សុភាសិតទាំង ៣ឃ្លាអំពីភាពល្ងង់ខ្លៅ ដែលអ្នកគួរកត់ត្រាចងចាំក្នុងជីវិត​



ក្នុងអត្ថបទនេះយើងសូមនាំមកជូនអ្នកនូវសុភាសិតចំនួន៣ដែលនិយាយអំពីភាពល្ងង់ខ្លៅ។ ខាងក្រោមនេះគឺជាសុភាសិតទាំង៣អំពីភាពល្ងង់ខ្លៅដែលអ្នកគួរកត់ត្រាចងចាំនៅក្នុងជីវិត៖

១) «ភាពរុងរឿងជ្រុលពេកធ្វើឲ្យមនុស្សមួយចំនួនល្ងីល្ងើ។»

សុភាសិតមួយឃ្លានេះគឺជាគតិបណ្ឌិតរបស់ជនជាតិអ៊ីតាលី។ យើងតែងតែគិតថាភាពរុងរឿងរីកចម្រើននៃសង្គមជាតិមួយ បានសបញ្ជាក់ឲ្យឃើញពីកំណើននៃអ្នកចេះដឹងនៅក្នុងសង្គមជាតិមួយនោះ។ មើលខាងក្រៅហាក់បីដូចជាយ៉ាងដូច្នេះមែន ប៉ុន្តែនៅពេលយើងចូលទៅសង្កេតមើលបញ្ហាឲ្យស៊ីជម្រៅ នោះយើងនឹងកត់សម្គាល់ឃើញថា ភាពរុងរឿងរីកចម្រើននៅក្នុងសង្គមជាតិមួយ ក៏អមដំណើរគ្នាជាមួយនឹងការកើនឡើងនូវភាពអសីលធម៌ និងកង្វះខាតនូវតម្លៃជាមនុស្សជាតិដែរ។ ដំណើរឆ្ពោះទៅមុខមិនមែនសុទ្ធតែចង្អុលបង្ហាញពីទិសដៅល្អនោះទេ។ ខណៈពេលដែលការរីកចម្រើនទៅមុខនាំមកនូវភាពរុងរឿងដល់សង្គមជាតិ ស្របជាមួយគ្នានោះវាក៏នាំមកនូវវិបត្តិរាប់រយជំពូកមកដល់សង្គមជាតិមួយនោះដែរ។

២) «ជនល្ងីល្ងើប្រៀបបាននឹងស្គរដែលវាយញាប់តែមិនដឹងពីប្រហោងរបស់ខ្លួនឯង។»

សុភាសិតនេះមានដើមកំណើតមកពីជនជាតិភាគតិច Malay។ ខ្លឹមសាររបស់សុភាសិតនេះចង់បង្ហាញថា នរណាម្នាក់ក៏អាចជាជនល្ងីល្ងើដែរ ដរាបណាពួកគេមានអំនួតក្អេងក្អាងចំពោះការចេះដឹងរបស់ខ្លួន មិនស្គាល់ខ្លួនឯង មិនស្គាល់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង។ នៅលើលោកនេះ គ្មានបុគ្គលណាម្នាក់ចេះដឹងរឿងរ៉ាវគ្រប់សព្វអស់នោះទេ ដូច្នេះហើយបើទោះជាជនណាម្នាក់ចេះដឹងរឿងរ៉ាវអ្វីមួយឆ្អិនអស់ក៏ដោយ ក៏វានៅតែមានរឿងរ៉ាវដទៃទៀតដែលគេមិនដឹងនោះដែរ។ បណ្ឌិតច្រើនជាមនុស្សដែលពូកែសង្កេត ពូកែស្ដាប់ និងស្គាល់ច្បាស់ពីភាពល្ងង់ខ្លៅរបស់ខ្លួនឯង។ ចង់មើលដឹងថានរណាជាបណ្ឌិតឬមិនមែន មិនមែនពឹងផ្អែកទៅលើការនិយាយស្ដីរបស់ពួកគេតែម្យ៉ាងបាននោះទេ ព្រោះអ្វីៗមិនមែនចេះតែដូចអ្វីដែលអ្នកមើលឃើញខាងក្រៅនោះឡើយ។

៣) «នៅក្នុងឆាកជីវិត មនុស្សយើងម្នាក់ៗមានពេលខ្លះត្រូវដើរតួជាមនុស្សល្ងីល្ងើ។»

សុភាសិតនេះគឺជាគតិបណ្ឌិតដែលបានបន្សល់ទុកដោយជនជាតិជ្វីស។ ភាពល្ងីល្ងើមិនមែនសុទ្ធតែល្ងីល្ងើទាំងអស់នោះទេ នៅពេលប្រើប្រាស់ក្នុងស្ថានភាពត្រូវ ភាពល្ងីល្ងើនឹងក្លាយជាប្រាជ្ញា។ បើទោះជាអ្នកប្រកាន់ជំហររឹងមាំទៅលើគោលការណ៍បែបណាមួយក៏ដោយ ក៏ប៉ុន្តែមានពេលខ្លះអ្នកក៏ត្រូវបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែង ដោយមិនលះបង់ចោលនូវគោលការណ៍ដើមរបស់ខ្លួនឯងដែរ។ បើអ្នកនៅរឹងទទឹងមិនបត់បែនតាមស្ថានការណ៍ទេនោះ នោះអ្នកអាចនាំមហន្តរាយដល់ខ្លួនឯង ដែលនេះអាចបង្ហាញពីភាពល្ងីល្ងើរបស់អ្នកទៅវិញបាន៕

ដោយ៖ ស្រីពៅ