការ​ស្រាវជ្រាវ​រក​ឃើញ​មុន​គេ​នោះ​ហើយ គឺ​ជា​កម្មសិទ្ធិ​បញ្ញា​របស់​ជន​នោះ ហើយ​អ្នក​ដែល​ប្រើ​ពលកម្ម​បញ្ញា និង​ដើមទុន​សម្រាប់​ផលិតកម្ម​នោះ មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​ពី​ផលិតផល​ដែល​ខ្លួន​បាន​រក​ឃើញ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​ស្រាវជ្រាវ​បង្កើត​វត្ថុ ឬ​ទំនិញ​ថ្មីៗទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​នៃ​ផលិតកម្ម​ខាង​វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬ​សិល្បៈ ដែល​ជា​ស្នាដៃ​ដើម​របស់​អ្នក​ដែល​រក​ឃើញ​មុន​គេ។

សហបំណងនៃការបង្កើតកម្មសិទ្ធិបញ្ញានេះ គឺដើម្បីលើកទឹកចិត្តដល់អ្នកបង្កើតនូវការងារ​ថ្មីៗ​ដែល​ផ្តល់ឲ្យអ្នកនិពន្ធ គ្រប់គ្រងបាននូវចំណូលពីការបង្កើតរបស់គេ។ កម្មសិទ្ធិបញ្ញាគឺអាចនិយាយ​បានថា វាជាអធិបតេយ្យភាពដែលមានន័យថា អ្វីដែលពួកគេធ្វើមិនបានពង្រីកឲ្យរួចផុតពីការគ្រប់​គ្រងនៃ​រដ្ឋណា​មួយទេ លុះត្រាតែរដ្ឋនោះបានចូលរួម និងកិច្ចព្រមព្រៀងជាអន្តរជាតិ។ សព្វថ្ងៃនេះ បើទោះបីជាមានការទាក់ទងជាមួយនឹងប្រទេសជាច្រើនតែ មានការចូលរួមមានចំនួន​តិចតួចក្នុងការ​ព្រម​ព្រៀង កំឡុងពេលដែលមានទ្រង់ទ្រាយនៃច្បាប់កម្មសិទ្ធិបញ្ញាជាតិ បានធ្វើឲ្យបមាណីយកម្ម ទៅ​ក្នុងកិច្ចព្រមព្រាងកម្មសិទ្ធិបញ្ញាអន្តរជាតិ។

លោក​មេធាវី កុយ គន្ធី ឲ្យ​និយមន័យ​កម្មសិទ្ធិ​បញ្ញា​ថា ជា​ការ​ប្រើប្រាស់​ពលកម្ម​ខាង​គំនិត​ប្រាជ្ញា​​របស់​អ្នក​ណា​ម្នាក់ ហើយ​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​ពលកម្ម​ខាង​គំនិត​ប្រាជ្ញា​នោះ៖ «កម្មសិ​ទ្ធិ​បញ្ញា គឺ​ជា​ទ្រព្យ​មួយ​ដូចជា​ឡាន ដូចជា​ផ្ទះ​មួយ​អ៊ីចឹង​ដែរ តែ​ខុស​គ្នា​ត្រង់​ថា ឡាន ឬ​ផ្ទះ​មាន​រូប រីឯ​កម្មសិទ្ធិ​បញ្ញា​វិញ​កើត​ចេញ​ពីការ​សម្ដែង​បញ្ញា​របស់​អ្នក​ណា​ម្នាក់ ផល​ប្រយោជន៍​សេដ្ឋកិច្ចនិង​សង្គម ដូចជា​កេរ្តិ៍​ក្នុង​សង្គម​ជាដើម​ពី​ការ​សម្ដែង​នេះ»។ ឧទាហរណ៍​ជាក់​ស្តែង​ដូចជា កាល​ពី​ចុង​ឆ្នាំ​២០១៤ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ បាន​ប្រគល់​លិខិត​ទទួល​ស្គាល់​កម្មសិទ្ធិ​បញ្ញា​លើ​បទ​ចម្រៀង​ចំនួន ៧៣​បទ ដែល​ជា​ស្នាដៃ​​ផ្ទាល់​របស់​លោក ស៊ិន ស៊ីសាមុត ទៅ​ឲ្យ​កូន​ប្រុស និង​ភរិយា​របស់​លោក។ បទ​ចម្រៀង​ដែល​លោក ស៊ិន ស៊ីសាមុត និពន្ធ​ផ្ទាល់​ដៃ​ទាំងនោះ​មាន​ដូចជា មាន់​រងាវ រឿង​ខ្ញុំ ថាវរី នឹក​គ្រប់​វេលា និង​រឿង​ស្នេហ៍​ខ្ញុំ ជាដើម។ ទោះ​ជា​យ៉ាង​ណា បើ​តាម​ច្បាប់​កម្ពុជា សមាជិក​គ្រួសារ​របស់​លោក ស៊ិន ស៊ីសាមុត មាន​កម្មសិទ្ធិ​បញ្ញា​លើ​បទ​ចម្រៀង​ចំនួន ៧៣​បទ​នោះ​តែ​ក្នុង​រយៈពេល​ប្រមាណ ៩​ឆ្នាំ​ទៀត​ប៉ុណ្ណោះ បើ​គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ។

កម្មសិទ្ធិ​បញ្ញា​នេះ​មានសារៈ​សំខាន់ចំពោះ​អាជីវកម្ម​
នៅពេលអាជីវកម្មកំពុងបង្កើតវត្តមានរបស់ខ្លួននៅលើទីផ្សារ ការការពារនិង​គ្រប់គ្រង​កម្ម​សិទ្ធិ​បញ្ញារបស់វាគឺ មានសារៈសំខាន់ព្រោះវាអាចមានន័យថាភាពខុសគ្នារវាងជោគជ័យឬបរាជ័យ។ ហេតុដូច្នេះហើយបានជាវាមានសារៈសំខាន់សម្រាប់អាជីវកម្ម ដោយ​ម្ចាស់​អាជីវកម្ម​នីមួយ​ៗត្រូវ​យល់ដឹងអំពីទំរង់នៃកម្មសិទ្ធិបញ្ញាខុសៗគ្នា បើ​វា​ជាអ្វីដែល​អ្នក​បង្កើត​ដោយ​ផ្ទាល់​ខ្លួន​ពិត​មែន​ត្រូវ​ធ្វើ​ការ​ចុះ​បញ្ជី​ដើម្បីចៀសវាងការ​លួច​ចម្លង​ស្នា​ដៃ​ នាំ​ឲ្យ​បាត់​បង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​អាសារបង់​។​

ការ​ចុះ​កម្ម​សិទ្ធិ​បញ្ញា​នេះ​ត្រូវ​បា​ន​បែង​ចែក​ជា​ផ្នែក​ៗ តាម​ប្រភេទ​ស្នា​ដៃ​របស់​អ្នក​បង្កើត​ ក្នុង​​នោះ​មាន​ដូចជា៖


ក) ព័ត៌​មាន​សម្ងាត់ Confidential information
កាតព្វកិច្ចនៃការរក្សា​ទំនុក​ចិត្ត​គឺ​ស្ថិ​ត​នៅ​ក្រោម​កិច្ច​សន្យា​ ឬ​ការ​កំណត់​នៃ​ច្បាប់​ទូទៅ​មួយ ​​កាតព្វកិច្ចក្រោមច្បាប់ទូទៅអាចកើតឡើងពីទំនាក់ទំនងពិសេសមួយ (រវាងនិយោជកនិង​និយោជិក) ឬជាកន្លែងដែលព័ត៌មានដែលត្រូវបានកំណត់​ឲ្យ​ទទួលដោយដឹង​ដោយ​បុគ្គលដែលគួរ​តែ​ដឹង ឬចាត់​ទុក​ថាព័ត៌មាននោះជាការសម្ងាត់សម្រាប់​បុគ្គល​ណា​ខ្លះ។ ឧ​ទាហរណ៍​ដូចជា​គ្រោង​ការដេញ​ថ្លៃ​​ក្នុ​ងគម្រោងណាមួយ​របស់​ក្រុម​ហ៊ុន គឺ មាន​បុគ្គល​ភាគ​តិច​បំផុត​ក្នុង​ក្រុម​ហ៊ុន​ដែល​អាចទទួល​បាន​ព័ត៌​មាន​នេះ ការ​ធ្វើ​បែប​នេះ​ចៀស​វាងការ​បាត់​បង់​ផល​ប្រយោជន៍​ធំ​បើ​មាន​ការ​លេច​ធ្លាយ​ព័ត៌មាន​ទៅ​ខាង​ក្រៅ។​

ខ) ការ​រក្សា​សិទ្ធិ (Copyright)
កា​ររក្សាសិទ្ធិ​ត្រូវ​បាន​ឃើញ​ជា​ញឹកញាប់​ចំពោះ​ស្នា​ដៃតែង​និ​ពន្ធ អក្សរសាស្ត្រ សិល្បៈតន្ត្រី និងស្នាដៃជាច្រើនក៏ដូចជាមូលដ្ឋានទិន្នន័យដើមសម្លេងថតខ្សែភាពយន្តការចាក់ផ្សាយកម្មវិធីខ្សែកាបនិងការរៀបចំអក្សរនៃការបោះពុម្ពផ្សាយជាដើម។ តែ​ការ​រក្សា​សិទ្ធិ​នេះ​មានរយៈពេល​កំណត់​ជាក់​លាក់​មួយ​ដូច​ជា ៥០ឆ្នាំ ៧០ឆ្នាំ ឬ ១០០ឆ្នាំ ទៅ​ប្រភេទ​កម្មសិទ្ធិ​នីមួយ​ៗ។

គ) សិទ្ធិមូលដ្ឋានទិន្នន័យ Database right
កម្មសិទ្ធិករនៃសិទ្ធិមូលដ្ឋានទិន្នន័យមានសិទ្ធិក្នុងការអនុវត្តឬផ្តល់សិទ្ធិឱ្យអ្នកដទៃទាញយកឬប្រើប្រាស់ឡើងវិញទាំងអស់ឬផ្នែកសំខាន់នៃមាតិកានៃមូលដ្ឋានទិន្នន័យការពារ។ មូលដ្ឋានទិន្នន័យត្រូវបានការពារនៅពេលដែលមានការវិនិយោគច្រើន ក្នុងការទទួលការផ្ទៀងផ្ទាត់ឬ​ការ​បង្ហាញមាតិកានៃទិន្នន័យ​ ហើយ​សិទ្ធិ​នេះ​មានភាព​ដាច់ដោយ​ឡែក​ពីកា​ររក្សាសិទ្ធិ។ រយៈពេលនៃសិទ្ធិមូល​ដ្ឋានទិន្នន័យ​គឺ ១៥ ឆ្នាំរាប់ចាប់ពីចុងបញ្ចប់នៃឆ្នាំប្រតិទិនដែលការបង្កើតមូលដ្ឋាន​ទិន្នន័យត្រូវបាន​បញ្ចប់ឬវាត្រូវបានប្រើឡើងវិញជាលើកដំបូង។

ឃ) កា​ររចនា Designs
ការ​រចនា​អ្វី​មួយ​ថ្មី​ក៏​អាច​ធ្វើ​ការ​ចុះ​បញ្ជី​រក្សា​ទុក​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​បាន​ដែរ។ ជាក់ស្តែង​បើ​ការ​រចនា​អ្វី​មួយ​ថ្មីនេះ​មានប្រយោជន៍​ច្រើន​ដល់​សាធារណៈជន​ទូទៅ​ប្រើ​ប្រាស់ អ្នក​អាច​នឹង​មិន​ទទួល​បាន​ការ​អនុញ្ញាត្ត​ក្នុ​ងការ​ចុះបញ្ជីឡើយ គ្រាន់តែ​អាច​ឲ្យ​អ្នក​មាន​អ្វី​មួយ​ជាសម្គាល់​ ដូចជា​តួអក្សរណាមួយ​សម្គាល់​តំណាង​ឲ្យ​ស្នាដៃ​របស់​អ្នក​ ហើយ​ស្នាដៃ​មួយ​នោះនឹង​អាច​ឲ្យ​សាធារណៈ​ជន​ប្រើ​ប្រាស់​បាន​ទូទៅ។ រយៈ​ពេល​នៃការ​ចំបញ្ជី​លើ​ការរចនា​ថ្មី​នោះ​គឺ​ ៥ឆ្នាំ​ម្តង ហើយ​ធ្វើ​ការ​ចុះ​បញ្ជី​ម្តងទៀត​សម្រាប់​ ៥ឆ្នាំបន្ទាប់​ទៀតយ៉ាង​យូរ​បំផុត​នៃអាយុ​កាល​ស្នាដៃអ្នក​គឺ ២៥ឆ្នាំ។

ង) គំរូ​ប៉ាតង់ Patent
ប៉ាតង់ផ្តល់ឱ្យអ្នកបង្កើតនូវសិទ្ធផ្តាច់មុខក្នុងរយៈពេលកំណត់ ដើម្បីការពារអ្នកដទៃពីការ​ប្រើ​ប្រាស់ការបង្កើតរបស់គាត់ដោយគ្មានការអនុញ្ញាត។ គំរូ​ប៉ាតង់មាន​ដូចជា៖

១) ប្រលោម​លោក
២) ​គំរូសម្រាប់​ឧស្សា​ហកម្ម​ណាមួយ
៣) គំនិត​ច្នៃ​ប្រឌិត​ថ្មី​មួយ (ឧទាហរណ៍​ប៉ាតង់​ក្នុ​ង​ការ​ផលិត​រថ​យន្ត​មួយ)រយៈពេញពេញលេញ​នៃ​កា​រ​ចុះគំរូ​ប៉ាតង់​គឺ ២០ឆ្នាំ តែអ្នក​អាចស្នើ​ចុះ​ប៉ាតង់​រយៈពេល​ខ្លីត្រឹម​ ១០ឆ្នាំ​បាន​។

ច) ម៉ាក​សញ្ញាលើ​ផលិត​ផល​អាជីវកម្ម Trade mark
វាជា​ការ​បញ្ចាក់​ពី​ម៉ាក​ទំនិញ​ ឬ​សេវាកម្ម​មួយ​ដែល​រក្សា​បានសិទ្ធិ​ថា​វា​ជារបស់យើង​ផ្ទាល់​ គ្មា​ន​ជនណា​អាចយក​ផលិត​ផល​ ឬសេវាកម្ម​មួយ​នេះ​ទៅ​ធ្វើ​អាជីវកម្ម​ហើយ​ដាក់​ឈ្មោះ​ជារបស់គេ​ផ្ទាល់​បាន​ឡើយ ក្នុង​អំឡុង​ដែល​ពេល​មានការចុះ​បញ្ជីត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង​លើ​ផលិត​ផល​​សេវា​កម្ម​នោះ​​។ វា​មានរយៈ​ពេល ១០ឆ្នាំ​​ តែ​វា​អាច​ចុះ​បញ្ជី​ថ្មី​ម្តង​ទៀត​នៅ​ខណៈ​ដែល​ផុត​រយៈ​ពេល ១០ឆ្នាំ​នោះ​ដោយ​អ្នក​គ្រាន់​តែ​ចំនាយ​ថ្លៃ​សេវា​តាម​ការ​កំណត់​បី​ខាងក្រសួង​ប៉ុណ្ណោះ៕

ដោយ៖ យ៉ាយ៉ា