កម្រងសម្ដីចំនួន ១០ឃ្លា ដែលធ្វើឲ្យអ្នករិះគិតស៊ីជម្រៅអំពីជីវិត
នៅក្នុងជីវិតយើង មានពេលខ្លះយើងស្រាប់តែបានជួបជាមួយនឹងពាក្យសម្ដីដែលមានតម្លៃមួយម៉ាត់ ដែលអាចជួយដោះស្រាយបញ្ហាស្មុគស្មាញនៅក្នុងជីវិតរបស់យើង ឬបានធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរទាំងស្រុងទៀតផង។ ខាងក្រោមនេះគឺជាសម្រង់សម្ដីចំនួន ១០ឃ្លា ដែលធ្វើឲ្យអ្នករិះគិតស៊ីជម្រៅអំពីជីវិតអ្នក៖
១) «ការប្រកាន់យកនូវកំហឹងប្រៀបដូចជាការចាប់កាន់ធ្យូងភ្លើងដ៏ក្ដៅមួយជាមួយនឹងគោលបំណងគប់ដាក់ទៅអ្នកដទៃ តែគឺអ្នកខ្លួនឯងនេះហើយដែលជាអ្នករលាក។» ព្រះពុទ្ធ
២) «នៅពេលដែលអ្នកចេះតែគិតអំពីអ្នកដទៃ និងអ្វីដែលពួកគេគិតបែបណាចំពោះអ្នក មានអារម្មណ៍បែបណាចំពោះអ្នក និងរំពឹងបែបណាចំពោះអ្នក នោះអ្នកនឹងវិលវល់នៅក្នុងវដ្ដមួយដែលអ្នកព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យគេពេញចិត្តអ្នក។ អ្នកឃើញខ្លួនឯងនៅក្នុងកែវភ្នែកពួកគេ ហើយអ្នកនឹងភ្លេចថាខ្លួនឯងជានរណា។» Michael Soll
៣) «ស្រឡាញ់អ្នកដទៃ ដូច្នេះហើយពួកគេនឹងមានអារម្មណ៍ល្អប្រសើរជាងមុន ហើយអ្នកនឹងមើលឃើញខ្លួនឯងនៅក្នុងកែវភ្នែករបស់ពួកគេ។» Debasish Mridha
៤) «មនុស្សយើងម្នាក់ៗសុទ្ធតែត្រូវបានប្រទានពរទៅតាមលក្ខណៈពិសេសរៀងៗខ្លួននិងលក្ខណៈសំខាន់រៀងៗខ្លួន។ វាគឺជាសិទ្ធិរបស់យើងហើយក៏ជាការផ្សងព្រេងរបស់យើងដើម្បីស្វែងរកពន្លឺដ៏ពិសេសរបស់ខ្លួនឯង។» Mary Dunbar
៥) «ភាពស្រស់ស្អាតគឺជាការធ្វើជាខ្លួនឯង។ អ្នកមិនចាំបាច់ត្រូវការការទទួលស្គាល់ពីអ្នកដទៃនោះទេ។ អ្នកត្រូវទទួលស្គាល់ខ្លួនឯង។» Thich Nhat Hanh
៦) «មនុស្សគ្រប់គ្នាសុទ្ធតែគិតថាអ្នកបានសាងកំហុសជាច្រើនកាលនៅក្មេង។ ប៉ុន្តែខ្ញុំមិនគិតថាពួកយើងសាងកំហុសតិចជាងមុនអ្វីនោះឡើយនៅពេលពួកយើងធំទៅ។» Jodi Picoult
៧) «មនុស្សភាគច្រើនមិនបានចម្រើនគំនិតនោះទេ។ មនុស្សភាគច្រើនគ្រាន់តែចម្រើនវ័យប៉ុណ្ណោះ។ ពួកគេរកឃើញកន្លែងចតឡានរបស់ពួកគេ មានមោទនភាពចំពោះកាតឥណទានរបស់ពួកគេ រៀបការ និងមានកូន ហើយពួកគេហៅបែបនេះថាជាភាពចាស់ទុំ។ តាមពិតវាគ្រាន់តែជាការចម្រើនវ័យប៉ុណ្ណោះ។» Maya Angelou
៨) «ខណៈពេលដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការចម្រើនគំនិត គឺជាពេលដែលអ្នករកឃើញនូវស្នូលនៃភាពខ្លាំងក្លានៅក្នុងខ្លួនអ្នកដែលអាចទ្រាំទ្របានជាមួយរាល់ការឈឺចាប់ទាំងអស់។» Max Lerner
៩) «ខួរក្បាលទូលំទូលាយជាងមេឃទៅទៀត។» Emily Dickinson
១០) «អ្នកមានសេរីភាពក្នុងការជ្រើសរើសតែមិនមានសេរីភាពក្នុងការរត់គេចពីលទ្ធផលដែលចេញពីការជ្រើសរើសរបស់អ្នកនោះឡើយ។» អនាមិក
ដោយ៖ ស្រីពៅ