សុភាសិតអេហ្ស៊ីប៖ «សាងអំពើល្អ រួចហើយបោះវាចោលក្នុងសមុទ្រ។»
សុភាសិតមួយឃ្លារបស់អេហ្ស៊ីបបានលើកឡើងថា «សាងអំពើល្អ រួចហើយបោះវាចោលក្នុងសមុទ្រ។» ពិតណាស់មនុស្សភាគច្រើននឹងគាំទ្រជាមួយនឹងទស្សនបែបនេះ ប៉ុន្តែអ្នកអាចកុហកគេបាន តែអ្នកមិនអាចកុហកខ្លួនឯងបាននោះទេ។ មាត់របស់អ្នកនិយាយថាធ្វើល្អដាក់បុគ្គលម្នាក់ហើយមិនបានចង់បានការតបស្នងអ្វីពីបុគ្គលម្នាក់នោះមកវិញទេ ប៉ុន្តែបើអ្នកចូលទៅពិនិត្យឲ្យជ្រៅក្នុងចិត្តរបស់ខ្លួនឯង នោះអ្នកនឹងមើលឃើញថាអ្នកលួចរំពឹងចង់ឲ្យគេមើលឃើញពីអំពើល្អរបស់ខ្លួនឯង ចង់ឲ្យគេលើកសរសើរខ្លួនឯង ចង់ឲ្យបុគ្គលដែលត្រូវបានអ្នកធ្វើល្អដាក់ ធ្វើល្អមកដាក់អ្នកវិញ។
មនុស្សយើងច្រើនតែមើលឃើញតែចំណុចល្អខ្លួនឯង បើទោះជាពេលខ្លះមានតិចតួចក៏ដោយ ហើយបែរជាច្រើនតែមើលរំលងចំណុចអាក្រក់របស់ខ្លួនឯង។ បើកាលណាពួកគេបានធ្វើល្អអ្វីបន្តិចបន្តួច នោះពួកគេនឹងមិនឈប់និយាយលើកសរសើរអំពើល្អរបស់ខ្លួនប្រាប់អ្នកដទៃនោះឡើយ។ តែបើពួកគេបានប្រព្រឹត្តអ្វីខុសវិញ ពួកគេបិទមាត់យ៉ាងជិតហើយមិននិយាយសុំទោសទទួលស្គាល់ពីកំហុសឆ្គងរបស់ខ្លួន ឬជួនកាលថែមទាំងនិយាយបំភ្លៃខុសពីការពិតដើម្បីបិទបាំងទោសកំហុសរបស់ខ្លួនឯងទៀតផង។
តាមពិតទៅនៅលើលោកនេះគ្មានឡើយភាពល្អឥតខ្ចោះ គ្មានមនុស្សណាម្នាក់ដែលល្អគ្រប់យ៉ាងនោះទេ បើគេមិនខ្វះចំណុចនេះទេ នោះគេក៏ខ្វះចំណុចមួយទៀតដែរ ហើយនេះគឺជាធម្មជាតិរបស់មនុស្សនោះទេ ហើយក៏ជាភាពមិនល្អឥតខ្ចោះដែលផ្សំផ្គុំដោយចំណុចល្អនិងចំណុចខ្វះខាត ភាពជោគជ័យនិងភាពបរាជ័យនេះឯង ដែលបានតាក់តែងជីវិតរបស់យើងម្នាក់ៗឲ្យមានតម្លៃនិងស្រស់បំព្រង។ យ៉ាងណាមិញ មនុស្សដែលប្រកបដោយគតិបណ្ឌិតគឺជាមនុស្សដែលចេះមើលទោសកំហុសរបស់ខ្លួនឯងឲ្យច្រើនជាងចំណុចល្អរបស់ខ្លួនឯង។ ការត្រួតពិនិត្យមើលចំណុចខ្វះខាតរបស់ខ្លួននេះហើយដែលដុសខាត់បុគ្គលនោះឲ្យក្លាយជាមនុស្សដែលកាន់តែល្អប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ការដែលនៅជាប់ជំពាក់ជាមួយនឹងអំពើល្អរបស់ខ្លួនឯងនឹងមិនធ្វើឲ្យអ្នករីកចម្រើនទៅមុខអ្វីនោះឡើយ។ វាមានតែបង្កើនភាពអាត្មានិយមរបស់ខ្លួនឯងប៉ុណ្ណោះ។ វាធ្វើឲ្យអ្នកមិនស្មោះត្រង់ជាមួយខ្លួនឯង អ្នកធ្វើល្អដាក់នរណាម្នាក់ក៏ដោយសារតែចង់បានការតបស្នងមកវិញ តែមិនបានធ្វើចេញពីចិត្តនោះឡើយ។
បើអ្នកពិតជាចង់សាងអំពើល្អពិត នោះអ្នកមិនចាំបាច់ខ្វល់ថាតើគេគិតឃើញបែបណាចំពោះអ្នកនោះទេ តើមានគេមើលឃើញឬអត់ ឬថាតើមនុស្សដែលអ្នកចង់ជួយនោះមានប្រយោជន៍សម្រាប់អ្នកឬអត់ តើគេនឹងតបស្នងគុណមកអ្នកវិញឬអត់។ បើអ្នកចង់ក្លាយជាមនុស្សល្អពិត នោះនៅពេលអ្នកបានសាងអំពើល្អអ្វីហើយ អ្នកនឹងមានអារម្មណ៍សប្បាយចិត្ត រួចហើយអ្នកក៏គ្រវែងវាចោលហើយ៕
ដោយ៖ ស្រីពៅ