លោក Ralph Waldo Emerson៖ «ជីវិតគឺជាការដកពិសោធន៍ អ្នកពិសោធកាន់តែច្រើន អ្នកនឹងកាន់តែរីកចម្រើន»
មានរឿងរ៉ាវច្រើនរាប់មិនអស់ដែលបានកើតឡើងលើរូបអ្នក។ តើអ្នកធ្លាប់ចាត់ទុក្ខរឿងទាំងនោះជាបទពិសោធន៍របស់អ្នកឬទេ? មិនថារឿងរ៉ាវល្អ ឬអាក្រក់នោះទេ ទាំងនោះសុទ្ធតែជាបទពិសោធន៍ ឬហៅម្យ៉ាងទៀតថាបទពិសោធន៍ជីវិត។ ទម្រាំអ្នកមកដល់ចំណុចនេះ ជីវិតរបស់អ្នកបានភ្លក្ស បានរៀនសូត្រ នឹងពិសោធមិនតិចនោះទេ។ ដោយបទពិសោធន៍ជីវិតនោះហើយដែលតែងតែរុញច្រានអ្នកឲ្យរីកចម្រើនលូតលាស់។
ប្រសិនបើអ្នកគិតថាអ្នកខ្លាចមិនហ៊ានធ្វើអ្វីមួយអ្នកគួរតែគិតថាសាកធ្វើវាសិន បើវាបរាជ័យឬជោគជ័យគឺសុទ្ធតែជាបទពិសោធន៍។ បើធ្វើទៅជោគជ័យនោះអ្នកទទួលបានបទពិសោធន៍ជោគជ័យ បើបរាជ័យ នោះអ្នកនឹងទទួលបានមេរៀនបរាជ័យ។ បើបទពិសោធន៍នោះមិនល្អ វានឹងជួយឆ្លុះបញ្ចាំងអំពីភាពខ្វះខាតរបស់អ្នក ដែលអ្នកត្រូវបំពេញបន្ថែម ត្រូវចៀសវាង ត្រូវប្រុងប្រយ័ត្ន។ ប្រសិនបើមិនធ្វើនោះទេ អ្នកគ្មានថ្ងៃដឹងថាខ្លួនអ្នកខ្លាំង ខ្វះខាតត្រង់នេះ ខ្សោយត្រង់នេះ ត្រូវរៀនបន្ថែមត្រង់នេះឡើយ។ ដូចនេះកុំរុញរា អ្វីក៏ដោយអ្នកត្រូវចាត់ទុកថាជាបទពិសោធន៍។
គ្រប់យ៉ាងនៅក្នុងជីវិត អ្នកត្រូវគិតវាថាជាបទពិសោធន៍ទើបវាមិនឈឺចាប់ ទើបវាមិនធ្វើឲ្យអ្នកបាក់ទឹកចិត្ត ទើបវាមិនធ្វើឲ្យអ្នកភ័យខ្លាច ទើបធ្វើឲ្យអ្នករឹងមាំ រឹងប៉ឹង មិនទន់ខ្សោយ ធ្វើឲ្យអ្នកមិនសោកស្ដាយ និងធ្វើឲ្យអ្នករីកចម្រើន។
លោក Ralph Waldo Emerson បានមានប្រសាសន៍ថា៖ «អ្នកត្រូវចងចាំថាជីវិតគឺជាការដកពិសោធន៍ បើអ្នកពិសោធកាន់តែច្រើន អ្នកដឹងកាន់តែច្រើន កាន់តែរីកចម្រើន។» បទពិសោធន៍ជីវិតមិនអាចរកទិញបាននៅទីផ្សារឡើយ ដូចនេះត្រូវបានបង្កើតវាឲ្យបានច្រើន រៀនសូត្រពីវាឲ្យបានច្រើន៕
ដោយ៖ លង់ វណ្ណៈ