SWOT វិភាគចំណុចខ្លាំងនិងខ្សោយអាជីវកម្មដែលម្ចាស់ អាជីវកម្មខ្នាតតូចគួរស្វែងយល់!
BizKhmer ជឿថា មានប្រិយមិត្ត មិត្តអ្នកអាចជាច្រើនធ្លាប់បានសិក្សា ឬបាននិងកំពុងសិក្សារួចមកហើយ អំពីទ្រឹស្ដីមួយនេះ។ ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនប្រហែលមិនធ្លាប់បានឮពីមុនមកនោះទេ បើទោះជាធ្លាប់បានប្រើប្រាស់វាខ្លះរួចទៅហើយ។ SWOT ជាទ្រឹស្ដីវិភាគទៅលើធាតុបួនសំខាន់ៗ គឺ S(strength=ចំណុចខ្លាំង) W(weakness=ចំណុចខ្សោយ) O(opportunity=ឱកាស) និងមួយទៀតគឺ T(threat=កត្តាគំរាមកំហែង)។
ចំណុចទាំងបួននេះ គឺ ជាចំណុចដ៏សំខាន់សម្រាប់អាជីវកម្មនីមួយៗ។ បើយើងមិនស្គាល់ខ្លួនឯងឱ្យច្បាស់ថា ខ្លាំង ឬខ្សោយប៉ុណ្ណាផង តើយើងអាចចាប់យកឱកាស ឬគេចឱ្យចេញពីកត្តាគំរាមកំហែងដោយវិធីណាបាន។ ក្នុងអាជីវកម្មជាក់ស្ដែង មានបញ្ហារាប់រយ ដែលត្រូវដោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មអាចបោះជំហ៊ានទៅមុខ។ ប៉ុន្តែ រឿងមួយគឺថា បញ្ហានោះបណ្ដាលមកពីអ្វីឱ្យពិតប្រាកដ? មកពីយើងមិនទាន់កំណត់ចំណុចខ្លាំងរបស់ខ្លួនមិនទាន់បានឬ មួយយ៉ាងណា?
នេះជាឧទាហរណ៍មួយចំនួនអំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងកត្តាគំរាមកំហែងខ្លឹមសារលម្អិតនៃចំណុចនីមួយៗ៖ ចំណុចខ្លាំង និងចំណុចខ្សោយគឺស្ថិតនៅក្នុងចង្កោមនៃកត្តាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ មានន័យថា ក្រុមហ៊ុនមានចំណុចខ្លាំង ឬខ្សោយដែល ចំណុចទាំងពីរនេះ គឺកើតឡើងពីក្រុមហ៊ុនខ្លួនឯង។
ចំណុចខ្លាំង (strength)៖ គឺជាចំណុចលេចធ្លោរបស់ក្រុមហ៊ុនបើធៀបនឹងគូប្រកួតប្រជែង។ ចំណុចលេចធ្លោនេះ គឺមានន័យថា ជាចំណុចពិសេសដែលខ្លួនមាន និងខ្លាំងជាងគូប្រកួត។ ឧទាហរណ៍ យើងមានផលិតផលមានគុណភាពខ្ពស់ជាងគូប្រកួត កេរ្តិ៍ឈ្មោះក្រុមហ៊ុនល្បីរន្ទឺ វេចខ្ចប់ទាក់ទាញជាង អតិថិជនមានការស្មោះស្ម័គ្រច្រើន មានបច្ចេកវិទ្យាទំនើបខុសពីគេ មានធនធានមនុស្សពូកែៗច្រើន មានប្រព័ន្ធផ្សព្វផ្សាយខ្លាំង និងធនធានច្រើនជាដើម។ ម្ចាស់អាជីវកម្មត្រូវតែដឹងពីចំណុចនេះ ព្រោះថា ដើម្បីដឹងថាខ្លួនឯងនៅត្រង់កន្លែងណា ហើយគូប្រកួតនៅកន្លែងណា?
ចំណុចខ្សោយ (weakness)៖ នេះជាកត្តាដែលរារាំង ឬរាំងស្ទះដល់ដំណើរការលូតលាស់របស់ក្រុមហ៊ុន ហើយក៏ជាចំណុចចាញ់ប្រៀបគូប្រកួតដែរ។ ចំណុចខ្សោយដែលក្រុមហ៊ុនមានគឺត្រូវតែកម្ចាត់ចោល ឬកែប្រែឱ្យប្រសើរឱ្យបាន បើមិនដូច្នោះទេ អាជីវកម្មរបស់យើងនឹងកាន់តែចាញ់គូប្រកួត បាត់បង់ទីផ្សារកាន់តែច្រើន ឬឈានដល់ចំណុចក្ស័យធនក៏ថាបានប្រសិនបើចំណុចខ្សោយរបស់ក្រុមហ៊ុនមានលក្ខណៈធ្ងន់ធ្ងរ។ បញ្ហាទាំងអស់នោះមានដូចជា ខ្វះធនធានហិរញ្ញវត្ថុ ខ្វះធនធានមនុស្សពូកែៗ ខ្វះដៃគូផ្គត់ផ្គង់ ខ្វះដៃគូចែកចាយ ម៉ាកយីហោមិនទាន់ល្បី បំណុលច្រើន លនិងល។ ក្នុងនាមជាម្ចាស់អាជីវកម្ម យើងត្រូវដឹងឱ្យច្បាស់នូវចំណុចខ្សោយទាំងឡាយ ដែលបន្ទច់បង្អាក់ដល់ដំណើរលូតលាស់របស់ក្រុមហ៊ុន។ ឱកាស និងកត្តាគំរាមកំហែង គឺស្ថិតនៅក្នុងចង្កោមនៃកត្តាខាងក្រៅរបស់ក្រុមហ៊ុន។ មានន័យថា ក្រុមហ៊ុនមិនអាចគ្រប់គ្រងកត្តាទាំងពីរនេះបាននោះទេ។
ឱកាស៖ គឺជាកត្តាខាងក្រៅមួយដែលអាចផ្ដល់ការអនុគ្រោះ ឬជួយធ្វើឱ្យក្រុមហ៊ុនកាន់តែមានឧត្ដមភាពប្រកួតប្រជែង (competitive advantage)។ ឱកាសនេះជួនកាលមិនមែនផ្ដល់ផលចំណេញដល់តែក្រុមហ៊ុនយើងតែមួយប៉ុណ្ណោះទេ ប៉ុន្តែគូប្រកួតក៏អាចទទួលបានដូចគ្នាដែរ។ ឧទាហរណ៍ យើងរកស៊ីផ្នែកលក់ទំនិញតាមអនឡាញ ចំនួនអ្នកប្រើអ៊ីនធឺណិតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះក៏ជាឱកាសដែរ ប៉ុន្តែ គូប្រកួតរបស់យើងក៏ទទួលផលពីកំណើនអ្នកប្រើប្រាស់អ៊ីនធឺណិតដូចគ្នាដែរ។ ឱកាសអាចពាក់ព័ន្ធនឹងបទបញ្ញត្តរបស់រដ្ឋាភិបាល ដូចជារដ្ឋាភិបាលលើកលែងពន្ធលើឧបករណ៍បម្រើឱ្យវិស័យកសិកម្មជាដើម។ ឱកាស ក៏អាចពាក់ព័ន្ធនឹងកត្តាបច្ចេកវិទ្យាផងដែរ។ កត្តា
ការគំរាមកំហែង៖ គឺជាកត្តាខាងក្រៅមួយទៀតដែលក្រុមហ៊ុនមិនអាចគ្រប់គ្រងបាន។ កត្តាខាងក្រៅអាចពាក់ព័ន្ធនឹងបទបញ្ញត្តិរបស់រដ្ឋាភិបាល គ្រោះធម្មជាតិ កត្តាថ្លៃដើមឡើងថ្លៃ ការប្រកួតប្រជែងកើនឡើង និងកត្តាផ្សេងៗទៀត។ ដើម្បីទប់ស្កាត់កត្តាគំរាមកំហែង ក្រុមហ៊ុនត្រូវតែមានធ្វើការវិភាគហានិភ័យ (risks) ឱ្យបានច្បាស់លាស់។ មួយទៀតនោះ ដើម្បីទប់ស្កាត់កត្តាមួយចំនួនបាន ក្រុមហ៊ុនត្រូវមានផែនការត្រៀមដែលគេហៅថា (contingency plan)។ សាកគិតបន្តិចទៅមើល ទៅលើអាជីវកម្មរបស់អ្នក ថាតើមានចំណុចខ្លាំង ខ្សោយ ឱកាស និងកត្តាគំរាមកំហែងអ្វីខ្លះ៕
ដោយ៖ សុភារិទ្ធ