គោលការណ៍​ ១០​យ៉ាង ​របស់​​​អតីត​មហាសេដ្ឋី​ដែក​ថែប​លោក ​Andrew Carnegie ដើម្បី​ក្លាយ​ជា​កំពូលអ្នកមាន​​



លោក​ ​Andrew Carnegie ​ គឺ​ជា​អតីត​មហាសេដ្ឋី​​ឧស្សាហកម្ម​ដែក​ថែប​របស់​អាមេរិក​​ ដែល​មាន​ដើម​កំណើត​ពី​ចក្រភព​អង់គ្លេស​។ ​លោក​ធ្លាប់​ត្រូវ​បាន​សម្ភាសដោយ​លោក Napoleon Hill​ដែល​ជា​អ្នក​សារព័ត៌មាន និង ជា​​អ្នក​និពន្ធ​ដ៏​ល្បី​របស់​អាមេរិក​ ​​ស្តី​ពី​គន្លឹះ​ក្នុង​ការ​ជោគជ័យ​ក្នុង​ជីវិត​ និង ​​​​​ការ​ក្លាយ​ទៅ​ជា​អ្នកមាន​។ ​​​ខាង​ក្រោម​នេះ ជា​គោលការណ៍​ ១០​យ៉ាង​ របស់​លោក​​ ដែល​ត្រូវ​បាន​ដក​ស្រង់​ខ្លឹមសារ​ដោយ​សារព័ត៌មាន​Business Insider៖

​​១) ​កំណត់​​ឲ្យ​ច្បាស់​ពី​បំណង​របស់​អ្នក​៖ ​​​ត្រូវ​រក​ឲ្យ​ឃើញ ​និង​ ​កំណត់​ឲ្យ​ច្បាស់​ពី​គោលបំណង​របស់​អ្នក​ ថា​ខ្លួន​ចង់​ធ្វើ​អ្វី​ ឬ ​ចង់​ជោគជ័យ​​ផ្នែក​អ្វី​ឲ្យ​ប្រាកដ​។ ​​នៅ​ពេល​ដែល​អ្នក​​កំណត់​រួច​ហើយ ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​វា​ជា​បន្ទាន់​។

២) ​ត្រូវ​បង្កើត​គំនិត​​ក្នុង​ការ​ចង​​ក្រង​ជា​បណ្ដាញ៖​ ត្រូវ​ចាំ​ថា ​​​អ្នក​​អាច​ធ្វើ​អ្វី​បាន​ម្យ៉ាង​ តែ​មិន​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​នោះ​ទេ​ ព្រោះ​សមត្ថភាព និង លទ្ធភាព​ខុស​ៗ​គ្នា​។ ដូច្នេះ​ហើយ​ ត្រូវ​​រាប់​អាន​មនុស្ស​ឲ្យ​បាន​ច្រើន ​ជា​ពិសេស​មនុស្ស​ណា​ដែល​អាច​ជួយ​អ្នក​បាន​ ជា​ពិសេស​ផ្នែក​គំនិត​។​​

៣) ​ធ្វើ​​​ឲ្យ​លើស​​ពី​ធម្មតា​៖ ត្រូវ​ចាំ​ថា ​​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ធម្មតា​ៗ​​ ប្រសិន​បើ​អ្នក​ធ្វើ​តែ​អ្វី​ធម្មតា​ៗ​។ អ៊ីចឹង​ហើយ បើ​ចង់​បាន​លទ្ធផល​អស្ចារ្យ ​​អ្នក​ក៏​ត្រូវ​ហ៊ាន​ចេញ​ក្រៅ​ ដើម្បី​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ ​ហើយ​កុំ​ខ្លាច​ហត់​ និង ខ្លាច​លំបាក​​ឲ្យ​សោះ ​ព្រោះ​វា​ជា​ផ្លូវ​ដែល​ជួយ​ឲ្យ​​អ្នក​សម្រេច​គោលដៅ​បាន​​។

៤) ​​ត្រូវ​ជឿជាក់​​ ​និង មាន​​ជំនឿ​លើ​ខ្លួន​ឯង​៖ ​កុំ​ទាន់​និយាយ​ថា ​​គេ​មិន​ជឿជាក់​ ឬ មិន​ទុក​ចិត្ត​អ្នក​ ​តែ​ត្រូវ​សួរ​ខ្លួន​ឯង​សិន​ថា ​អ្នក​​បាន​ទុក​ចិត្ត​ ​និង ជឿជាក់​​លើ​ខ្លួន​ឯង​បាន​កម្រិត​ណា​ហើយ​។ ​បើ​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង ​និង ការ​គិត​របស់​ខ្លួន​នោះ ​​មិន​ថា​មាន​អ្វី​ក៏​​ឡើង​នោះ​ទេ​ ​​​​អ្នក​នឹង​នៅ​តែ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ជា​និច្ច​។

៥) ​ត្រូវ​មាន​គំនិត​ផ្ដួចផ្ដើម​៖ ​​​បុគ្គលជោគជ័យ​ ជា​មនុស្ស​ដែល​ដើរ​​​ទៅ​មុខ​មុនគេ​ ​​ហើយ​ផ្ដួចផ្ដើម​ធ្វើ​កិច្ចការ​ផ្សេងៗ ​​​ដោយ​មិន​ចាំ​នរណា​ម្នាក់​មក​រម្លឹក​ ឬ ប្រដៅ​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ ត្រូវ​តែ​បង្កើត​ផ្នត់​គំនិត​«ផ្ដួចផ្ដើម​»​ឲ្យ​បាន​ ​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ជីវិត​។

៦) ​រីករាយ ឬ ​ពេញ​ចិត្ត​​ជា​ក្ដី​សុបិន​របស់​ខ្លួន​៖ ​​មិន​បាច់​មាន​នរណា​ពេញ​ចិត្ត​ជា​មួយ​នឹង​ក្តី​សុបិន​របស់​អ្នក​ក៏​បាន​ ប៉ុន្តែ​សំខាន់​បំផុត​ គឺ​ខ្លួន​ឯង​ត្រូវ​តែ​ពេញ​ចិត្ត​។ បើ​អ្នក​ពេញ​ចិត្ត​ហើយ​ នោះ​អ្នក​នឹង​​​ប្ដូរផ្ដាច់​ដើម្បី​ធ្វើ​វា​ រហូត​​ក្លាយ​ជា​ការ​ពិត​ ពោល​គឺ​ការ​ពិត​ដែល​​​​​មនុស្ស​ដែល​ធ្លាប់​​​មិន​ពេញ​ចិត្ត​ ​ងាក​មក​សរសើរ​អ្នក​វិញ​​។

៧) ​ត្រូវ​មាន​គំនិត​វិជ្ជមាន​៖ ​ការ​គិត​វិជ្ជមាន​ គឺ​​ពិត​ជា​សំខាន់​ព្រោះ​ថា អ្វីៗ​គឺ​​ដំបូង​ឡើយ​កើត​ចេញ​ពី​ការ​គិត​។ បើ​អ្នក​មាន​ការ​គិត​មិន​ល្អ​ហើយ នោះ​វា​នាំ​ឲ្យ​​សកម្មភាព​ និង លទ្ធផល​ចេញ​មក​ក៏​មិន​ល្អ​ដែរ​។ អ៊ីចឹង​​ហើយ​ ​ត្រូវ​ព្យាយាម​ទន្ទេញ​ពាក្យ​ថា ​«​វិជ្ជមាន​»​ក្នុង​ចិត្ត​​ជា​និច្ច​។

៨) ​ត្រូវ​គិត​ឲ្យ​ច្បាស់​ និង ​ត្រឹមត្រូវ​៖ ដូច​ដែល​បាន​ដឹង​ហើយ​ថា ការ​គិត​គឺ​ពិត​ជា​មហា​សំខាន់​ អ៊ីចឹង​ហើយ​ត្រូវ​គិត​ឲ្យ​​ហ្មត់ហ្មង ​​​និង ​គិត​ឲ្យ​ល្អិត​បំផុត​ចំពោះ​កិច្ចការ​នីមួយៗ​ ជា​​ពិសេស​ចំណុច​សំខាន់ៗ​ ដើម្បី​ប្រាកដ​ថា ​វា​មិន​ខុស​ ឬ នាំ​ឲ្យ​អន្តរាយ​ដល់​ខ្លួន​។ ​បើ​ខ្ជិល​ វា​អាច​មាន​ន័យ​​ស្មើ​នឹង​ពាក្យ​ថា ខ្ជិល​ជោគជ័យ​ដែរ​​។​​​​

៩)​ ផ្ដោត​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​​ឲ្យ​ខ្លាំង​៖ ​កុំ​បន្ទោស​ថា​ ​​​បញ្ហា​នោះ​លំបាក​ខ្លាំង​ពេក​​ទើប​អ្នក​ធ្វើ​​មិន​បាន តែ​ត្រូវ​បន្ទោស​វិញ​ថា ​មក​ពី​ខ្លួន​អ្នក​​មិន​​ទាន់​ព្យាយាម​​គ្រប់គ្រាន់​ អ៊ីចឹង​ហើយ​បាន​ជា​លទ្ធផល​ចេញ​មក​​​មិន​សម​តាម​បំណង​។ ​​​​ត្រូវ​ចាំ​ថា ​​មាន​តែ​ការ​ខិតខំ​​ប្រឹងប្រែង​នោះ​ទេ ទើប​ធ្វើ​ឲ្យ​រឿង​អស្ចារ្យ​កើត​ឡើង​។

១០) ​​ត្រូវ​មាន​​ចំណូល​​ច្រើន​ប្រភព​៖ ត្រូវ​ចាំ​​ថា បើ​អ្នក​ចង់​​​មាន​សុវត្ថិភាព​ខ្ពស់​ និង​ ​ឆាប់​មាន​បាន​នោះ​ គឺ​ត្រូវ​បង្កើត​ប្រភព​​ក្នុង​ការ​បង្កើត​ចំណូល​ឲ្យ​បាន​ច្រើន​ទើប​ជា​រឿង​ល្អ ​ព្រោះ​បើ​អ្នក​មាន​ប្រភព​ចំណូល​តែ​មួយ​ នៅ​ពេល​វា​មាន​បញ្ហា​កើត​ឡើង​ ​អ្នក​នឹង​​ត្រូវ​ជួប​​ស្ថានភាព​លំបាក​ខ្លាំង​មិន​ខាន​៕

​​​​​​​ដោយ​៖ រតនា​ ​វិចិត្រ

X
5s