អបអរសាទរ! ស្រ្ដី​កម្ពុជា​ទទួល​បាន​ពានរង្វាន់​សហគ្រិនស្រ្តីឆ្នើម​ប្រចាំ​តំបន់អាស៊ាន​



នៅរសៀល ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០១៩ មាន​ការរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​ឡើង​ដោយ សមាគម​សហគ្រិនស្រី្ដ​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​ លោកឧញ៉ា ស្រ៊ាត​ មុំសុភា ដែល​ជា​ជន​បង្គោល​តំណាង​ឱ្យ​បណ្តាញ​សហគ្រិនស្រ្ដី​ប្រចាំ​តំបន់​អាស៊ាន និង​ជា​អនុប្រធាន​នៃ​សមាគម​សហគ្រិន​ស្រ្តីកម្ពុជា ។

ក្នុង​សន្និសីទ​នោះ​ផងដែរ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​វាគ្មិន​សហគ្រិនស្រ្ដី​ចំនួន​៩រូប និង​សមាជិក​សហគ្រិន, ភ្ញៀវកិត្តិយស និង​បណ្តាញ​សារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ចូលរួម។

បេក្ខជន​ជ័យលាភី​ទាំង​៩​រូប ដែល​នឹង​ទទួល​ពាន​រង្វាន់​មាន​ដូច​ជា លោកស្រី សន សុទ្ធី នៃ​ក្រុមហ៊ុន (Mong Khun Group Co.Ltd), អេលីដា គីមស្រ៊ុន (Camcona Trading- Cambodia Co., Ltd), ហ៊ាង សុខ (MSK Travel Co., Ltd), តាំង ជីងជា (PSC Computer Center), វ៉ា សុជិន (Best Life Product C., Ltd), គៀត អភិវឌ្ឈន៍ (Hybrid Advertising Co., Ltd), ពិន នេត្រា (Cam-Jade Asia C., Ltd), ប៉ ជូ (First- Class Solution), និង សុខចិន្តា (Angkor Data Communication Co.,Ltd)។

វាគ្មិន​កិត្តិយស​បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ពី​កិច្ចការ​ជួយ​ដល់​សង្គម សកម្មភាព​ក្នុងវិស័យជំនួញ​ផ្សេងៗ ជាពិសេស​បាន​ណែនាំ​ពី​វិធីសាស្រ្ដ​ធ្វើយ៉ាងណា​ដើម្បី​ក្លាយខ្លួន​ជា​សមាជិក​និង​ជា​សហគ្រិន​នៅ​ក្នុង​សមាគម​សហគ្រិន​ស្រ្ដីកម្ពុជា។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហគ្រិនស្រ្ដី​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ដើម្បី​ចូលរួម​សន្និសីទ​ស្រ្តី​ពាណិជ្ជកម្ម​តំបន់​អាស៊ាន និង​ពិធី​ទទួល​រង្វាន់​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែមិថុនា​នេះ ក្រោម​ប្រធាន​បទ សាកលភាវូបនីយកម្ម ៤.០ និង​ការលើកកម្ពស់​ការផ្តល់​សិទ្ធិអំណាច​សេដ្ឋកិច្ច​ដល់​ស្រ្តី​តាម​រយៈ​សកម្មភាព និង​ផលប៉ះពាល់​នានា។

គួររំលឹក​ផង​ដែរ​ថា នេះ​ជា​លើក​ទី៦​ហើយ​ដែល​សមាគមសហគ្រិនស្រ្តីកម្ពុជា​បាន​ចូលរួម​ក្នុង​បណ្តាញ​សហគ្រិន​ស្រ្តី​ប្រចាំតំបន់​អាស៊ាន ដោយ​មានការ​ចូលរួម​ជាមួយ​បណ្ដា​ក្រុមហ៊ុនធំៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ទាំង​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា សមាគមសហគ្រិនស្រ្ដីកម្ពុជា​កំពុង​តែ​រីក​លូតលាស់​ ដែល​មាន​ស្រ្ដី​វៃឆ្លាត​ក្នុង​វិស័យ​ជំនួញ​និង​អភិវឌ្ឍន៍​សង្គម​ជា​ច្រើន​នាក់៕

អត្ថបទដោយ៖ ថា ស្រីដែន