មហាសេដ្ឋី Elon Musk៖ ខ្ញុំធ្វើជំនួញមិនមែនដើម្បីលុយទេ​



មហាសេដ្ឋីអាមេរិក លោក Elon Musk បាននិយាយថា លោកបានចំណាយពេលវេលាជាងពាក់កណ្ដាលជីវិតរបស់លោកចូលប្រឡូកក្នុងវិស័យជំនួញជាច្រើនកន្លងមកក្នុងគោលបំណងដ៏ធំមួយគឺ ដើម្បីចូលរួមដោះស្រាយបញ្ហាជាច្រើនដែលពិភពលោកកំពុងជួបប្រទះ ពោលគឺមិនមែនដើម្បីតែលុយនោះទេ។

តាមរយៈបណ្ដាញសង្គម Tweeter ផ្ទាល់ខ្លួនរបស់លោក ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះបានលើកឡើងដូច្នេះថា៖« វត្តមានរបស់ក្រុមហ៊ុន Tesla គឺដើម្បីកាត់បន្ថយទៅនឹងការបម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរដែលនឹងប៉ះពាល់ដល់ជីវិតសត្វនៅលើភពផែនដីទាំងមូល។ បើ ទោះបីជាការគាំទ្ររបស់មនុស្សទៅ នឹងគម្រោងទាំងនេះនៅមានកម្រិតក៏ដោយ ក៏នេះជាបេសកកម្មដ៏មានតម្លៃបំផុត»។

នៅទីបំផុត លុយជាអ្នករត់តាមលោក មិនមែនលោករត់តាមលុយនោះទេ ហើយសេដ្ឋីរូបនេះអាចរកលុយបានរាប់ពាន់លានដុល្លារពីក្រុមហ៊ុនយក្សទាំងនេះ។ នៅពេលបច្ចុប្បន្នក្នុងវ័យ ៤៧ឆ្នាំ លោក Musk មានទ្រព្យសម្បត្តិដល់ទៅ ១៨,៥ ពាន់លានដុល្លារទៅហើយ នេះបើយោងតាមទស្សនាវដ្ដី Forbes។

 

ប៉ុន្តែបើយោងតាមការអះអាងរបស់ CEO របស់ក្រុមហ៊ុន Tesla រូបនេះបានឲ្យដឹងថា លុយទាំងនេះលោកមិនមែនទុកសម្រាប់ចំណាយផ្ទាល់ខ្លួនរបស់លោកនោះទេ។

«អ្នកប្រហែលជាចង់សួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនចង់បានលុយ។ ហេតុផលនោះវាមិនដូចអ្វី ដែលអ្នកគិតនោះទេ។ ខ្ញុំមិនចង់ចំណាយលុយទាំងនោះទៅលំហែកម្សាន្ត ឬខ្ជះខ្ជាយលើអ្វីផ្សេងនោះទេ។ ប្រហែលពាក់កណ្ដាលលុយរបស់ខ្ញុំគឺខ្ញុំចង់ចំណាយដើម្បីជួយស្រោចស្រង់ពិភពលោក និងពាក់កណ្ដាលផ្សេងទៀតគឺចង់បង្កើតទីក្រុងបច្ចេកវិទ្យាមួយនៅភពអង្គារដែលអាចឲ្យមនុស្សបន្តរស់នៅបាននៅពេលដែលភពផែនដីត្រូវបានបំផ្លិចបំផ្លាញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Elon Musk៕

 

ប្រភព៖ CNBC

 

 

X
5s