ពិព័រណ៍ដេក័រនិងសំណង់ស្ថាបត្យកម្មកម្ពុជានឹងមកដល់សារជាថ្មី ធំជាងមុននិងផ្តោតលើការរស់នៅបែបទំនើបឆ្លាតវៃ
ពិព័រណ៍ដេក័រ និងសំណង់ស្ថាបត្យកម្មកម្ពុជាមកដល់ជាថ្មី និងធំជាងឆ្នាំមុនៗដោយផ្តោតលើការរស់នៅបែបទំនើបឆ្លាតវៃទន្ទឹមនឹងវិស័យសំណង់រីកដូចផ្សិត ពិធីពិព័រណ៍ដេក័រ និងស្ថាបត្យកម្មឆ្នាំ២០១៩នេះ មានរយៈពេល៣ថ្ងៃដោយមានទាំងសិក្ខាសាលាដ៏ទាក់ទាញ និងផលិតផលយីហោអន្តរជាតិល្បីៗពិធីពិព័រណ៍ផ្នែកដេក័រ ហើយស្ថាបត្យកម្មកម្ពុជាលើកទី៤នេះបានបញ្ចប់កាលពីថ្ងៃសៅរ៍ ក្រោយពីការរៀបចំប្រកបដោយជោគជ័យរយៈពេល៣ថ្ងៃ ដែលមានក្រុមហ៊ុនចូលរួមតាំងបង្ហាញទាំងក្នុងស្រុក និងអន្តរជាតិមកពី១៩ប្រទេសរហូតដល់ទៅ ១៨០យីហោ។
ជាមួយនឹងការបង្ហាញនូវសក្តានុពលភាពនៃកំណើនតម្រូវការគម្រោងស្នាក់នៅដែលមានគុណភាពខ្ពស់ពីសំណាក់អតិថិជនខ្មែរក្នុងវិស័យអចលនទ្រព្យ និងមានកំណើនតម្រូវការរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិក្នុងការផ្លាស់ប្តូរទីតាំងទៅការិយាល័យគុណភាពកំពូលលំដាប់Aកាន់តែច្រើនផងនោះ ឆ្នាំ២០១៩នេះគឺជាឆ្នាំដែលបង្ហាញនូវការរីកចម្រើនក្នុងវិស័យនេះខ្លាំងបំផុត។
ពិធីពិព័រណ៍ក្រុមហ៊ុនចម្រុះនេះ ត្រូវបានរៀបចំឡើងដោយ ICVeX Co., Ltd ក្នុងកិច្ចសហការជាមួយសមាគមស្ថាបត្យករកម្ពុជា(CSA) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ហើយរួមមានការប្រកួត ការតាំងពិព័រណ៍ ការជួបពិភាក្សា និងកម្មវិធីសិក្ខាសាលាជាច្រើនមុខជុំវិញស្នាដៃដែលប៉ិនប្រសព្វបំផុតក្នុងការច្នៃវិស័យស្ថាបត្យកម្ម និងទីក្រុងឆ្លាតវៃ។
ជាមួយនឹងការបើកសម្ភោធដ៏ធំកក្រើក និងទាក់ភ្នែកមហាជនជាច្រើនកាលពីពេលព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅដែលរួមមានវាគ្មិនកិត្តិយសល្បីៗមួយចំនួន កម្មវិធីពិព័រណ៍ដេក័រ និងស្ថាបត្យកម្មនេះបានស្វាគមន៍ភ្ញៀវចូលរួមលើសពី៥០០០នាក់ត្រឹមតែថ្ងៃសៅរ៍ក្រោមអធិបតីភាពចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមបានថ្លែងសុន្ទរកថាបើកកម្មវិធីសម្ភោធកាលពីពេលព្រឹកថ្ងៃព្រហស្បតិ៍ ហើយបន្ទាប់មកមានលោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា និងរួមមានទាំងលោក ឈីណាគីត វីផាវាគីត ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរៀបចំពិធីនេះឈ្មោះ ICVeX Co., Ltd។
«ក្រោយពីទទួលបានជោគជ័យកាលពីឆ្នាំមុនៗកន្លងទៅហើយក្តី យើងមានក្តីសោមនស្សយ៉ាងខ្លាំងក្នុងការត្រឡប់មកវិញម្តងទៀតសម្រាប់ឆ្នាំទី៤នេះ ក្រោមប្រធានបទ៖ «ការរចនាសម្រាប់ការិយាល័យ និងលំនៅដ្ឋានកាន់តែល្អប្រសើរ។» លោក ឈីណាគិត បានថ្លែងបន្តទៀតថា៖ «យើងជឿជាក់ថាវាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងក្នុងការទទួលបានបទពិសោធន៍រស់នៅ និងធ្វើការប្រកបដោយផាសុកភាព និងមានបរិស្ថានជុំវិញល្អ។»
នាពេលរសៀលក្នុងថ្ងៃបើកសម្ភោធដំបូងនោះ មានការរៀបចំនូវការប្រកួតរចនារបស់និស្សិត ដែលរៀបចំដោយសមាគមស្ថាបត្យករកម្ពុជា និងបានទទួលស្វាគមន៍ចូលរួមដោយក្រុមអ្នករចនាម៉ូតចំនួន៦ក្រុមក្នុងការធ្វើបទបង្ហាញលើប្រធានបទ «ទីក្រុង និងជីវិត» ហើយបានវាយតម្លៃ និងកាត់សេចក្តីដោយគណៈកម្មការដែលមានសមាជិកសុទ្ធតែជាអ្នកជំនាញក្នុងវិស័យនេះ។ ម្ចាស់ជ័យលាភីពីការប្រកួតនេះត្រូវបានទទួលស្គាល់ និងបានទទួលរង្វាន់ក្នុងកម្មវិធីបណ្តាញពាណិជ្ជករនាពេលល្ងាច និងប្រគល់ដោយអ្នកតំណាងមកពីក្រុមហ៊ុនសហការឧបត្ថម្ភផ្លូវការគឺ Kohler និងសមាគមស្ថាបត្យករកម្ពុជា។
គម្រូទីក្រុងឆ្លាតវៃ និងការរចនាម៉ូតបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមក្នុងថ្ងៃទី២ និងថ្ងៃទី៣នៃកម្មវិធីប្រចាំឆ្នាំនេះ។ វាគ្មិនកិត្តិយសល្បីៗ និងអ្នកតំណាងពីក្រុមហ៊ុនសហការឧបត្ថម្ភរួមមាន Jotun, Formica និង L&E បានបញ្ចូនអ្នកជំនាញរបស់ខ្លួនឲ្យមកចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសិក្ខាសាលារយៈពេលមួយម៉ោងដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងជូនដំណឹងដល់សិក្ខាកាមដែលសុទ្ធតែជាអ្នកជំនាញ និងអតិថិជន។ កម្មវិធីរយៈពេល៣ថ្ងៃនេះបានបញ្ចប់ដោយកម្មវិធីសិក្ខាសាលាដ៏គួរឲ្យចាប់អារម្មណ៍ដែលមានរយៈពេល២ម៉ោង ក្រោមចំណងជើងថា៖ «ស្ថាបត្យកម្មឆ្លាតបង្កើតទីក្រុងឆ្លាត» រៀបចំឡើងដោយសមាគមស្ថាបត្យករកម្ពុជា។
ចាប់តាំងពីការចាប់បដិសន្ធិដំបូងបង្អស់កាលពីឆ្នាំ២០១៦ ពិធីពិព័រណ៍ផ្នែកដេក័រ និងស្ថាបត្យកម្មកម្ពុជានេះបានទទួលនូវគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនចូលរួមពិព័រណ៍ និងភ្ញៀវកិត្តិយស។ តំណាងមកពីក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ និងអាគារបានមកចូលរួមជាថ្មីម្តងទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំនេះរួមមានទាំងក្រុមហ៊ុនមកពីអាស៊ី ឥណ្ឌា អ៊ីតាលី ហូឡង់ ណ័រវេស សហរដ្ឋអាមេរិក ស្វីស និងប្រទេសជាច្រើនទៀត។
ពិធីពិព័រណ៍ផ្នែកដេក័រ និងស្ថាបត្យកម្មកម្ពុជា ត្រូវបានគាំទ្រជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។ ក្រៅពីម្ចាស់ឧបត្ថម្ភផ្លូវការជាច្រើនខាងលើ ពិធីពិព័រណ៍នេះក៏ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនល្បីៗជាច្រើនទៀតដូចជា Jotun អ្នកឧបត្ថម្ភផ្នែកដេក័រ, Architect ’19, K Supply, L&E, TOA Construction, Brandex Directory, ទស្សនាវដ្តីអចលនទ្រព្យ និងសំណង់, Digital Pages និង Southeast Asia Globe៕