ខ្ញុំស្អប់ជីវិតមួយនេះ! ហេតុអី?​



មនុស្សកើតមកមានជីវិតដូចគ្នា ប៉ុន្ដែខុសត្រង់ថាការរស់នៅរបស់ជីវិតមួយនោះមានលក្ខណៈបែបណាតែប៉ុណ្ណោះ។ មានជីវិតដូចគ្នាតែជីវភាពខុស ការរស់នៅខុសគ្នា ការស្រលាញ់ និង ស្អប់ក៏ខុស។ មនុស្សមួយចំនួនតែងនិយាយថា ខ្ញុំពិតជាពេញចិត្ដនឹងជីវិតមួយនេះណាស់ ប៉ុន្ដែមានខ្លះទៀតពោលថា ខ្ញុំស្អប់ខ្ពើមជីវិតមួយនេះ មិនចង់បន្ដទៀតនោះទេ។

វាជាការពិតនៅក្នុងជីវិតយើងត្រូវរស់ជាមួយមនុស្សជាច្រើននៅជុំវិញខ្លួន មិនមែនរស់នៅតែឯង ទោះបីយើងមានពិភពលោករបស់ខ្លួនផ្ទាល់ក៏ដោយ​។ ពេលខ្លះយើងក៏ជួបភាពសប្បាយរីករាយក្នុងជីវិត ពេលខ្លះទៀតក៏ជួបរឿងដែលយើងមិនចង់ជួប គ្មានអ្នកណាគេចផុតនោះ។ រឿងខ្លះបង្រៀនយើងចេះរឹងមាំក្នុងជីវិត រឿងខ្លះទៀត សឹងតែធ្វើឲ្យយើងបិទចោលពិភពលោកមួយនេះ លែងចង់ដឹងឮអ្វីតទៀត ។ ហេតុអ្វី?

លោក Akshay ស្ថាបនិកគេហទំព័រ Lifehack បានលើកឡើងថា ការគិតបែបនេះគឺកើតឡើងចេញគំនិតអវិជ្ជមាននៅក្នុងខ្លួនយើង ហើយគំនិតនោះកើតចេញពីទិដ្ឋភាពនៅជុំវិញខ្លួនយើងដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍។ ពាក្យថា ខ្ញុំស្អប់ជីវិតមួយនេះ គឺជាពាក្យដែលពោរពេញទៅភាពពិបាកបំផុតចេញពីអារម្មណ៍ខាងក្នុងរបស់មនុស្ស ហើយបានធ្វើឲ្យខ្លួនយើងក្លាយជាសត្រូវនឹងខ្លួនឯងដោយមិនដឹងខ្លួន។

វាជាការពិតដ៏ឈឺចាប់មួយ ដែលយើងទទួលបានអារម្មណ៍ថាខ្លួនឯងពិតជារងសម្ពាធយ៉ាងខ្លាំង មានអារម្មណ៍ថាជាមនុស្សគ្មានបានការ។ មនុស្សមួយចំនួនអាចគេចផុតពីអារម្មណ៍នេះបាន ប៉ុន្ដែមួយចំនួនទៀតមិនអាចគេចផុតបាននោះទេ។ ហេតុអី?

សាកគិតត្រួសៗហេតុអីបានយើងស្អប់ជីវិតខ្លួ​នឯង

ខ្ញុំស្អប់ខ្លួនឯងដោយសារតែខ្ញុំតែងតែពិបាកចិត្ដរាល់ថ្ងៃ

ខ្ញុំស្អប់ខ្លួនឯងដោយសារតែចូលចិត្ដគិតអាក្រក់ពីអ្នកដទៃ ហើយមិនជឿមនុស្សជុំវិញខ្លួន

ខ្ញុំស្អប់ ពេលដែលអ្នកដទៃមិនរាប់អានខ្ញុំ មិនប្រាប់ខ្ញុំថាត្រូវធ្វើអ្វី មិនឆ្លើយតបសារ ឆ្លើយតបសារយឺត

ខ្ញុំស្អប់ជីវិតខ្លួនឯងដោយសារជីវិតមួយនេះគ្មានអ្វីសោះ

ខ្ញុំស្អប់ខ្លួនឯងដោយសារខ្ញុំគ្មានលុយសម្រាប់ទៅសម្រាកលំហែរកាយ

ខ្ញុំស្អប់ខ្លួនឯង ពេលដែលខ្ញុំឆ្លុះកញ្ចក់ឃើញខ្លួនឯង មិនដូចអ្វីដែលខ្លួនចង់ឃើញ

បើនិយាយពីរឿងស្អប់គឺមានច្រើន ប៉ុន្ដែបើឲ្យរកកន្លែងដែលស្រលាញ់ខ្លួនឯងមិនសូវមានច្រើនប៉ុន្មានទេ អាចរកមិនឃើញក៏អាចថាបាន។ យើងស្អប់ខ្លួនឯងដោយសារតែយើងមិនស្គាល់ខ្លួនឯងឲ្យពិតប្រាកដ ។ សាកអង្កុយសម្លឹងមើលចំនុចល្អរបស់ខ្លួនឯងខ្លះ យើងនឹងបានឃើញពីចំនុចពិសេសខ្លួនបានដែលអ្នកដទៃមិនអាចមានដូចយើងបាន។

ពេលខ្លះយើងតែងឆ្ងល់ថាហេតុអ្វីជីវិតពិបាកម្លេះ ហេតុអ្វីរឿងទាំងអស់នោះកើតឡើងមកលើយើង? តើយើងបានធ្វើកម្មអ្វីពីជាតិមុនទើបជីវិតទៅជាបែបនេះ? យើងមានអារម្មណ៍ថាពួកគេទាំងអស់នោះមានជីវិតរីករាយខ្លាំងណាស់ ហេតុអ្វីមិនមែនយើង? ហេតុអ្វីពួកគេមិនដែលជួបភាពបរាជ័យដូចយើង? យើងត្រូវដឹងថាបើសិនជាយើងជួបភាពឈឺចាប់ ភាពបរាជ័យច្រើនពួកគេ យើងគឺជាអ្នកឈ្នះក្នុងសមរភូមិហើយ។

ជារួមមូលហេតុដែលយើងស្អប់ខ្លួនឯងគឺដោយសារ យើងចូលចិត្ដយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ ជីវិតយើងជារបស់យើងមិនមែនរបស់អ្នកដទៃ យើងមានជីវិតរស់នៅដូចគ្នា ប៉ុន្ដែមិនមានន័យថាគ្រប់យ៉ាងនៃជីវិតរបស់មនុស្សម្នាក់ត្រូវតែដូចគ្នាទាំងអស់នោះទេ។ ជីវិតរបស់យើងមានតម្លៃជាងអ្វីៗទាំងអស់ កុំចំណាយពេលអស់សង្ឃឹម ស្អប់ខ្លួនឯង និងកុំបន្ទោសខ្លួនឯងឬអ្នកដទៃដែលជីវិតខ្លួនយើងមិនដូចអ្វីដែលចង់បាន។

ក្នុងស្ថានភាពមួយនេះអ្នកមិនត្រូវចុះចាញ់ឡើយ ដូចគេពោលថា បើចង់យកឈ្នះអ្នកដទៃ គួរតែឈ្នះខ្លួនឯងជាមុនសិន។ រៀនស្រលាញ់ខ្លួនឯងខ្លះ រីករាយជាមួយអ្វីដែលខ្លួនមាន។ ពួកយើងទម្លាប់គិតអវិជ្ជមានច្រើនពេកក្នុងជីវិតពួកយើង សឹងតែធ្វើឲ្យព្រះអាទិត្យដែលធ្លាប់រះបញ្ចេញពន្លឺស្រស់ថ្លារាល់ថ្ងៃ បែរជាមានភាពខ្មៅងងឹតទៅវិញដោយសារគំនិតរបស់យើង។ រឿងដែលសំខាន់ត្រូវដឹងពីវិធីដើរនៅលើជីវិតមួយនេះ។

នៅលើផែនដីមួយនេះគ្មានអ្វីដែលស្ថិតថេរនោះទេ គ្មានអ្វីដែលយើងជាម្ចាស់កម្មសិទ្ធរៀងរហូតនោះទេ អ៊ីចឹងហើយសូមផ្លាស់ប្ដូរការគិតរបស់អ្នកឡើងមកវិញ ហើយសាកអានឃ្លាខាងក្រោមនេះសិនទៅ៖

·          សូមកុំគិតថាជីវិតមួយនេះដូចថ្នល់កៅស៊ូ ជីវិតមនុស្សត្រូវជួបឧបសគ្គខ្លះហើយ

·          កុំចុះចាញ់កី្ដស្រមៃខ្លួនឯង

·          ជីវិតរបស់យើងមិនមានពេលច្រើននោះទេ បន្ដិចទៀតនឹងចូលក្នុងផ្នូរទេ មិនបាច់បង្ខំចូលមុនការកំណត់នោះទេ ត្រូវដឹងថាផ្នូរគ្រាន់តែកន្លែងឲ្យយើងរត់គេចពីភាពភ័យខ្លាចដែលទើបនឹងចាប់ផ្ដើមតែប៉ុណ្ណោះ។

·          ជំនួសឲ្យស្ដាប់តាមគំនិតអ្នកដទៃ មកស្ដាប់បេះដូងខ្លួនឯងវិញម្ដងទៅ

·          ចំនាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានគំនិតវិជ្ជមាន និង តែងតែជួយជំរុញទឹកចិត្ដរបស់យើង

·          អង្កុយចងក្រងពេលវេលាដែលសប្បាយរីករាយក្នុងសៀវភៅ

·          រៀនស្រលាញ់ និង ឲ្យតម្លៃខ្លួនឲ្យបានច្រើន៕

 

 

ដោយ៖ ច័ន្ទលាភ